រដ្ឋសភា នយោជក និងសង្គមស៊ីវិលខ្វែងគំនិតគ្នាលើសេចក្តីព្រាងច្បាប់សហជីព
នៅព្រឹកថ្ងៃពុធទី ៩ មីនា នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសិក្ខាសាលាមួយ លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព នៅវិមានរដ្ឋសភា ដែលមានភាគីពាក់ព័ន្ធចូលរួម ។ នៅក្នុងសេចក្តីព្រាងនោះ ទាំងរដ្ឋាភិ បាល ទាំងតំណាងរាស្ត្រជាប់ឆ្នោតទាំងពីរ សហជីព និងនិយោជក នៅមានភាពខ្វែងគំនិតគ្នា ដោ យអ្នកខ្លះថា ច្បាប់នេះ គឺបានតាក់តែងឡើង ត្រឹមត្រូវ ស្រប់តាមបទដ្ឋានគតិយុត្តិច្បាប់ និង ខ្លះទៀត ថា ច្បាប់នេះ ហាក់បិទសិទ្ធិសេរីភាពកម្មករ។ Sound៖
សេចក្តីព្រាងច្បាប់ សហជីព ទាំង ១៧ ជំពូក និង១០០ មាត្រា ត្រូវបានលើកយកមកពិភាក្សា នៅព្រឹកនេះ ហាក់នៅមានចំណុចខ្វែងគំនិត និងការមិនពេញចិត្ត នូវមាត្រាមួយចំនួន ដែលក្នុងនោះ ទាំងសហជីព និងនិយោជក ស្នើឲ្យមានការកែប្រែនូវចំណុចមួយចំនួន។
ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ នៅមានមាត្រាមួយចំនួន មានការជ្រោមជ្រែកមកលើសហជីព ដែលច្បាប់រដ្ឋធម្មនុញ្ញបានចែងថា ជាអង្គការឯករាជ្យ និងមួយចំនួនទៀត ហាក់មានការបិទសិទ្ធិសេរីភាពរបស់កម្មករសហជីព ក្នុងការបង្កើតសហជីព និងការធ្វើកូដកម្ម បាតុកម្មកនានា។ លោក អាត់ ធន់ ស្នើឲ្យមានការកែប្រែជាង១០ ចំណុច ក្នុងមាត្រា ១៧ ២២ ២៤ ៣០ ៦៧ និងមាត្រា ៩៥ជាដើម។
ដោយឡែកលោក ណាំង សុធី តំណាងសមគមន៍និយោជក បានស្នើឲ្យធ្វើការកែប្រែជិត ១០ ចំណុច ក្នុងនោះ មានមាត្រា ១០ ១៣ ១៧ ១៩ ២០ ៥៨ និង ៧៧ ដែលភាគីនិយោគជក ស្នើឲ្យធ្វើការបកស្រាយ ពិចារណា ឲ្យបានច្បាស់លាស់។
ស្របពេលដែលសេចក្តីព្រាងច្បាប់នេះ នៅមានចំណុចខ្វែងគំនិតគ្នាត្រង់មាត្រាមួយចំនួន ទាំងប្រធានរដ្ឋសភា ទាំងអគ្គលេខាធិការដ្ឋានរដ្ឋសភា ទាំងតំណាងរដ្ឋាភិបាល និងទាំងប្រធានក្រុមការងារចំពោះកិច្ច បានលើកឡើងថា ច្បាប់នេះ មានលក្ខណៈល្អប្រសើរជាងប្រទេសមួយចំនួន និងបង្កើតឡើងស្របតាមច្បាប់ បទដ្ឋានគតិយុត្តនានា។ ក្នុងនោះលោក ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍អំពាវនាវ និងលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធ និងអ្នកតាក់តែងច្បាប់នេះ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត ចំពោះមតិយោបល់ និងសំណូមពរនានា ដើម្បីយកមកពិចារណា ធ្វើយ៉ាងណាឲ្យច្បាប់នេះ ចេញមកត្រឹមត្រូវ ហើយ អាចទទួល យកបានទាំងអស់គ្នា។
សូមជំរាប់ថា ខណៈពេលដែលសិក្ខាសាលាកំពុងតែដំណើរការ នៅខាងមុខរដ្ឋសភាឯណោះវិញ ក៏មានកម្មករប្រមាណជិត ១០០ នាក់ បានប្រមូលផ្តុំគ្នា លើកបដាទាមទារ ក្នុងគោលបំណងស្នើឲ្យរដ្ឋសភា និងក្រុមការងារចំពោះកិច្ច ដែលទទួលបន្ទុកពិនិត្យ កែប្រែលើសេចក្តីព្រាងច្បាប់សហជីពនេះ ធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងកែប្រែតាមសំណើរ ១៧ ចំណុច ដែលពួកគេចង់បាន៕
ដោយ ឡុង គីមម៉ារីតា Email: longkimmarita@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!