សង្គមស៊ីវិល ព្រមទាំងពលរដ្ឋរងគ្រោះ នៅតំបន់ខេត្តជាប់សមុទ្រ បារម្ភពីជម្លោះដីធ្លី ដែលមិនត្រូវបានដោះស្រាយ
ពលរដ្ឋរងគ្រោះត្អូញត្អែរពីផលប៉ះពាល់ ដែលកើតមានឡើងដោយសារបញ្ហាដីធ្លី ខណៈដែលសង្គមស៊ីវិលថាជម្លោះដីធ្លីនៅតំបន់ខេត្តជាប់ឆ្នេរសមុទ្រ មានការកើនឡើង និងមួយចំនួនបន្តអួសបន្លាយមិនព្រមដោះស្រាយ។ រាយការណ៍បន្តដោយកញ្ញា ចាន់ សុវណ្ណដារី
សំឡេង៖
ក្នុងសន្និសិទ្ធកាសែត ស្តីពីបញ្ហាជម្លោះដីធ្លីនៅខេត្តជាប់ឆ្នេរសមុទ្រ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃចន្ទ ទី ២១មីនានេះ ក្រុមអង្កការសង្គមស៊ីវិល ចំនួន ៨ ស្ថាប័ន រួមទាំងប្រជាសហគមន៍ដែលរងផលប៉ះពាល់ ចំនួន ៤ ខេត្ត បានលើកឡើងថា បញ្ហាជម្លោះដីធ្លី នៅតែបន្តកើតមាន ហើយជម្លោះមួយចំនួនបន្តអូសបន្លាយ មិនត្រូវបានដោះស្រាយ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរងគ្រោះ។
ប្រធានផ្នែកដីធ្លី នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី បានឲ្យដឹងថា ក្នុងខេត្តចំនួន ៤ ក្នុងតំបន់ជាប់សមុទ្រ ដែលអង្គការសង្គមស៊ីវិលទទួលបាន មាន ៤១ ករណី ក្នុងនោះ ២១ ករណី ជាជម្លោះកើតថ្មី ក្នុងឆ្នាំ ២០១៥ ជាមួយក្រុមហ៊ុន នានា ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល និងក្រុមអ្នកមានអំណាច។ ចំណែក ២០ ករណីទៀត គឺជាជម្លោះចាស់ ដែលបន្តអូសបន្លាយ នឹងមិនព្រមដោះស្រាយជូនប្រជាពលរដ្ឋ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ប្រចាំខេត្តព្រះសីហនុលោក សុខ សុខុម បន្ថែមថា បញ្ហាដីធ្លី ដែលកើតមានឡើង ហើយដោះស្រាយមិនចេញ ព្រោះតែអាជ្ញាធរ ខ្វះតម្លារភាព និងគ្មានការទទួលខុសត្រូវ ក្នុងការដោះស្រាយជូនពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលពលរដ្ឋតវ៉ា ត្រូវបានរឹតត្បឹត នឹងរងការគំរាបកំហែងជាដើម។
ដូចនេះ លោក សុខ សុខុម ថាគោលបំណងនៃការធ្វើសន្និសិទ្ធកាសែតក្នុងថ្ងៃនេះ គឺដើម្បីអំពាវនាវដល់រដ្ឋាភិបាល ឲ្យពន្លឿននូវការដោះស្រាយជម្លោះដីធ្លីឲ្យបានឆាប់រហ័ស និងទប់ស្កាត់ជាបន្ទាន់ នូវរូបភាពអភិវឌ្ឈន៍នានា ដែលបង្កផលប៉ះពាល់ដល់ពលរដ្ឋបន្តទៀត។
លោក ស៊ឹម គឹមសាន្ត តំណាងជនរងគ្រោះមកឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានលើកឡើងថា ក្រោយពីមានជម្លោះដីធ្លី រូបលោក និងប្រជាពលរដ្ឋដទៃទៀត នៅក្នុងភូមិ ជួបផលវិបាក និងខ្វះខាត់យ៉ាងធ្ងន់ធ្ងរ។
បើតាមសង្គមស៊ីវិល បានឲ្យដឹងថា ក្រុមហ៊ុន ដែលមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ ទាំង៤ ខេត្តក្នុងតំបន់មាត់សមុទ្រ មាន ក្រុមហ៊ុន Union Development ក្នុងខេត្តកោះកុង ក្រុមហ៊ុន យី ជា ស្ថិតក្នុងខេត្ត ព្រះសីហនុ និងក្រុមហ៊ុន ឋាសួគ៍ជាដើម លើផ្ទៃដី ជាង ៤៨ ពាមហិតា និងពលរដ្ឋរងគ្រោះ ប្រមាណ ជាង ៤ពានគ្រួសារ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!