បទវិភាគ៖ ហេតុអ្វីសម្តេច សម្រេចរុះរើ គណៈរដ្ឋមន្ត្រី ទាំងកណ្តាលទី
ទំនងជាសម្តេចនាយករដ្ឋមន្រ្តី មិនចង់អោយសំឡេងរបស់ខ្លួនកាន់តែធ្លាក់ជាងអណត្តិមុន ទើបលោកសម្រេចចិត្ត រុះរើគណៈរដ្ឋមន្រ្តី ដកមន្រ្តីអសកម្ម និងចាស់ជរា រួមទាំងអភិបាលខេត្តចាស់ៗមួយចំនួនចេញ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋខែ្មរ ដែលចង់ឲ្យកំណែទម្រង់ល្អ នៅក្នុងជួររដ្ឋាភិបាល ដើម្បីជាតិជាធំ មិនដើម្បីបក្សពួក ខ្សែស្រឡាយនោះឡើយ។
ព័ត៌មានពិស្តារ៖
ការផ្លាស់ប្តូរ និងរុះរើគណៈរដ្ឋមន្រ្តីនេះ មិនមានអ្វីដែលត្រូវប្លែកអារម្មនោះទេ ដោយសារតែ បុរសខ្លាំង លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់បានប្រកាសរួចមកហើយ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយស្ថានការបែបនេះ ក៏កើតឡើងតាមសម្តីរបស់បុរសខ្លាំងរូបនេះពិតប្រាកដមែន ដោយរង់ចាំតែ ព្រះរាជ្យក្រឹត្យធ្លាក់មកតែប៉ុណ្ណោះ។ ហើយតាមពិតទៅ មូលហេតុចម្បងបំផុតនោះ លោកក៏បានថា មកពីរដ្ឋមន្រ្តីមួយចំនួន បានលង់លក់នឹងអំណាច ទឹកប្រាក់ យសសក្តិ និងលាភសក្ការៈ រហូតមិនធ្វើការងារដែលខ្លួនកំពុងតែធ្វើ ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យន័រតុន នៅកោះពេជ្រនៅថ្ងៃទី ១៧ មីនានេះ សម្តេច ហ៊ុន សែន លើកឡើងថា រដ្ឋមន្រ្តី ដែលនិងត្រូវផ្លាស់ប្តូរ មានប្រមាណ ៨រូប និង ដាក់អភិបាលខេត្តចំនួន ៤ អោយចូលនិវត្តន៍ផងដែរ ក្នុងនោះមានខេត្តកំពង់ស្ពឺ ស្វាយរៀង កំពត និងខេត្តបន្ទាយមានជ័យ តែយ៉ាងណាលោក ក៏មិនបានបង្ហើប ថាតើរដ្ឋមន្រ្តីណានឹងត្រូវផ្លាស់ប្តូរនោះទេ ហើយអ្នកណានិងឡើងមកជំនួសតំណែង ឬផ្លាស់ទៅ ដឹកនាំក្រសួងណាមួយនោះដែរ។
មានរដ្ឋមន្រ្តីមួយចំនួនបាន ដាក់ពាក្យសុំលាឈប់ពីតំណែង នេះប្រហែលជាមិនចង់អោយខ្មាស់គេទាន់ ដោយដឹងថាខ្លួន និងត្រូវគេដកចេញពីតំណែងដោយសារតែភាពអសកម្មរបស់ខ្លួន តែវិធីសាស្រ្តលាឈប់មិន គេដកនេះ ក៏ជាវិធីសាស្រ្តល្អមួយផងដែរ ដើម្បីកុំអោយមើលមុខអស់លោករដ្ឋមន្រ្តីឯទៀតមិនបាន។
ចំណែកឯកាផ្លាស់ប្តូរ អភិបាលខេត្តវិញនោះ គឺប្រហែលដោយសារតែ អភិបាលខេត្តមួយចំនួនទាំងនោះ បង្កបញ្ហាជាមួយរាស្រ្ត និងបានឃុបឃិតជាមួយអ្នកមានអំណាច រំលោភយកដីធ្លីរាស្រ្ត និងការមិនអើពើរក្នុងការអភិវឌ្ឍនមូលដ្ឋានរបស់ខ្លួនជាដើម ព្រមទាំងមូលហេតុចំបងគឺបញ្ហាអាយុ និងសុខភាពជាដើម។
នាយករដ្ឋមន្រ្តីរូបនេះថា ដំណើរនៃការរុះរើគណៈរដ្ឋមន្រ្តីនេះ មិនមែនមានបំណងកម្ចាត់មន្រ្តីស្ពឹកស្រពន់ទាំងនោះចោលនោះទេ តែការដែលធ្វើបែបនេះ ក៏ដោយសារតែ ចង់កែសម្រួលដំណើរការងារអោយរលូនជាងមុន និងពង្រឹងប្រសិទ្ធិភាពការងារ។
