រដ្ឋសភាកម្ពុជារងការរិះគន់ ករណីកោះហៅលោក កឹម សុខា បំភ្លឺរឿងអាស្រូវផ្លូវភេទ
អ្នកវិភាគវិទ្យាសាស្រ្តនយោបាយថា ស្ថាប័នរដ្ឋសភាជាស្ថាប័នមិនឯករាជ្យ និងបម្រើឲ្យគណបក្សកាន់អំណាច ខណៈដែលរដ្ឋសភា បានកោះហៅប្រធានស្តីទី គណបក្សសង្គ្រោះជាតិឲ្យចូលបំភ្លឺពីបញ្ហាខ្សែអាត់សំឡេង។ សំឡេង៖
លោក សូ ចន្ថា អ្នកវិភាគវិទ្យាសាស្រ្តនយោបាយ បានប្រាប់វិទ្យុសំឡេងយុវជន នៅព្រឹកថ្ងៃអង្គារ៍ទី២២មីនានេះថា រដ្ឋសភាស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច និងជាស្ថាប័នមួយមិនឯករាជ្យ ខណៈដែលស្ថាប័ននេះមិនបានអនុវត្តតាមតួនាទីខ្លួនដោះស្រាយរឿងប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើអយុត្តិធម៌ ឬករណីដីធ្លីទេ តែចំពោះរឿងលោក កឹម សុខា និងជារឿងបគ្គលស្ថាប័ននេះបែរជាលូកដៃអន្តរាគមន៍ទៅវិញ ទង្វើទាំងនេះមិនបានផ្តល់ផលប្រយោជន៍សម្រាប់ជាតិនោះទេ តែផ្តល់ផលប្រយោជន៍និងបម្រើឲ្យបក្សកាន់អំណាចប៉ុណ្ណោះ។
សូមជម្រាបថា កាលពីថ្ងៃទី២១មីនា២០១៦ រដ្ឋសភាបានចេញដីកាកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិឲ្យចូលខ្លួនឆ្លើយបំភ្លឺ ចំពោះខ្សែអាត់សំឡេង ឆ្លើយឆ្លងស្នេហាអសីលធម៌ដែលសង្ស័យថាជាសំឡេង លោក តបតាមការស្នើសុំរបស់លោក ស្រី ចំរើន ដែលតាំងខ្លួនជាតំណាងនិស្សិតមកពីសាកលវិទ្យាល័យនានាបានដាក់ញត្តិស្នើកាលពីថ្ងៃទី១៤មីនាកន្លងមកនេះ។អគ្គលេខាធិការដ្ឋសភាបានអះអាងថា ការចេញដីកានេះគឺដើម្បីការពារកិត្យានុភាពរបស់រដ្ឋសភា ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្ត្រ។ នេះបើយោងតាមលិខិតដែលបានចុះហត្ថលេខាដោយអគ្គលេខាធិការដ្ឋសភាលោក ឡេង ប៉េងឡុង។
ផ្ទុយទៅវិញ លោក សូ ចន្ថាបានអះអាងថា អ្វីដែលរដ្ឋសភាបានធ្វើ ដោយយករឿងបុគ្គលមកដាក់ក្នុងស្ថាប័នជាតិនេះ ធ្វើឲ្យកិត្តិយសរបស់ស្ថាប័នមួយនេះធ្លាក់ចុះហើយ រដ្ឋសភាកំពុងអនុវត្តស្តង់ដាពីរក្នុងប្រព័ន្ធច្បាប់។ លោកបញ្ជាក់ថា រដ្ឋសភាគួរតែពិនិត្យឲ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាជាតិក៏ដូចជាបញ្ហាពលរដ្ឋ និងបញ្ហាដែលចំនេញសម្រាប់ជាតិ ព្រោះរដ្ឋសភាជាស្ថាប័នកំពូលនៃអំណាចនិតិបញ្ញតិ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសរសេនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ប្រតិកម្មភ្លាមៗចំពោះរដ្ឋសភា ដោយលោកលើកឡើងថា រដ្ឋសភាខ្វាយខ្វល់តែរឿងអត់ប្រយោជន៍ ចំណែកឯរឿងប្រទេសជាតិដូចជា រឿងវៀតណាម រំលោភដីខ្មែរតាមព្រំដែន អន្តោប្រវេសន៏យួនខុសច្បាប់ ការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ តុលាការអយុត្តិធម៌ ការទាមទាររបស់កម្មករ វិបត្តិអត់ការងារទៅធ្វើការស្រុកគេ និងរឿងជាតិសំខាន់ផ្សេងៗ ទៀតរដ្ឋសភាឬតំណាងរាស្រ្តគណបក្សប្រជាជន មិនអើពើកោះហៅឬស្នើឲ្យឆ្លើយបំភ្លឺនោះទេ។ លោកអះអាងថា បើតាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មានតែតំណាងរាស្រ្តឬរដ្ឋសភាកោះហៅរដ្ឋមន្រ្តីឬនាយករដ្ឋមន្រ្តីឲ្យមកឆ្លើយបំភ្លឺ មិនមែនរដ្ឋសភាកោះហៅឲ្យតំណាងរាស្រ្តឆ្លើយបំភ្លឺនោះទេ។
វិទ្យុសំឡេងយុវជននៅថ្ងៃទី២២មីនានេះ មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋសភាបានទេ។ ប៉ុន្តែតាមអង្គភាពសារពត៌មានfreshnews បានដកស្រង់សំដីលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភាថា ការចេញលិខិតរបស់រដ្ឋសភា ទៅកាន់តំណាងរាស្រ្តលោក កឹម សុខា គឺធ្វើឡើងតាមមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដោយយកចិត្តទុកដាក់ចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!