ប្រជាពលរដ្ឋខ្មែរ រស់នៅស្រុកបារាំង ស្នើអោយលោកសម រង្សី សុំទោសជាសាធារណៈ ពាក់ព័ន្ធចំនួន Like ហ្វេសប៊ុក របស់ប្រមុខរដ្ឋាភិបាលកម្ពុជា
សំឡេង៖
នៅថ្ងៃទី ១១ មីនា នេះ ប្រជាពលរដ្ឋខ្មែរ រស់នៅស្រុកបារាំង បានចេញសេចក្ដីថ្លែងការណ៍ ទាមទារឲ្យលោកសម រង្ស៊ីប្រធានគណបក្ស សង្រ្គោះជាតិ ចេញមុខសុំទោស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសាធារណៈ ជុំវិញការចោទប្រកាន់ ថាចំនួនចុចLike លើទំព័រFacebook លោកហ៊ុន សែន បាន មកពីការប្រើទឹកលុយទិញ។
លោកសាត វិច្ឆិកា តំណាងប្រជាពលរដ្ឋ រស់នៅប្រទេសបារាំង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា លោក សម រង្ស៊ីមេបក្សប្រឆាំង កាលពីថ្ងៃទី៩ ខែមីនា បានសរសេរថា រកឃើញពីចំនួនLikeក្លែងក្លាយ លើកទំព័រFacebook របស់លោកហ៊ុន សែន ហើយក្នុងនោះលោក សម រង្ស៊ី ក៏បានប្រើពាក្យ ខ្វះការយល់ដឹង គ្មានសីលធម៌ ប្រមាថមាក់ ងាយ ចំពោះប្រជាពលរដ្ឋខ្មែរ មន្រ្តីរាជការស៊ីវិល ប៉ូលីស ទាហាន ដែលចូលចិត្តLike ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ដោយបានសរសេរថា បានមកពីការទិញ ជួល មនុស្សក្រីក្រ អត់ការងារធ្វើ សិប្បនិម្មិត ក្លែងបន្លំ។
សេចក្តីថ្លែងការណ៍ដដែលនោះ បានចាត់ទុកការសរសេររបស់លោកសម រង្សី ថា ជាការខ្វះភាពថ្លៃថ្នូរ គ្មានការទទួលខុសត្រូវ និងប្រមាថលើប្រជាពលរដ្ឋដែលគាំទ្រលោកនាយករដ្ឋមន្ត្រី។ តំណាងប្រជាពលរដ្ឋ រស់នៅប្រទេសបារាំង បានថ្កោលទោសដោយសារតែលើកឡើងបែបនេះ និងទាមទារអោយលោកសម រង្សី ចេញមុខសំទោសជាសាធារណៈ។
លោកសម រង្សី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មានធ្លាយព័ត៌មានមួយ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ ស្តីអំពី Likes (មតិចូលចិត្ត) ក្លែងក្លាយ លើទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ Likes មួយចំនួនធំ ដែលបង្ហាញលើទំព័រនេះ គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត accounts (គណនី) Facebook ក្លែងក្លាយ ដើម្បីផ្តល់ Likes សិប្បនិម្មិត ក្លែងបន្លំ ជូនសម្តេច។ លោកសម រង្សី សរសេរបន្តថា អ្នកដែលគេជួលឲ្យធ្វើបែបនេះ មានចំនួនច្រើនជាងគេ នៅប្រទេសឥណ្ឌា និង ប្រទេស ហ្វីលីពីន។
ការលើកឡើងរបស់លោក សម រង្សី បែបនេះ ក៏ត្រូវបាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺលោក សោម សឿន នៅថ្ងៃទី១០មីនា ប្តឹងពីបទក្លែងលិខិតរបស់លោកនៅលើ Facebook ដោយស្នើឲ្យតុលាការផ្តន្ទាទោសទៅតាមច្បាប់និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។
សូមបញ្ជាក់ថា ការពីថ្ងៃទី៩មីនា កាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ បានបោះពុម្ភផ្សាយថា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអ្នកគាំទ្រលើសបីលាននាក់នៅលើហ្វេសប៊ុក ភាពត្រឹមត្រូវអំពីការកើនឡើងយ៉ាងលឿននេះត្រូវបានចោទជាសំណួរដោយទិន្នន័យដែលបង្ហាញថាជាងពាក់កណ្តាលនៃចំនួន likes ដែលមាននៅលើទំព័រហ្វេសប៊ុករបស់លោកក្នុងរយៈពេលមួយខែនេះបានមកពីបរទេស ដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រេស៊ីល មិកស៊ិក តួកគី អេមីរ៉េតអារ៉ាបរួម រួមទាំងចំនួនយ៉ាងច្រើនពីឥណ្ឌា និងហ្វីលីពីន។ នេះបើផ្នែកលើ ទិន្នន័យដែលប្រមូលដោយគេហទំព័រវិភាគមួយឈ្មោះ socialbakers.com៕
ដោយ វ៉ន សុខាន់
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!