រដ្ឋាភិបាលបង្ហាញឈ្មោះ មន្ត្រីវ័យចាស់ និងអសកម្ម ដែលត្រូវផ្លាស់ប្តូរ
លិខិតមួយច្បាប់របស់រដ្ឋាភិបាល ផ្ញើទៅ ប្រធានរដ្ឋសភា បានបង្ហាញ សមាសភាពរដ្ឋមន្រ្តីថ្មី និងសមាសភាពរដ្ឋលេខាធិការក្រសួង ដើម្បីធ្វើការរុះរើគណៈរដ្ឋមន្រ្តី ។ ក្នុងនោះ រដ្ឋមន្រ្តី ៣ រូប និងត្រូបានបញ្ចប់មុខតំណែងមុនអណត្តិ មានការផ្លាស់ប្តូរតំណែងរដ្ឋមន្រ្តី និងមានការបន្ថែមរដ្ឋមន្រ្តីថ្មីផងដែរ។ តែអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ថា ប្រសិនគ្រាន់តែជាការ ដោះដូរកៅអីគ្នា ពុំមានការបែងចែកអំណាចអោយត្រឹមត្រូវនោះទេ គឺមិនមានអ្វីល្អប្រសើរជាងពេលមុននោះទេ ។
ព័ត៌មានពិស្តារ៖
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ ស្នើអោយប្រធានរដ្ឋសភា លោកហេង សំរិន រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការកែសម្រួល ផ្លាស់ប្តូរ និងបំពេញបន្ថែម សមភាសភាព សមាជិក នៃរាជរដ្ឋាភិបាល ដើម្បីធ្វើការរុះរើ និងផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ។
នៅក្នុងសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី ១៦ ខែមីនា បានបញ្ចប់មុខងារ រដ្ឋមន្ត្រី បីរូប ក្នុងនោះរួមមាន លោក គាត ឈន់ ជាឧបនាយករដ្ឋមន្រ្តីប្រចាំការ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយរក្សាទុកមុខងារជា ឧបនាយករដ្ឋមន្រ្តីនៅដដែល និងបញ្ចប់មុខងារ លោក អ៊ឹម ឈុនលឹម ជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រដ្ឋាភិបាល ក៏បានតែងតាំង លោកប្រាក់ សុខុន ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្លាស់លោកចេញពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ហើយដាក់ លោកត្រាំ អ៊ីវតឹក មកកាន់តំណែងរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍នេះវិញ។
តែងតាំងលោកអូន ព័ន្ធមុនីរ័ត្ន ជាទេសរដ្ឋមន្ត្រី និងជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្លាស់លោក ស៊ុន ចាន់ថុលពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទៅជា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទេសរដ្ឋមន្រ្តី។ ហើយតែងតាំងលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មវិញ។
តែងតាំង លោក ជា សុផារ៉ា ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្លាស់លោកចេញពីរដ្ឋមន្រ្តីក្រសួងអភវិវឌ្ឍនជនបទ និងបានដាក់លោក អ៊ុក រ៉ាប៊ុន ជំនួសតំណែងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
តែងតាំងលោក ហ៊ីម ឆែម ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ដោយផ្លាស់លោកមិន ឃិន ទៅជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសវិញ។
តែងតាំងលោក វេង សាខុន ជារដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្លាស់ប្តូរលោក អ៊ុក រ៉ាប៊ុន ចេញអោយទៅកាន់រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទវិញ។
ក្នុងសេចក្តីស្នើសុំដដែលនោះ ក៏បានតែងតាំងរដ្ឋលេខាធិការថ្មី ចំនួន១១ ទៀតផងដែរ ក្នុងនោះរួមមាន៖
លោកឈិត សុខុន និង លោកខូយ ឃុនហ៊ួរ តែងតាំងជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី។លោកអ៊ឹម សួស្តី និងលោក ប៉ាវ ហមផាន ត្រូវបានតែងតាំងលោកជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
លោកជៀង អំ អភិបាលខេត្តស្វាយរៀងនោះ ត្រូវបានផ្លាស់ចេញ ដោយត្រូវបានតែងតាំងរូបលោក ជារដ្ឋលេខាធិការក្រសួងការពារជាតិវិញ។ លោកហាស់ សារ៉េត តែងតាំងលោកជា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកអ៊ូ សំអ៊ូន ត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ លោកផៃ ប៊ុនឈឿន តែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ លោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យត្រូវបានផ្លាស់ចេញ និងតែងតាំងរូបលោក ទៅជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមវិញ។
លោក ផែង សុវិជ្ជានោ ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ និងលោកជួន វន ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ហើយសមាសភាពសមាជិកទាំង ២៤ រូបនេះ ខាងសភា និងសម្រេចធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងខែមេសាខាងមុខនេះ ។
ទាក់ទិននិងការផ្លាស់ប្តូរនេះ សង្គមស៊ីវិលយល់ថា សេចក្តីស្នើរសុំនេះ គ្រាន់តែជាការផ្លាស់ប្តូរកៅអីគ្នាអង្គុយតែប៉ុណ្ណោះ ដោយមានរដ្ឋមន្រ្តីមួយចំនួនបានផ្លាស់ពីតំណែងរដ្ឋមន្រ្តីរបស់ខ្លួន ហើយបានទៅអង្គុយតំណែងរដ្ឋមន្រ្តីក្រសួងមួយទៀតតែប៉ុណ្ណោះ។
សម្រាប់លោក សូ ចន្ថា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានអោយដឹងថា លោកសាទរចំពោះការដែលរដ្ឋាភិបាលធ្វើបែបនេះ តែប្រសិនបើ ពុំមានការបែងចែកអំណាចពិតប្រាកដទេនោះ ដោយគ្រាន់តែដោះដូរមុខងា និងមនុស្សទៅវិញទៅមកទេនោះ លោកគិតថា វាមិនមានអ្វីប្លែកជាងពីពេលមិនទាន់ដោះដូ និងរុះរើគណៈរដ្ឋមន្ត្រីនោះទេ។
គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្រ្តី បញ្ចប់តំណែងរដ្ឋមន្រ្តី ផ្លាស់ប្តូររដ្ឋមន្រ្តីទៅវិញទៅមក និងការតែងតាំងរដ្ឋលេខាធិការបន្ថែមនេះ បន្ទាប់ពី សម្តេចហ៊ុន សែន បានព្រមានកាលពី ខែមុន និងថ្ងៃម្សិលមិញនេះថា លោកថានឹងរុះរើគណៈរដ្ឋមន្រ្តី ដោយសារតែមានរដ្ឋមន្រ្តីមួយចំនួន មិនយល់ពីការងាររបស់ខ្លួន និងស្ទក់ស្ទេញ ការងារ តែលោកថា ការរុះរើគណៈរដ្ឋមន្រ្តីនេះ មិនមានបំណង់ចង់កម្ចាត់រដ្ឋមន្រ្តីទាំងអស់នោះ នោះទេ តែដើម្បីកែសម្រួលអោយការងាររបស់អស់លោកទាំងអស់នោះ មានប្រសិទ្ធិភាពល្អឡើងវិញតែប៉ុណ្ណោះ។
ដោយលោក ញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!