លទ្ធផលការបោះឆ្នោតឆ្នាំ២០០៨ គណបក្សប្រជាជនទទួលបាន៩០អាសនៈ តែបែជាស្រុតចុះនៅពេលបោះឆ្នោតឆ្នាំ២០១៣ ដែលទទួលបានត្រឹមតែ៦៨អាសនៈ នៅក្នុងរដ្ឋសភា។ ស្រុតចុះប្រជាប្រិយនេះ ដោយសាមន្ត្រីអសកម្មរបស់រដ្ឋាភិបាល មិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លី បញ្ហាប្រាក់ខែកម្មករ បញ្ហាបំផ្លាញទ្រព្យសម្បតិ្តបរិស្ថាន និងធម្មជាតិ ក៏ដូចជាបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ជាដើម។ មន្ត្រីដែលយកគ្រាប់ល្ពៅស្ងោរឆ្អិន ទៅដាំ ហើយដុះបានផលច្រើនរទេះនោះ រាយការណ៍កុហក់ទៅរដ្ឋាភិបាល ដែលធ្វើបញ្ហាមិនត្រូវបានដោះស្រាយ ហើយប្រជាប្រិយភាពលោកនាយករដ្ឋមន្ត្រី ក៏ស្រុតចុះទៅតាមនោះ។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន សែន ថាលោកកំពុងពិចារណារុះរើគណៈរដ្ឋមន្រ្តីនៅឆ្នាំនេះ បន្ទាប់ពីលោកសង្កេត និងពិនិត្យឃើញថា មានរដ្ឋមន្រ្តីមួយចំនួនហាក់ស្ពឹកស្រពន់ ស្ទក់ស្ទេញ លង់លក់ដំណេកយូរជាដើម។ លោកបន្តថា លោកនឹងមិនអាចយោគយល់ ឬចាំស្លាប់ជាមួយមន្រ្តីស្ពឹកស្រពន់ទាំងអស់នោះឡើយ ហើយថាដល់ពេលហើយ ដែលកម្ពុជាធ្វើកំណែទម្រង់ ងូតទឹក ឆ្លុះកញ្ចក់ និងដុះក្អែលនោះ។
តាំងពី លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចេះលេង និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុកមក បញ្ហាមួយចំនួន ត្រូវបានដោះស្រាយ និងបានសំពងកូនចៅមន្រ្តីខិលខូចមួយចំនួនរបស់សម្តេចផងដែរ។ ជាការកត់សម្គាល់ ក្នុងរយៈពេលជាង ២ឆ្នាំ នៃដំណើរការរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី នាយករដ្ឋមន្រ្តីដែលដឹកនាំប្រទេសយូរជាងគេនៅ ក្នុងតំបន់ រូបនេះ បានដាស់តឿនមន្រ្តីរបស់ខ្លួនជារឿយៗ ពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងបង្កើនសមិទ្ធផលថ្មីសម្រាប់ប្រជាពលរដ្ឋ និង ប្រទេសជាតិ តែភាពព្រងើយកន្តើយ មិនយកចិត្តទុកដាក់ របស់អស់លោកមួយចំនួននោះ នៅតែកើតមានដដែល ដែលជាហេតុនាំអោយមានការមិនសប្បាយចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងមន្រ្តីក្រោមបង្គាប់។
សង្គមស៊ីវិល មានចម្ងល់ថា តើការប្រកាសរុះរើគណៈរដ្ឋមន្រ្តីរបស់ លោកនាយករដ្ឋមន្រ្តីនេះ ជាការព្រមាន និងក្រើនរំលឹកដល់រដ្ឋមន្រ្តីឯទៀតអោយប្រឹងប្រែងធ្វើការងារ ឬក៏ដើម្បីតែ ទាក់ទាញការចាប់អារម្មគាំទ្រ បន្ទាប់ពីការធ្លាក់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាកន្លងទៅ តែប៉ុណ្ណោះឬយ៉ាងណា?
