បច្ចេកវិទ្យាអវកាស សម្រាប់អភិរក្សរមណីយដ្ឋានអង្គរ នឹងពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់តំបន់ បេតិកភណ្ឌដទៃ
បច្ចេកវិទ្យាអវកាស (Remote Sensing) ដែលកំពុងអនុវត្តលើការងារអភិរក្សក្នុង រមណីយដ្ឋានអង្គរសព្វថ្ងៃ អាចនឹងត្រូវពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់តំបន់ បេតិកភណ្ឌដទៃទៀត ដូចជា ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងប្រាសាទបេងមាលាជាដើម។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅថ្ងៃព្រហស្បត៍នេះ។
បច្ចេកវិទ្យាអវកាសគឺជាបច្ចេកវិទ្យាផ្កាយរណបមួយ ដែលអាចឲ្យយើងដឹងពី បម្រែបម្រួលក្នុងតំបន់អង្គរជាប្រចាំ។ ហើយបច្ចេកវិទ្យានេះប្រើប្រាស់ដើម្បីគ្រប់គ្រងទឹក ព្រៃឈើ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយអាចទទួលព័ត៌មានរៀងរាល់៤ថ្ងៃម្តងអំពីបម្រែបម្រួលក្នុងតំបន់អង្គរ។
លោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកលើការប្រើប្រាស់បច្ចេកវិទ្យាអវកាស បានលើកឡើងថា ដោយតែវិសាលភាពនៃបច្ចេកវិទ្យាអវកាសនេះ មានភាពអស្ចារ្យបែបនេះ ទើបនៅក្នុងជំនួបពិភាក្សារវាងលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយលោកសាស្ត្រាចារ្យ Bai Chunli ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រចិន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ លោកបានស្នើឲ្យបណ្ឌិតសភា វិទ្យាសាស្ត្រចិន ជួយពង្រីកវិសាលភាពបច្ចេកវិទ្យានេះទៅកាន់តំបន់បេតិកភណ្ឌដទៃទៀត ដូចជាតំបន់ព្រះវិហារ កោះកេរ និងបេងមាលាជាដើម។
ជាមួយគ្នានេះ លោក ក៏ស្នើឲ្យមានការបណ្តុះបណ្តាលបន្ថែមទៀតដល់មន្ត្រី បុគ្គលិកដែលពាក់ព័ន្ធ ដោយមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាជាតំបន់ស្នូល និងធ្វើយ៉ាងណាឲ្យមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ឬភាគីដែលពាក់ព័ន្ធអាចទទួលបានអាហារូបករណ៍ទៅសិក្សាយកជំនាញ នៃការប្រើប្រាស់បច្ចេកវិទ្យានេះនៅប្រទេសចិន ដើម្បីមកអនុវត្តជាក់ស្តែងនៅកម្ពុជា។
ជាការឆ្លើយតបបណ្ឌិតសភាវិទ្យាសាស្ត្រចិនលោកសាស្ត្រាចារ្យ Bai Chunli សម្តែងការរីករាយ ដោយទទួលរាល់សំណូមពររបស់កម្ពុជា។
គួរបញ្ចាក់ថា អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈកាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៣ ជាមួយមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក្រោមការសម្របសម្រួលដោយអង្គការយូណេស្កូ ស្តីពីគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យា អវកាសសម្រាប់អភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប។ ក្នុងពេលឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរានិងបណ្ឌិតសភាវិទ្យាសាស្ត្រចិន នឹងចុះអនុស្សរណៈជាថ្មី ដោយត្រូវពង្រីកកិច្ចសហប្រតិបត្តិការមួយកម្រឹតទៀត នោះគឺ អាជ្ញាធរជាតិអប្សរាអាចនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់សម្រាប់ការងារស្រាវជ្រាវ ដោយប្រព័ន្ធបច្ចេកវិទ្យាអវកាសទៀតផង។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!