លិខិតតំណាងរាស្ត្រគណបក្សប្រជាជន និងអភិបាលខេត្តកំពង់ឆ្នាំ រងការរិះគន់
លិខិតរដ្ឋបាលរបស់តំណាងរាស្ត្រគណបក្សប្រជាជន និងលិខិតរដ្ឋបាលរបស់អភិបាលខេត្តកំពង់ឆ្នាំ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចែកចាយបន្ត និង រងការរិះគន់យ៉ាងខ្លាំង ក្នុងរយៈពេល២ថ្ងៃនេះ ក្រោយពីបែកធ្លាយ។
លិខិតដែលមានចុះហត្ថលេខារបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំ បានផ្ញើជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អញ្ជើញចូលរួមហែជំនូនកូនមន្ត្រីជាន់ខ្ពស់មួយរូប។ ឯលិខិតរបស់លោក លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជន បានផ្ញើរលិខិតទៅ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ជួយសម្រួល ក្នុងការផ្ទេរ និងដកបង្គោលភ្លើងចេញ ពីមុខភោជនីយដ្ឋានរបស់កូនប្រុសលោក នៅផ្លូវរដ្ឋសភាជាតិ។
ដែលលិខិតទាំងពីរនេះ បានសរសេរជាលក្ខណៈលិខិតរដ្ឋបាល ដោយមានបោះត្រា និងនិមិត្តសញ្ញាតំណាងឲ្យស្ថាប័នរដ្ឋទាំងមូលទៀតផង។
អ្នកលេងបណ្តាញហ្វេសបុកជាច្រើន បានធ្វើការរិះគន់ ក្នុងនោះលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ បានសរសេររិះគន់ថា ប្រើលិខិតរដ្ឋបាលដែលមានរូបសញ្ញា Logo របស់រដ្ឋសភានិងត្រាសាលាខេត្ត ក្នុងនាមជាអភិបាលខេត្ត សម្រាប់កិច្ចការផ្ទាល់ខ្លួនឬបុគ្គលនិងផលប្រយោជន៏ផ្ទាល់ខ្លួនឬបុគ្គលគឺផ្ទុយនឹងអំណាចសាធារណៈ។ លោកបន្ថែមថា គេអាចប្រើលិខិតរដ្ឋបាលសម្រាប់អំណាចសាធារណៈ បម្រើផលប្រយោជន៏សាធារណៈ បម្រើរាស្រ្តនិងសម្រាប់អន្តរាគមន៏ជួយរាស្រ្តដែលជួបរឿងអយុត្តិធម៌បញ្ហាដីធ្លី មិនមែនប្រើសម្រាប់បម្រើបុគ្គលឯកជនទេ។
ឫឯកលោក សន ជ័យ នាយកប្រតិបតិ្ត សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាវិញ បានលើកឡើងបែបចំអកថា ច្បាស់ហើយ លោក ឈាង វុន តំណាងរាស្ត្រដ៍មហិមា មកពី CPP ថា លិខិត នេះជារបស់លោកពិតប្រាកដ ដោយលោកថា លោក សរសេរលិខិតនេះ ជួយកូនរបស់គាត់ដែលជាប្រជារាស្ត្រ។ តែលោកសនជ័យ យល់ថា លិខិតនេះ គឺ ខុសនឹងអំណាចសាធារណៈ ទាំងពេលវេលា និងទីកន្លែង ហើយ ការបើកភោជនីយ៍ដ្ឋាន ជារឿងបុគ្គល គឺមិនត្រូវប្រើ រូបសញ្ញា LOGO ឬ ក្បាលលិខិត របស់រដ្ឋសភា នោះទេ ហើយវាជារឿងកំប្លែងច្រើនជាង។ លោក បង្ហាញទស្សនៈថា ប្រហែលជាត្រូវមានច្បាប់ស្តីពីការគ្រប់គ្រងលិខិតរដ្ឋបាលហើយ ចំពោះករណីនេះ។
យ៉ាងណាក៏ដោយគេមិនទាន់ឃើញមានការចេញមុខបកស្រាយពីសំណាក់ លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជន និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនៅឡើយទេ ជុំវិញករណីនេះ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!