សង្គមស៊ីវិលថា រឿងអាស្រូវរបស់លោក កឹម សុខា ជាល្បិចពួកអ្នកនយោបាយ ធ្វើតាមអ្នកប្រដាល់ម៉ៃថៃសាន់
សង្គមស៊ីវិលថា រឿងអាស្រូវរបស់ប្រធានស្តីទីគណបក្សសង្រ្គោះជាតិជាល្បិចពួកអ្នកនយោបាយខ្មែរ ដែលធ្វើតាមអ្នកប្រដាល់ម៉ៃថៃសាន់ ធ្វើខុស លក្ខន្តិកៈលេងខាំត្រចៀកគ្នាពេលដែលខ្លួនចាប់ផ្តើមដឹងថាមានប្រៀបទាបជាងគូប្រកួត។ Sound ៖
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបានប្រាប់វិទ្យុសំឡេងយុវជន នៅព្រឹកថ្ងៃទី ១៨ ខែមីនាថារឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាល្បែងមួយមានការរៀបចំយ៉ាងល្អ និងជាល្បិចពួកអ្នកនយោបាយខ្មែរ ដែលបានធ្វើតាមអ្នកប្រដាល់ម៉ៃថៃសាន់ ដែលបានលេងខាំត្រចៀកគ្នា នៅពេលដឹងខ្លួនឯងថាមានប្រៀបទាបជាងគូប្រគួត ខណៈដែលក្រុមនិស្សិត និងសមាគមយុវជនកំណែទម្រងរដ្ឋ នៅតែទទួចស្នើសុំ និងប្តឹងទៅស្ថាប័នពាក់ព័ន្ធដូចជា រដ្ឋសភាជាតិ រាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ ។
នៅរសៀលថ្ងៃសុក្រទី១៨មីនានេះ ក្រុមយុវជនមួយក្រុមប្រមាណ ៥០នាក់ ដែលអះអាងថាជាតំណាងអោយនិស្សិតនៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុងភ្នំពេញ គ្រោង នឹងដាក់ពាក្យប្តឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ ទិញផ្ទះ ទិញដី ជាច្រើនកន្លែងឲ្យស្រីស្នេហ៍។
លោក មាស នីថា អ្វីដែលពួកនិស្សិតធ្វើជារឿងដែលធ្វើឲ្យខូចប្រយោជន៍ជាតិ ដែលនឹងធ្វើឲ្យស្ថានការណ៍នយោបាយកាន់តែវឹកវរ ដោយមិនបានគិតពីរឿងប្រទេសជាតិជាធំទេ គឺគិតតែពីរឿងបុគ្គល និងបានត្រឹមតែធ្វើឲ្យមានអរិភាព និងទំនាស់រវាងមេដឹកនាំទាំងសងខាង ដែលអ្នកដឹកនាំមួយចំនួនបានធ្វើ ហើយថែមទាំងធ្វើវប្បធម៌សន្ទនារវាងគណបក្សសង្រ្គោះជាតិនិគណបក្សប្រជាជនរលាយទៅវិញដោយសារពួកនិសិ្សតទាំងនោះ ដែលពួកគេត្រូវតែទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្រ្ត។
លោកអះអាងថា រឿងលោក កឹម សុខា ជារឿងផ្ទាល់ខ្លួនមិនមានអ្វីដែលប៉ះពាល់ដល់ កិត្តយស និងវប្បធម៌របស់ជាតិដូចអ្វីដែលសមាគមយុវជនកំណែទម្រង់រដ្ឋបានលើកឡើងនោះទេ ដោយលោកពន្យល់ថា នេះមិនមែនជាករណីបង្ខំ ឬខុសច្បាប់ ដែលបញ្ហាមានស្រីកំណាន់អ្នកធំមួយចំនួនក៏មាន ឬអាចច្រើនជាងនេះក៏ថាបាន។
លោកបញ្ជាក់ថា អ្វីដែលអ្នកបង្កឲ្យមានរឿងខ្សែអាថ៌សំឡេងនេះកើតឡើង មានបំណងពីរ គឺធ្វើឲ្យប្រជាប្រិយរបស់គណសង្រ្គោះជាតិធ្លាក់ចុះ និងបង្កឲ្យមានទំនាស់រវាងអ្នកដឹកនាំនយោបាយ ហើយក៏នឹងអាចចោទប្រកាន់ធ្ងន់ធ្ងរទៅលើគណបក្សសង្រ្គោះជាតិ បើសិនជាគណបក្សសង្រ្គោះតបតរ និងបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗដល់ក្រុមនិស្សិតដែលតាមឆាឆៅការប្រជុំរបស់គណបក្សសង្រ្គោះជាតិកន្លងមក នោះរដ្ឋាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ដែលជាលេសមួយ ដែលធ្វើឲ្យគណសង្រ្គោះជាតិចូលទៅក្នុងអន្ទាក់ ដែលធ្វើឲ្យមានអំពើហិង្សាកើតឡើង។
សូមជម្រាបថា ស្របពេលស្ថានភាពរឿងអាស្រូវផ្លូវភេទលោក កឹម សុខា កាន់តែផ្ទុះខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ បូករួមទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងទម្លាយថា រូបភាពរបស់តួឯកប្រុសស្រី ក្នុងសំឡេងខ្សែអាថ៌បែកធ្លាយលើ Facebook មួយរយៈ ពេលកន្លងទៅនេះ ត្រូវបានខាងព្រលានយន្តហោះ និងសណ្ឋាគារនៅក្រុងបាងកក ប្រទេសថៃ មានកាមេរ៉ាថតទុក រួចស្រេចហើយ ព្រមទាំងបាន ព្រមាន កុំឲ្យអ្នកដទៃលូកដៃទៀតនោះ នៅរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការស្នើសុំទាមទារឲ្យស្ថាប័នជាតិធំៗរួមមានរដ្ឋសភាជាតិ រាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស្រាវជ្រាវជាបន្ទាន់មួយ ទៅលើករណីរឿងអាស្រូវផ្លូវភេទ លោក កឹម សុខា ដោយលើកឡើងថា ករណីរឿងអាស្រូវនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តយស និងសេចក្តីថ្លៃថ្នូរក៏ដូចជា ទំនៀមទំលាប់វប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា ជាពិសេសជាប់សង្ស័យលោក កឹមសុខា បានប្រព្រឹត្តអំពើពុករលួយ ដែលចាំបាច់តម្រូវឲ្យមានការពិនិត្យស៊ើបអង្កេត និងកោះហៅសាម៉ីខ្លួន ដើម្បីស្វែងរកការពិត និងតម្លាភាព និងឲ្យកម្ពុជាក្លាយជាសង្គម ស្អាតស្អំមិនអាប់ឱនតម្លៃសីលធម៌។
យ៉ាងណាក៏ដោយ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅតែប្រកាស់ជំហរថា នឹងមិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ។ លោកក៏ប្រកាស់ទៀតថា គណបក្សសង្គ្រោះជាតិត្រូវទន់ភ្លន់ តែមិនត្រូវទន់ជ្រាយ ត្រូវរឹងប៉ឹង តែមិនរឹងទទឹង៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!