និស្សិតមួយក្រុមឈឺឆ្អាល រឿងរ៉ាវស្នេហារបស់លោក កឹម សុខា
អាចជាសម្ពាធមួយទៀតហើយទៅលើលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដោយនៅរសៀលថ្ងៃទី៤មីនានេះ ក្រុមយុវជន និស្សិត ប្រមាណ៥០ នាក់ បាននាំគ្នាទៅ បាតុកម្ម ស្រែក និង ដាក់ញាត្តិមុខស្នាក់ការបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ទាមទារ អោយលោក កឹម សុខា ចេញមុខឆ្លើយបំភ្លឺនូវខ្សែអាត់សំឡេង ទាក់ទិននឹងរឿងស្នេហាលួចលាក់ ដើម្បីស្វែងរកការពិត។
ក្រុមនិស្សិដែលទៅតវ៉ានោះ បាន ពាក់ម៉ាស់ ហើយអះអាងថា ជាក្រុមយុវជន និងនិស្សិតមកពីសកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។
លោក ប៉េង ភីរេង ដែលជាតំណាងក្រុមយុវជនទាំងនោះ បានបញ្ជាក់នៅក្នុងញត្តិនោះថា អត្ថន័យខ្សែអាត់សំឡេងអសីលធម៌នោះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់ និងវប្បធម៌ប្រពៃណី ហើយជាគំរូអាក្រក់ដល់យុវជនជំនាន់ក្រោយ។
ការចេញមុខរបស់ក្រុមយុវជនមួយក្រុមនេះ គឺបន្ទាប់ពីកញ្ញា ធីសុវណ្ណថា ប្តឹងទៅតុលាការ ពាក់ព័ន្ធនៃសារសម្លេងបរិហាកេរ្តិ៍លើរូបនាង នៅក្នុងសម្លេងសាសងរវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនារីម្នាក់។
យោងតាមមាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់១សែនរៀលទៅ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។
សូមបញ្ជាក់ថាលោក កឹម សុខា ក៏ធ្លាប់មានបទពិសោធន៍ដូចគ្នានេះ កាលពីឆ្នាំ២០១៣ គឺសំឡេងរបស់លោក ត្រូវបានគេផ្សព្វផ្សាយ ដោយមានខ្លឹមសាថា គុកទួលស្លែងគ្រាន់តែជាកន្លែងសិប្បនិម្មិត។
ពេលនោះ ក៏មានការតវ៉ាជាបន្តបន្ទាប់ពីសំណាក់យុវជន និស្សិត ទាមទាអោយលោកកឹម សុខា អុជធូបសុំទោសនៅសារមន្ទី ទួលស្លែង។
លោកកឹម សុខា នៅថ្ងៃទី៣ម្សិលមិញនេះ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ ត្រូវបន្តរក្សាគោលជំហររបស់ខ្លួន និង កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!