សង្គមស៊ីវិលថា ក្រសួងកសិកម្ម ច្រានចោលសំណើរបស់លោក ម៉ុង ឬទ្ធី គឺជាការគេចវេះពីបញ្ហា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ច្រានចោល ការស្នើសុំជួបពិភាក្សាស្វែងរកដំណោះ ស្រាយ លើបញ្ហាដំណាំកៅស៊ូ របស់សហប្រធានក្រុមការងារកសិកម្ម កសិឧស្សាហកម្មលោក ម៉ុង ឬទ្ធី ដោយថា ក្រសួងមានភាពមមាញឹក គ្មានលទ្ធភាព ពេលវេលាគ្រប់គ្រាន់សម្រាប់ជួបប្រជុំ។ សង្គមស៊ីវិលយល់ថាការច្រានចោលនេះ គឺជាការគេចវេះពីបញ្ហាច្រើនជាងការមមាញឹក។ សំឡេង៖
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបដិសេធសំណើលោក ម៉ុង ឬទ្ធី តំណាងប្រធានក្រុមការងារផ្នែកកសិកម្ម កសិឧស្សាហកម្ម ដែលសុំជួបពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងសំណូមពរ របស់អ្នកវិនិយោគដំណាំកៅស៊ូ និងសហគមន៍អភិវឌ្ឍន៍កៅស៊ូ ដោយក្រសួងលើកឡើងថា មានភាពមមាញឹក ពុំទាន់មានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់សម្រាប់ជួបប្រជុំ។ នេះបើតាម លិខិតរបស់ក្រសួង កសិកម្ម ឆ្លើយតបទៅលោក ម៉ុង ឬទ្ធី នៅថ្ងៃទី ២២ មីនា។
លោក ថន វណ្ណដុង សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាថា ក្រសួងបដិសេធបែប នេះគឺមិនមែន មមាញឹកនោះទេ តែជាការគេចវេះ នឹងបញ្ហាចំពោះមុខ ។ លោកបន្តថា ពេលវេលាក្រសួងច្រើនណាស់ មិនគួរណាគ្មានពេល ជួបពិភាក្សាជាមួយតំណាងប្រធានកសិកម្មនោះទេ។ លោកថា ការជួបពិភាក្សានេះមានសារៈសំខាន់ណាស់ សម្រាប់ក្រសួង និងសម្រាប់ប្រជាពលរដ្ឋ ប្រកបរបរកសិកម្មប្រចាំថ្ងៃ។
ចំពោះបញ្ហានេះដែរលោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានលើកឡើងថា លោកសោកស្តាយចំពោះក្រសួងកសិកម្ម ដែលបានបដិសេធ និងសហប្រធានក្រុមកសិកម្មបែបនេះ ។ លោកថាការបដិសេធបែបនេះ ប្រហែលជាក្រសួង មិនមានលទ្ធភាពក្នុងការដោះស្រាយបញ្ហានេះ ។
សូមបញ្ជាកថា រដ្ឋមន្ត្រីក្រសួងកសិកម្មលោក អ៊ុក រ៉ាប៊ុន បានអះអាងនៅក្នុងលិខិតនោះថា បញ្ហាអត្រាពន្ធអាករ នាំចេញជ័រកៅស៊ូនេះ ក្រសួងបានលើកសំណើជូនរាជរដ្ឋាភិបាល ជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលជាកសិករដាំកៅស៊ូ ក៏ដូចជាក្រុមហ៊ុនចម្ការកៅស៊ូនានា ដោយសុំកំណត់ការប្រមូលអាករនាំចេញជាថ្មី ហើយរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យ កែសម្រួលអត្រាអាករនាំចេញ លើមុខទំនិញកៅស៊ូរួចហើយដែរ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានធ្ងន់ៗទៅរដ្ឋមន្ត្រីមួយចំនួនក្នុងនោះ ព្រមានចំៗទៅរដ្ឋមន្ត្រីក្រសួងចំនួន២ ដែលអសកម្ម និងស្ពឹកស្រពន់ជាងគេ គឺក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម ។ ហើយរដ្ឋមន្រ្តី ២ រូបនេះ ក៏ត្រូវផ្លាស់ប្ដូរចេញពីក្រសួងដែរ៕
ដោយ ញ៉ែម សំណាង Email: somnangvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!