អ្នកជំនាញផ្នែកច្បាប់ ថាករណីរឿងរ៉ាវស្នេហាបុគ្គល មិនមានច្បាប់ណាហាមឃាត់មិនអោយ សាមីខ្លួនចេញក្រៅប្រទេស
Sound៖
អ្នកជំនាញផ្នែកច្បាប់ យល់ថាករណីរឿងរ៉ាវស្នេហាបុគ្គល គឺមិនមានច្បាប់ណាហាមឃាត់មិនអោយ ភាគីសាមីខ្លួនចេញក្រៅប្រទេសនោះទេ លុះត្រាតែបុគ្គលនោះ មានជាប់ទោសអ្វីមួយផ្សេងពីរឿងស្នេហា។ ការលើកឡើងបែបនេះខណៈដែលមានមន្ត្រីរបស់រដ្ឋាភិបាល ព្រមានអង្គការមួយដែល ចង់ជម្លៀសកញ្ញាស្រី មុំ ដែលគេចោទថាមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ទៅក្រៅប្រទេស។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បានប្រាប់វិទ្យុសំឡេងយុវជនឲ្យដឹងនៅព្រឹកនេះថា ករណីដែលអាជ្ញាធរហាម បុគ្គលណាម្នាក់ មិនអោយចេញក្រៅ លុះត្រាតែបុគ្គលនោះ មានជាប់ពាក់ព័ន្ធ បទល្មើស ហើយបើគ្រាន់តែមានរឿងរ៉ាវស្នេហាហើយ ហាមមិនអោយចេញក្រៅដែរនោះ គឺជាការបិទសិទ្ធិសេរីភាពរបស់បុគ្គល។
លោកមេធាវី សុខ សំអឿន ថាត្រឹមតែទោសរឿងស្នេហាបុគ្គលដល់ថ្នាក់ហាមប្រាម មិនអោយចេញ ក្រៅប្រទេស គឺមិនសមហេតុផលនោះឡើយ។ លោកសង្ស័យថា អាជ្ញាធរប្រហែលជាមានរឿងអ្វីផ្សេង ដែលឃាត់មិនអោយចេញក្រៅ។ លោក សុខ សំអឿន បន្ថែមថាជាធម្មតាបុគ្គលគ្រប់រូបតែងតែមានស្នេហា ហើយបើគ្រាន់តែរឿងប៉ុណ្ណឹង ដល់ថ្នាក់មានការហាមប្រាមនោះ អ្នកផ្សេងៗដែលមានរឿងរ៉ាវស្នេហាអញ្ចឹងដែរនោះ ប្រាដកជាមានទោសគ្រប់គ្នា។
សូមបញ្ជាក់ថា បើយោងតាម អង្គភាពព័ត៏មាន Fresh News បានអោយដឹងថា កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅ មានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលមិនបញ្ចេញឈ្មោះបានអោយដឹងថា សមត្ថកិច្ចរបស់ប្រទេសកម្ពុជា ស្នើសុំឲ្យអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រគណបក្សប្រឆាំង បញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន ដែលនៅតែចិញ្ចឹមចិត្តចង់ជម្លៀសកញ្ញា ស្រីមុំ ទៅក្រៅប្រទេសទេ ពីព្រោះផែនការនេះ នឹងមិនបានជោគជ័យនោះទេ គ្រាដែលសមត្ថកិច្ចជាប់ពាក់ព័ន្ធទាំងអស់បាន ទប់ស្កាត់គ្រប់ច្រកល្ហកអស់ហើយនោះ។
នៅថ្ងៃនេះវិទ្យុសំឡេងយុវជន បានព្យាយាមទាក់ទងលោក ខៀវ សុភក្រ្ត មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសុំអត្ថាធិបាយរឿងនេះថាពិតជាមាន ការហាមប្រាមមែនឬយ៉ាងណា តែទួរស័ព្ទចូលពុំមានអ្នកទទួល។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថាកញ្ញា ស្រី មុំ ជាស្រីស្នេហ៍លួចលាក់របស់លោក កឹមសុខានេះ ស្រីមុំ ក៏ធ្លាប់បានចូលទៅឆ្លើយបំភ្លឺរឿងនេះនៅក្រសួងមហាផ្ទៃម្តងរួចមកហើយដែរ ដោយនាងបានបដិសេធ ចោលរាល់ខ្សែអាត់សំឡេង ដែលគេចោទថាជាសំឡេងរបស់នាងសាសងស្នេហាជាមួយលោកកឹមសុខា។
សូមបញ្ជាក់ថាមកដល់ពេលនេះ ស្រី មុំ ជាប់បណ្តឹងរបស់និស្សិតមួយក្រុម ដែលប្តឹងនាងពីបទ ឆបោក ដែលបណ្តឹងនេះត្រូវបាន សាធារណៈជនរិះគន់ថា មិនស៊ីទៅនឹងសាច់រឿង ព្រោះជារឿងបុគ្គលឯកជន៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!