ពលរដ្ឋសហគមន៍បុរីកីឡាតវ៉ានៅមុខសាលារាជធានីភ្នំពេញជាថ្មី ក្រោយគ្មានដំណោះស្រាយ
ជាថ្មីម្តងទៀតប្រជាពលរដ្ឋសហគមន៍បុរីកីឡាបាននាំគ្នាមកតវ៉ា នៅមុខសាលារាជធានីភ្នំពេញនៅព្រឹកនេះដើម្បី រកដំណោះស្រាយ។ តែមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញថា អាជ្ញាធរកំពុងតែពិនិត្យ រកដំណោះស្រាយជូនប្រជាពលរដ្ឋទាំងនេះ ព្រោះអ្នកតវ៉ានេះ ជាអ្នកដែលដាក់ឯកសារអោយអាជ្ញាធរវាយតំលៃលក្ខណៈសម្បត្តិទទួលបានផ្ទះ យឺតយ៉ាវ ហើយខុសនីតិវិធី។ សំឡេង៖
ប្រជាពលរដ្ឋបុរីកីឡាខកចិត្ត ចំពោះការសន្យារបស់សាលារាជធានីភ្នំពេញ ដែលថានិងដោះស្រាយ បញ្ចប់បញ្ហារបស់អ្នកភូមិអោយចប់ក្នុងខែកុម្ភៈ តែរហូតមកដល់ពេលនេះពុំបាន អើពើក្នុងការដោះស្រាយជូនពួកគេនោះទេ។ ក្រុមប្រជាពលរដ្ឋអះអាងថាអាជ្ញាធរហាក់ ជំរុញអោយប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ា បើមិនធ្វើបានតុកម្ម គឺមិនមានដំណោះស្រាយ ព្រោះអ្នកតវ៉ាបាតុកម្មបានផ្ទះ អ្នកមិនធ្វើបាតុកម្ម ត្រូវគេបណ្តេញដោយពុំមានសំណង។
ការអះអាងរបស់ប្រជាពលរដ្ឋបុរីកីឡានេះ ធ្វើឡើងខណៈដែលពួកគេនាំគ្នា មកស្រែកតវ៉ា នៅមុខសាលារាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីសុំអោយអន្តរាគមន៍ដោះស្រាយតាមការសន្យារបស់ខ្លួនដែលថា និងដោះស្រាយបញ្ចប់បញ្ហាដែលនៅសេសសស់។ ក្រុមប្រជាពលរដ្ឋអះអាងថា នៅបុរីកីឡា មានប្រជាពលរដ្ឋច្រើនក្រុមដែលរងគ្រោះពីការបណ្តេញចេញនេះ តែអ្នកខ្លះគេតវ៉ាតាំងពីដើមទី ហើយអ្នកខ្លះស្តាប់ការហាមឃាត់របស់អាជ្ញាធរមិនចូលរួមធ្វើបាតុកម្មតវ៉ានោះទេ។ ពួកគាត់បញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកដែលតវ៉ាគេបានសំណង តែអ្នកដែលស្តាប់អាជ្ញាធរ បែរជាត្រូវបណ្តេញចេញ ដោយពុំមានសំណងទៅវិញ។
អ្នកស្រី ទេព វណ្ណី ជាអតីតអ្នកភូមិបឹងកក់ ដែលចូលរួមឃ្លាំមើលការតវ៉ារបស់ប្រជាពលរដ្ឋបុរីកីឡានៅព្រឹកនេះ បញ្ជាក់ថា អាជ្ញាធរពុំមានឆន្ទៈ ក្នុងការដោះស្រាយជួនប្រជាពលរដ្ឋដែលរងង្រ្គោះ ថែមទាំងចូលចិត្តសន្យាខ្យល់ នៅពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ា ទាមទាររកដំណោះស្រាយ បែរជាអាជ្ញាធរចោទប្រជាពលរដ្ឋ ថាក្រុមអាណាធិបតេយ្យ ជឿតាមការញុះញង់ របស់ក្រុមអង្គការ ឬបក្សប្រឆាំងជាដើម។
បន្ទាប់ពីធ្វើការស្រែកតវ៉ានៅមុខសាលារាជធានីភ្នំ ស្ទើតែពេញមួយព្រឹកនាថ្ងៃនេះ មន្ត្រីសាលារាជធានីភ្នំពេញ ពុំចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋនោះទេ។
នៅក្នុងញត្តិ របស់ប្រជាពលរដ្ឋសហគមន៍បុរីកីឡានាព្រឹកនេះបានបញ្ជាក់ថាប្រជាពលរដ្ឋនៅបុរីកីឡា ១៥៤ គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ ១៣០ គ្រួសារ ដែលបានវាយតំលៃលក្ខណៈសម្បត្តិដើម្បីទទួលបានសំណង ហើយក្នុងនោះគ្រួសារខ្លះ ទទួលបាន ៣ ០០០ $ អ្នកខ្លះបាន ៥ ០០០$ ខ្លះទទួលបានផ្ទះ ៤x៧ ម ឬ ៣x៧ម និងអ្នកខ្លះទទួលបានជាបន្ទប់ នៅអាគារទី៨ ដែលអាជ្ញារបានសង់អោយនៅបុរីកីឡា។
បន្ថែមពីលើនេះ មានប្រជាពលរដ្ឋ ១៥ គ្រួសារ មិនទទួលយកតំណោះស្រាយខាងលើនេះទេ ៣១គ្រួសារ មិនទាន់បានវាយតំលៃលក្ខណៈសម្បត្តិ ៣៣គ្រួសារ ដាក់ឯកសារមិនទាន់អោយអាជ្ញាធរវាយតំលៃ និងមាន ២៥ គ្រួសារកាន់សាលាកប័ត្រតែមិនទទួលបានផ្ទះ។ ក្នុងញត្តិនោះបញ្ជាក់ថា បញ្ហាដែលនៅសេសសល់ សាលារាជធានីពុំដោះស្រាយ និងបំភិតបំភ័យថា និងរំសាយគណៈកម្មការ និងឈប់ធ្វើការដោះស្រាយទៀតផង។
លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ថា សាលារាជធានីមិនទាន់ឆ្លើយតបយ៉ាងណាចំពោះការតវ៉ារបស់អ្នកភូមិបុរីកីឡានោះទេ។ ព្រោះ ប្រជាពលរដ្ឋដែល ដាក់ឯកសារយឺតយ៉ាវនោះគឺខុសនីតិវិធី។ លោកបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះសាលារាជធានីភ្នំពេញ កំពុងតែពិនិត្យលើបញ្ហានេះបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡានេះ បានរងការឈូសឆាយ ផ្ទះសំបែងខ្ទេចខ្ទី និងបណ្តេញចេញ ហើយក្រោយមក អាជ្ញាធរបានព្យាយាមដោះស្រាយបញ្ហាបុរីកីឡានេះតាមដំណាក់កាលនីមួយៗជាហូរហែ តែរហូត មកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួនទទួលយកសំណង និងមួយចំនួនទៀតមិនទាន់ទទួលយក ដំណោះស្រាយនៅឡើយ ព្រោះពួកគេយល់ថាអាជ្ញាធរ ពុំមានភាពយុត្តិធម៌ក្នុងការដោះស្រាយ ៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!