ពិតណាស់ ការដែលសម្តេចធ្វើបែបនេះ មកពីលោកដឹងខ្លួនឯងយ៉ាងច្បាស់ថា មូលហេតុចម្បងដែល អណត្តិ ទី៥ គណបក្សប្រជាជនធ្លាក់សន្លឹកឆ្នោតដោយសារអ្វី ហើយទង្វើរបស់កូនចៅរបស់លោក រហូតមកទល់បច្ចុប្បន្ននេះ ក៏រឹតតែធ្វើអោយគណបក្សប្រជាជនកាន់តែធ្លាក់សំឡេងឆ្នោត ។ ហើយទោះចង់ ឬមិនចង់ សម្តេចត្រូវបង្ខំចិត្តដុសក្អែល កូនចៅរបស់លោក និងព្រមានចាត់ការអ្នកដែលធ្វើអោយគណបក្សប្រជាជនកាន់តែធ្លាក់សន្លឹកឆ្នោត។ ភាគច្រើន តាំងពីសម្តេចមានប្រព័ន្ធហ្វេសប៊ុក នៅក្នុងដៃមក រឿងអ្វីៗដែលមន្រ្តីថ្នាក់ក្រោម លាក់បាំងភ្នែកសម្តេចនោះ ក៏ត្រូវបានបើកកកាយចេញមកតាមរយៈទុក្ខលំបាករបស់ប្រជារាស្រ្ត បញ្ហាពុករលួយ ការប្រើប្រាស់ប្រព័ន្ធតុលាការ គម្រាមកំហែងអ្នកស្លូតត្រង់ និងការប្រើប្រាស់អំណាចខុសតួនាទីជាដើម។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក សង្គមស៊ីវិល ប្រជាពលរដ្ឋ មន្រ្តីល្អមួយចំនួន បានគាំទ្រនូវចំណាត់ការបែបនេះ និងបង្ហាញនូវឆន្ទៈថា ការរុះរើគណៈរដ្ឋមន្រ្តី និងផ្លាស់ប្តូររដ្ឋមន្រ្តីស្ទក់ស្ទេញនេះ ដូចជាការឆ្កឹះដង្កូវក្នុងសាច់បោះចោល ឬហៅម្យ៉ាងទៀតថា កម្ចាត់ត្រីស្អុយចេញពីកន្ត្រក ដើម្បីស្តារមុខមាត់ឡើងវិញ។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកកែម ឡី ធ្លាប់លើកឡើងថា នេះជាដំណាក់កាលមួយដែលនាយករដ្ឋមន្រ្តី គួរតែដុសក្អែលកូនចៅរបស់ខ្លួនហើយ កុំបណ្តែតបណ្តោយអោយ អោយអស់លោកមន្រ្តីធំៗទាំងនោះ ធ្វើអ្វីស្រេចតែនឹងអំពើរចិត្ត។ លោកថា ការផ្លាស់ប្តូរនេះ គឺជាជំហ៊ានមួយដែល លោកនាយករដ្ឋមន្រ្តី ទទួលបានសម្លេងគាំទ្រមកវិញ តួយ៉ាងតាមរយៈការផ្លាស់ប្តូរមន្រ្តីអសកម្មចេញ ការដោះស្រាយបញ្ហាដីធ្លី ដែលកំពុងកើតមានឡើង ការព្រមានចាត់ការអ្នកដែលប្រើប្រាស់ប្រព័ន្ធតុលាការ គាបសង្គត់ប្រជាជនជាដើម៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!