លោក តឹក វណ្ណារ៉ា៖ វិស័យកសិកម្មនៅប្រទេសកម្ពុជា នៅមានបញ្ហាប្រឈមធំៗសំខាន់ៗ មួយចំនួនដែលត្រូវដោះស្រាយ
លោក តឹក វណ្ណារ៉ា ថាវិស័យកសិកម្ម កម្ពុជានៅមានបញ្ហាប្រឈមដែលទាមទារឲ្យរដ្ឋាភិបាលត្រូវដោះស្រាយ។ ខណៈដែលមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាវិធានការរបស់រដ្ឋាភិបាលគឺដោះស្រាយជាកញ្ចប់ៗ និងគ្រប់ជ្រុងជ្រោយ។ សំឡេង៖
នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាបាលស្តីពីកម្ពុជា ថាវិស័យកសិកម្មនៅប្រទេសកម្ពុជា នៅមានបញ្ហាប្រឈមធំៗសំខាន់ៗ មួយចំនួនដែលរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ដោះស្រាយ។ និងថាដើម្បីអោយផលិតផលកសិកម្មកម្ពុជាអាចប្រកួតប្រជែញនៅក្នុងទីផ្សារអន្តរជាតិបាន លុះត្រាតែរដ្ឋាភិបាលត្រូវគិតគួពីបញ្ហាវត្ថុធាតុដើម របស់ប្រជាពលរដ្ឋ បើពុំនោះទេប្រជាពលរដ្ឋនៅតែប្រឈមនឹងការបោះបង់ការងារស្រែចំការ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាបាលស្តីពីកម្ពុជាថ្លែងក្នុងពីធី វេទិការកសិករថ្នាក់ជាតិលើកទី៦ នៅព្រឹកថ្ងៃទី ៩ខែមីនា នៅសណ្ឋាគារ អ៊ីមភឺរៀល រាជធានីភ្នំពេញ ថាបញ្ហាចំបងដែលប្រជាកសិករកំពុងជួបប្រទះ គឺបញ្ហាខ្វះទឹកធ្វើកសិកម្ម និងខ្វះដើមទុន ជាពិសេសបញ្ហាសម្ភារ ធ្វើកសិកម្ម។ លោកបន្ថែមថារដ្ឋាភិបាលគួតែគិតគួអោយបានលំអិតពាក់ព័ន្ធពន្ធនាំចូលសម្ភារកសិកម្ម និងសំរួលដល់អត្រាការប្រាក់ កុំអោយខ្ពស់ពេក រាល់គ្រឹះស្ថានមីក្រូហិវត្ថុទាំងឡាយ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម។
កញ្ញា ដេម ស្រីលីន ជាអនុប្រធានសហគមន៍កសិករ ចំរើនផលរាំងពីសី មកពីខេត្តបាត់តំបងបានត្អូញត្អែរ អំពីបញ្ហាប្រឈមក្នុងវិស័យកសិកម្មក្នុងសហគមន៍របស់ខ្លួន និងបញ្ជាក់ថា បញ្ហាប្រឈមដែលកើតឡើងក្នុងវិស័យកសិកម្មគឺជំរុញអោយកសិករឈប់ធ្វើស្រែហើយ នាំគ្នាចំណាកស្រុក។ កញ្ញាទាមទារអោយរដ្ឋាភិបាលដោះស្រាយបញ្ហា អត្រាការប្រាក់ខ្ពស់របស់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងឡាយអោយនៅកំរិតទាប ដែលធ្វើអោយកសិករមានដើមទុនគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម។
ឆ្លើយតបទៅនឹងសំនួររបស់អ្នក សារព័ត៏មានដែលថា រដ្ឋាភិបាលនឹងមានវិធានការបែបណាចំពោះបញ្ហាខ្វះទុន ទឹក និងទីផ្សារលោក ទី សុគន្ធ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចូលរូមក្នុងវេទិការនាព្រឹកនេះ ថារដ្ឋាភិបាលអភិវឌ្ឍន៍មិនសំដៅទៅលើតែចំនុចទាំងបីនេះទេ គឺវិធានការរបស់រដ្ឋាភិបាលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ។
តើតាមរបាយការណ៍របស់ វេទិការនាថ្ងៃនេះបានអោយដឹងថា វិស័យកសិកម្មបានបង្កើន ផលិតផលក្នុងស្រុកសរុប ៣២ % និងបានផ្តល់ការងារប្រហែល ៨០% នៃកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា ដែលគ្របដណ្តប់ដោយកសិករខ្នាតតូច។ គួបញ្ជាក់ថាវេទិការកសិករថ្នាក់ជាតិលើកទី ៦ នេះរៀបចំឡើងដើម្បីកំណត់បញ្ហាសំខាន់ៗ ការចែករំលែកបទពីសោធន៍ និងចំណេះដឹង និងការកំណត់រកនូវអនុសាសន៍ដើម្បីស្វែងរកការអន្តរាគមន៍ឲ្យបានត្រឹមត្រូវ និងសមស្រប ដែលមានការចូលរួមពីមន្ត្រី អង្គការពាក់ព័ន្ធ រួមទាំងកសិករមកពីតាមតំបន់ចំនួនប្រាំ មានតំបនទន្លេមេគង្គ តំបន់ខាងជើងនិងខាងត្បួងទន្លេសាប តំបន់ទំនាប និងតំបន់មាត់សមុទ្រ៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!