អាជ្ញាធរជាតិអប្សរា ត្រៀមរៀបចំសេវា ចែកចាយប្រព័ន្ធទូរស័ព្ទ នៅក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Camtower Link Communication បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរៀបចំសេវា ចែកចាយប្រព័ន្ធទូរស័ព្ទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលចូលមកទស្សនារមណីយដ្ឋានអង្គរ មានសេវាទូរស័ព្ទប្រើប្រាស់ដូចតំបន់ដ៏ទៃទៀត។ សំឡេង៖
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរៀបចំសេវាចែកចាយប្រព័ន្ធទូរស័ព្ទនោះ ប្រព្រឹត្តទៅក្រោមអធិបតី លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោក MUHAMMED YUSOFF MOHD ZAMRI ប្រធានគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុន Camtower Link Communication ជាហត្ថលេខី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើនរូបទៀត។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដោយសារបច្ចុប្បន្នក្នុងតំបន់រមណីយដ្ឋានអង្គរមិនសូវមានសេវាទូរស័ព្ទ ដែលធ្វើឲ្យមានការពិបាកក្នុងការទំនាក់ទំនង ទើបអគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ស៊ុំ ម៉ាប់ បានរៀបចំចុះហត្ថលេខា ដោយក្រុមហ៊ុន នឹងដំឡើងបង្គោលដើមឈើសិប្បនិមិត្តចំនួន៦ទីតាំង ដែលអាចឲ្យក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់អង់តែនរបស់ខ្លួន ដើម្បីផ្តល់សេវាក្នុងរមណីយដ្ឋានអង្គរឲ្យកាន់តែប្រសើរឡើង ដោយត្រូវចំណាយពេល ៦ខែទើបរួចរាល់។
អាជ្ញាធរជាតិអប្សរាបានអះអាងថា ដោយសារតាមរយៈការធ្វើបទបង្ហាញពីលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុននេះ ដែលមានគំនិតច្នៃប្រឌិតបង្កើតដើមឈើសិប្បនិមិត្តឡើង និងអាចផ្តល់ការចែកចាយដល់ក្រុមហ៊ុនទូរស័ព្ទផ្សេងៗបំពាក់សេវារបស់ខ្លួន ជំនួសឲ្យការសាងសង់អង់តែនគ្រប់ក្រុមហ៊ុនទូរស័ព្ទច្រើនស្អេកស្កះក្នុងរមណីយដ្ឋានអង្គរ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទេសភាពវប្បធម៌ ដែលស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ហើយជាប្រភេទអង់តែនដែលបណ្តាប្រទេសមួយចំនួនបានធ្វើរួចមកហើយ ដើម្បីការពារទេសភាពវប្បធម៌ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោក ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាកន្លងមកក៏ធ្លាប់មានក្រុមហ៊ុនទូរស័ព្ទមួយចំនួនក៏បានដាក់ពាក្យស្នើរសុំតំឡើងអង់តែនទូរស័ព្ទរបស់ខ្លួនដែរ តែគ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!