ពលរដ្ឋ ៥៧ គ្រួសារ មកពីស្រុកចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យ ស្វែងរកអន្តរគមន៍ពីក្រសួងយុត្តិធម៌ ករណីដីធ្លី
ប្រជាពលរដ្ឋប្រមាណ ៥៧ គ្រួសារ តំណាងឲ្យ ២១២ គ្រួសារ ដែលមានជម្លោះដីធ្លីផ្សេងៗគ្នា ក្នុងស្រុកចំនួន ៣ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី ២៣ មីនានេះ បានឡើងមកដាក់ញត្តិសុំអន្តរគមន៍ជាថ្មីទៀត នៅក្រសួងយុត្តិធម៌ ឲ្យពិនិត្យលើការចោទប្រកាន់របស់កុលាការ មកកាន់ពលរដ្ឋរងគ្រោះដីធ្លី និងពន្លឿននូវការដោះស្រាយឲ្យបានឆាប់រហ័ស។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
ដៃកាន់បដា ដែលសរសេរថា ផ្តល់ដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះក្នុងស្រុកម៉ាឡៃ ស្រុកអូជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រី សំ ចន្ធូ តំណាងឲ្យពលរដ្ឋ៦៩ គ្រួសារ ស្ថិតក្នុងស្រុកម៉ាឡៃ មានទំនាស់ជាមួយ លោក ហេង ការិម ដែលគេស្គាល់ថា ជាថៅកែ និងជាអតីតអង្គរក្សលោកនាយករដ្ឋមន្ត្រី លើផ្ទៃដីជិត ២០០ ហិតា តាំងពីឆ្នាំ ២០០៩ ដែលអ្នកស្រីថា ប្រជាពលរដ្ឋបានស្វែងរកអន្តរគមន៍ ពីស្ថាប័នគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់ក្រោម រហូតដល់លើ នៅតែមិនមានដំណោះស្រាយ។
អ្នកស្រី សំ ចន្ធូ បន្ថែមថា ជម្លោះនេះ បានធ្វើពួកគាត់ជួបនូវទុក្ខលំបាក និងការខ្វះខាត់យ៉ាងខ្លាំង ព្រោះតែមិនអាចបង្កបង្កើនផល លើដីស្រែរបស់ខ្លួនបាន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ ត្រូវបានរងការគំរាមកំហែង ពីសំណាក់ថៅកែ នោះទៀតផង។
ពលករដ្ឋម្នាក់ទៀត លោក ប៉ុន លី តំណាងឲ្យពលរដ្ឋ ៤៣ គ្រួសារ ដែលមានក្បាលដី ៤៣ ឡូត៍ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោងប៉ែត បានរៀបរាប់ថា ពួកគេបានរស់នៅលើដីនេះ តាំងពី១៩៩៣ តែក្រោយមក ក្នុងអំឡុងឆ្នាំ ២០១៥ ពួកគាត់ បានទទួលដីកាជាបន្តបន្ទាប់ ឲ្យរុះរើសផ្ទះសំបែងចេញពីតំបន់នេះ ដោយគ្មានសំណង។ បែបនេះហើយទើបប្រជាពលរដ្ឋទាំងអស់ បានប្រកាសជំហរមិនចាកចេញបើពុំមានការផ្តល់សំណង ឬផ្តល់ដីទីតាំងថ្មីនោះទេ។
លោក ប៉ុន លី ស្នើឲ្យក្រសួងយុត្តិធម៌ ជួយផ្តល់ដំណោះស្រាយ ដល់ពួកគាត់ទាំង ២១២ គ្រួសារ ដែលស្ថិតក្នុងស្រុកចំនួន៣ នេះ ឲ្យបានឆាប់រហ័ស និងស្នើឲ្យតុលាការលើការចោទប្រកាន់រាល់ពលរដ្ឋរងគ្រោះ ទាំងអស់ ដោយគ្រាន់តែតវ៉ាដើម្បីដី ត្រូវបានតុលាការ ចោទប្រកាន់ និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការជាដើម។
ក្រោយពីមានការប្រមូលផ្តុំគ្នា លើកបដា តំណាង ៥ នាក់ បានយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ដែលពលរដ្ឋបានអះអាងថា ការទទួលញត្តិនេះ ពុំមានការសន្យា ឬការឆ្លើយតបថាមានដំណោះស្រាយណាមួយ ពីមន្ត្រីក្រសួងយុត្តិធម៌នោះទេ។
វិទ្យុសំឡេងយុវជន មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ព្រោះតែលោកបានបិទទូរស័ព្ទ។ ឬឯអភិបាលខេត្តបន្ទាយមានជ័យ លោក គោស៊ុំ សារឿត បានលើកឡើងថា ករណីទាំងនេះ មានភាពស្មុកស្មាញ និងពិបាកដោះស្រាយណាស់។ តែយ៉ាងណាង ខេត្តធ្លាប់បានសម្របសម្រួលពួកគាត់រួចហើយ តែបើពលរដ្ឋមិនសុខចិត្ត និងចង់ស្វែងរកដំណោះស្រាយ បន្តពីភាគីផ្សេងទៀត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ចំណែកឯជម្លោះដីធ្លី ដែលពាក់ព័ន្ធនឹងនីតិវិធីរបស់តុលាការ លោកគ្មានសិទ្ធិជ្រាលជ្រែកនោះទេ។
សូមជំរាប់ថា ពលរដ្ឋទាំង ៥៧ គ្រួសារតំណាងឲ្យ ២១២ គ្រួសារ ដែលមកពីស្រុកចំនួន៣នេះ បានអះអាងថា ពួកគេនឹងបន្តការតវ់ាបន្តទៀត លុះត្រាតែមានដំណោះស្រាយ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!