Commentary: ការពារសម្ព័ន្ធមិត្ត
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មេដឹកនាំរបស់សហរដ្ឋអាមេរិក បើកសេតវិមាននៅទីក្រុងវ៉ាស៊ីនតោន ស្វាគមន៍មេដឹកនាំនិងតំណាងមកពីប្រទេសអារ៉ាប់ទាំង៦ ។
ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជួបជាមួយក្សត្រ សាល់ម៉ាន់ នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាត កាលពីខែមករា ឆ្នាំ២០១៥ (Photo by BBC News).
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មេដឹកនាំរបស់សហរដ្ឋអាមេរិក បើកសេតវិមាននៅទីក្រុងវ៉ាស៊ីនតោន ស្វាគមន៍មេដឹកនាំនិងតំណាងមកពីប្រទេសអារ៉ាប់ទាំង៦ មុននឹងផ្លាស់ប្តូរទីកន្លែងទៅប្រជុំពិភាក្សាគ្នានៅ Camp David ក្នុងរដ្ឋ ម៉ារីឡែន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ។
ប្រទេសទាំង៦ដែលថានេះ ជាសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រអារ៉ាប់ ឬ GCC រួមមានប្រទេសអារ៉ាប់ប៊ី សាអូឌីត អារ៉ាប់អេមីរ៉េត គុយវ៉ែត អូម៉ង់ កាតា និង បារ៉ែន សុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបនៅក្នុងមជ្ឈឹមបូព៌ា ។
ការជួបពិភាក្សាគ្នាមានឡើងមុនមានការចរចាបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ រវាងប្រទេសអ៊ីរ៉ង់និងប្រទេសមហាអំណាចពិភពលោកទាំង៦ រួមដល់សហរដ្ឋអាមេរិក ដំណាក់កាលទី ២ចុងក្រោយ នឹងអស់ឳសានវាទនៅថ្ងៃទី ៣០ ខែមិថុនា ហើយត្រូវបានរំពឹងថានឹងព្រមព្រៀងគ្នា ក្រោយពីអូសបន្លាយពេលវេលាមកជាយូរនោះ ។
ការទំលាយបានកិច្ចព្រមព្រៀងមានន័យដល់ប្រទេសអ៊ីរ៉ង់ត្រូវផ្អាកគម្រោង ដែលប្រទេសលោកខាងលិចជឿជាក់ថា ជាការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ទោះបីអ៊ីរ៉ង់បានទទូចយូរមកហើយថាជាការអភិវឌ្ឍថាមពលដើម្បីសន្តិ ហើយប្រទេសលោកខាងលិចនឹងធូរស្រាលរហូតដល់លុបចោលវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពាណិជ្ជកម្មប្រឆាំងប្រទេសអ៊ីរ៉ង់ជាការដោះដូរ ។
GCC ឬក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រអារ៉ាប់ មិនត្រូវគ្នាយ៉ាងខ្លាំងជាមួយអ៊ីរ៉ង់ ហើយ ភ័យខ្លាចថា ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់នឹងកើនច្រើនឡើង ប្រសិនអ៊ីរ៉ង់ត្រូវបានរំដោះខ្នោះឃ្នាងទណ្ឌកម្ម នេះជាគោលដៅចម្បងនៃដំណើរទស្សនកិច្ចជាក្រុមទៅកាន់សហរដ្ឋអាមេរិកនាលើកនេះ ។ GCC ចង់បានការសន្យាចេញពីមាត់ផ្ទាល់របស់លោកអូបាម៉ា ។ កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់នឹងមិនហុចប៉ះពាល់ដល់ស្ថិរភាពរបស់ GCC នោះទេ ហើយបណ្តាប្រទេសជាច្រើននៅ មជ្ឈឹមបូព៌ាគឺជាគូអរិជាមួយអ៊ីរ៉ង់ រួមទាំងវិធានការការពារការលើសខ្វះ ទាំងទប់ស្កាត់និងដោះស្រាយផងដែរ ។
សេចក្តីថ្លែងការណ៍រួម បន្ទាប់ពីមានកិច្ចប្រជុំកំពូលនៅ Camp David ភាគីទាំងពីរបានព្រមព្រៀងគ្នា លើបញ្ហាគន្លឹះសំខាន់មួយចំនួន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺការបំពាក់ប្រព័ន្ធការពារមីស៊ីលក្នុងក្រុមប្រទេស GCC ដោយសហរដ្ឋអាមេរិកជាអ្នកចាត់ចែងឲ្យ ដែលកាលពីពេលកន្លងមកមានផ្តួចផ្តើម ប៉ុន្តែត្រូវរាំងស្ទះ ដោយសារភាពតានតឹង និងការមិនទុកចិត្តគ្នាទៅវិញទៅមក ផ្ទៃក្នុង បណ្តាប្រទេសទាំង៦ នៃ GCC នោះឯង ។
