តំណាងសហជីពជាង ២០ ដាក់ញត្តិជាថ្មី ស្នើនាយករដ្ឋមន្ត្រីកែប្រែច្បាប់សហជីព
តំណាងសហជីពជាង ២០ ដែលមានគ្នាប្រមាណជាង ៣០ នាក់ នៅព្រឹកថ្ងៃអង្ការ៍ ទី ២២ មីនា នេះ បានយកញត្តិទៅដាក់នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើឲ្យមានការកែប្រែ និងលុបចោលមាត្រាមួយចំនួន ក្នុងច្បាប់ស្តីពីសហជីព ខណៈដែលច្បាប់នោះ ត្រូវបានសភាបញ្ចូនត្រឡប់មកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យឡើងវិញ មុនដាក់ជូនរដ្ឋសភាពិភាក្សា និងអនុម័តនៅខែមេសា ខាងមុខ។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានឲ្យដឹងក្រោយពីដាក់ញត្តិរួចថា ក្រោយពីមានការជជែញពិភាក្សា និងកែប្រែនូវច្បាប់សហជីពនេះ ជាបន្តបន្ទាប់ លោកសង្គេតឃើញមានលេចចេញនូវរូបភាពថ្មី ក្នុងនោះ ក៏នៅមានមាត្រាមួយចំនួន នៅតែមិនមានការកែប្រែ ហើយមាត្រាទាំងនោះហើយ ដែលធ្វើឲ្យសហជីពមានការព្រួយបារម្ភ ព្រោះហាក់បិទសិទ្ធិ និងគាប់សង្កត់មកលើសេរីភាពរបស់កម្មករ។
លោក អាត់ ធន់ បានបន្ថែមថា ស្របពេលដែលច្បាប់សហជីពនេះ ត្រូវបានបញ្ជូនត្រឡប់មករដ្ឋាភិបាលដើម្បីពិនិត្យឡើងវិញ ដូចនេះក្នុងនាមជាតំណាងសហជីព ចង់បង្ហាញពីគោលជំហររបស់ខ្លួន និងចង់ឲ្យរដ្ឋាភិបាល ធ្វើការកែប្រែ ឬលុបចោលនូវមាត្រាទាំង៦នោះ មុននឹងដាក់ជូនរដ្ឋសភា អនុម័តជាថ្មី។
បើតាមលោក អាត់ ធន់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ សហជីពបានស្រុះស្រួលគ្នា ដោយស្នើឲ្យធ្វើការកែប្រែ ឬបញ្ជាក់បន្ថែម និងលុបចោល ចំនួន៦ មាត្រា ក្នុងនោះមាន មាត្រា ១៣ ១៤ មាត្រា ១៩ ២៤ មាត្រា ១៧ និង ៦៥ ដែលសហជីព យល់ថា មាត្រាទាំងនេះ នៅមិនទាន់ធ្វើឲ្យមានភាពប្រសើរដល់ទំនាក់ទំនងវិជ្ជាជីវៈនៅឡើយ ហើយថែមទាំងបានកាត់បន្ថយនូវសិទ្ធិសំខាន់ៗមួយចំនួន ដែលបានផ្តល់ឲ្យដោយច្បាប់ស្តីពីការងារ ដូចជាសិទ្ធិក្នុងការចងក្រងសហជីពដែលរឹតត្បិតចំនួនកម្មករក្នុងការបង្កើតសហជីព សិទ្ធិចរចាជាសមូហភាព ដែលផ្តល់ឱកាសឲ្យនិយោជិតបដិសេធមិនចរចាលើសំណើរបស់សហជីព ដោយស្របច្បាប់ ដែលអាចបង្កឲ្យមានវិវាទកាន់តែច្រើនទៅថ្ងៃមុខ និងរឹតត្បិតសិទ្ធិធ្វើកូដកម្មជាដើម។
ក្រៅពីនោះសេចក្តីព្រាងច្បាប់នេះក៏មានបំណងរំលាយអង្គការកម្មករផងដែរប្រសិនបើថ្នាក់ដឹកនាំរូបណាប្រព្រឹត្តមិនត្រឹមត្រូវ ឬសហជីពណាផ្តល់ព័ត៌មានមិនបានទាន់ពេលវេលា និងត្រឹមត្រូវតាមការតម្រូវរបស់ច្បាប់។
លោក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថាខ្លឹមសារនៃសេចក្តីព្រាងច្បាប់នៅមិនទាន់បម្រើផលប្រយោជន៍ពិតប្រាកដជូនកម្មករនិយោជិតនៅឡើយ ហើយនៅពេលថ្មីៗនេះ តំណាងសហជីព មួយចំនួនរួមទាំងរូបលោកផង ត្រូវបានរងសំពោធ ដោយប្រព័ន្ធតុលាការជាដើម ខណៈដែលពួកលោក បានតវ៉ាឲ្យមានការកែប្រែនូវច្បាប់នេះ។
ក្រោយពីចេញមកទទួលញត្តិ លោក សេង សាវន់ ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការទទួលបន្ទុកពាក្យបណ្តឹង បានថ្លែងថា លោកនឹងបញ្ជូនញត្តិនេះ ទៅកាន់ប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ រាល់សំណើទាំងឡាយ ដែលសហជីពបានស្នើ។ លោកបន្ថែមថា ក្នុងនាមតំណាងរដ្ឋាភិបាល តែងយកចិត្តទុកដាក់ ហើយធ្វើការឆ្លើយតបភ្លាមៗ តែត្រូវចាំទាល់តែមន្ត្រីជំនាញ ធ្វើការពិនិត្យ ឲ្យបានល្អិតល្អន់ជាមុនសិន។
គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលមាន ១៧ ជំពូក ១០០ មាត្រាត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា សម្រេចដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គ នៅថ្ងៃទី ៤ មេសា ខាងមុខនេះ ក្រោយពីបានធ្វើសិក្ខាសាលាប្រមូលមតិយោបល់ និងធ្វើការកែសម្រួលខ្លឹមសារមួយចំនួនជិត ៥០ ភាគរយ ប៉ុន្តែក្រុមសហជីពបានអះអាងថា ការកែសម្រួលនោះ មិនបានចំចំណុចសំខាន់ៗ ដែលសហជីពចង់បាននោះទេ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!