ពេលនេះប្រទេសទាំង៦ បានឯកភាពគ្នា ដល់ពេលវេលាដែលត្រូវដំណើរការផែនការសាងប្រព័ន្ធដែលដូចសំណាញ់លាតសន្ធឹងគ្របដណ្តប់ទូទាំងដែនអាកាសនៃប្រទេសនីមួយៗ ការពារគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ដែលហោះមកកំទេច ប្រសិនបើជម្លោះរីករាលដាលដល់ទីបំផុតក្នុងពេលអនាគត ។
ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រអារ៉ាប់ ឬ GCC ភ័យខ្លាចថា ពេលវិធានការដាក់ទណ្ឌកម្មត្រូវបានបន្ធូរបន្ថយ សេដ្ឋកិច្ចនឹងប្រសើរឡើង អ៊ីរ៉ង់ក៏អាចស្វែងរកទិញគ្រាប់មីស៊ីលដែលមានប្រសិទ្ធិភាពច្បាស់លាស់និងជឿជាក់បានច្រើនជាងមុន ។
ប្រព័ន្ធសំណាញ់គ្របដណ្តប់ GCC នឹងប្រើប្រាស់ផ្កាយរណបប្រកាសអាសន្នជាមុនរបស់សហរដ្ឋអាមេរិក ប្រទាក់គ្នាជាមួយរ៉ាដារបស់សហរដ្ឋអាមេរិកនិង GCC ដើម្បីស្ទាក់ចាប់ការបាញ់គ្រាប់មីស៊ីល របស់សត្រូវ និងការបាញ់កាំជ្រួចពីមូលដ្ឋានលើដីឬក្នុងសមុទ្រទប់ស្កាត់និងការបំផ្លាញគ្រាប់មីស៊ីលសត្រូវកណ្តាលអាកាស ក្នុងកំរិតយ៉ាងខ្ពស់ពីផែនដី ។
ប្រសិនបើអ្វីគ្រប់យ៉ាងដំណើរទៅតាមផែនការទី៣ ក្រុមហ៊ុនដ៏ធំដៃគូសន្យាផលិតអាវុធយុទ្ធភ័ណ្ឌឲ្យកងទ័ពសហរដ្ឋអាមេរិក គឺក្រុមហ៊ុន ឡក់ហ៊ីដ ម៉ាទីន (Lockheed Martin) ក្រុមហ៊ុន រ៉េធីអន (Raytheon) ឬ ណដរហ្វ ហ្គ្រាំម៉េន( North roof Grumman) នឹងជាគូប្រជែងដេញថ្លៃ ដើម្បីផលិតប្រព័ន្ធមណ្ឌលបញ្ជាការនិងការត្រួតពិនិត្យឲ្យ GCC ដូចទៅនឹងកងទ័ពសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តសំខាន់ដែលមានស្រាប់ទៅហើយនោះ ។
បច្ចុប្បន្នកងទ័ពសហរដ្ឋអាមេរិក មានទម្របាញ់មីស៊ីលប្រភេទ ផែតទ្រីអដ ការពារមីស៊ីលចម្ងាយជិតចំនួន១០កន្លែង នៅតំបន់ជុំវិញឈូងសមុទ្រពែក្សនិងហ្សកដង់ រួមទាំងប្រព័ន្ធរ៉ាដា AN-TPY-2 ដ៏មានប្រសិទ្ធិភាព ដើម្បីចាំត្រួតចាប់ការបាញ់កាំជ្រួចមីស៊ីល ហើយបណ្តាប្រទេសនៅជុំវិញឈូងសមុទ្រនេះ កំពុងកែលំអសមត្ថភាពប្រព័ន្ធ រ៉េធីអន ផែតទ្រីអដ ដែលមានស្រាប់ ឲ្យចូលគ្នាជាមួយកាំជ្រួចប្រភេទថ្មី PAC-3 ដែលផលិតដោយក្រុមហ៊ុនរ៉េធីអន និងក្រុមហ៊ុន ឡក់ហ៊ីដ ម៉ារទីន ហើយផ្តើមប្រមូលទិញប្រព័ន្ធប្រឆាំងមីស៊ីលចម្ងាយឆ្ងាយប្រភេទ THAAD របស់ក្រុមហ៊ុន ឡក់ហ៊ីដ ម៉ារទីន ។
សហរដ្ឋអាមេរិកមានដែនកំណត់យ៉ាងតឹងរឹង សម្រាប់ការលក់ឬការផ្តល់អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ និងមានភាពរសើបឲ្យបរទេស ប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តកាលពីខែធ្នូ ឆ្នាំមុនថា ខ្លួននឹងលក់អាវុធទៅឱ្យ GCC ក្នុងឋានៈជាក្រុមអង្គការមួយ ដូចគ្នានឹងការចាត់ចែងឲ្យអង្គការណាតូដូច្នោះដែរ ដែលនឹងជួយឲ្យផែនការបំពាក់បណ្តាញប្រព័ន្ធការពារមីស៊ីលដល់ក្រុមប្រទេស GCC កាន់តែងាយស្រួលឆាប់រហ័ស ទោះបីត្រូវចំណាយពេលវេលាច្រើនឆ្នាំក៏ដោយ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!