ក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ទទួចអោយក្រុមហ៊ុន Naga world ធ្វើរបង និងខ្លោងទ្វា ពុទ្ធសាសនបណ្ឌិតថ្មី
ក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ដឹកនាំដោយព្រះតេជគុណ បុត ប៉ុនតិញ នៅព្រឹកថ្ងៃសុក្រ ទី ២៥ មីនានេះ បានធ្វើសន្និសិទកាសែតមួយនៅមុខពុទ្ធសាសនបណ្ឌិតទាក់ទងនឹងក្រុមហ៊ុន Naga world មិនបានធ្វើរបង និងខ្លោងទ្វា តាមការសន្យា ក្រោយពីបានវាយកំទេចរបងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ដើម្បីធ្វើផ្លូវក្រោមដី។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
របងដែលកំពុងសាងសង់ ដោយមួយកំណាត់ថ្មី និងមួយតំណត់ចាស់ ខ្លះមានបង្កប់ដែក ខ្លះគ្មានដែក មានតែឥដ្ឋលាយជាមួយស៊ីម៉ង តំរៀបគ្នាជាជួរនៅមុខពុទ្ធសាសនបណ្ឌិត ត្រូវបានបណ្តាញព្រះសង្ឃឯករាជ្យ ធ្វើការរិះគន់ និងលើកឡើងថា ក្រុមហ៊ុន Naga world មិនបានធ្វើតាមការសន្យារបស់ខ្លួននោះទេ ។
ក្នុងនោះ ព្រះតេជគុណ បុត ប៉ុនតិញ តំណាងក្រុមព្រះសង្ឃឯករាជ្យ មានសង្ឃដីការថា ក្រុមហ៊ុន Naga world មិនបានសាងសង់របងថ្មី តាមការសន្យាកាលដែលខ្លួនបានវាយកំទេចខ្លោងទ្វា ដើម្បីធ្វើផ្លូវក្រោមដីនោះទេ ដោយក្រុមហ៊ុននេះ គ្រាន់តែធ្វើបន្ទុបពីលើរបងដែលបែកបាកចាស់ លាយឡំគ្នាតែប៉ុណ្ណោះ។ ព្រះអង្គថា ការធ្វើបែបនេះ គឺគ្មានគុណភាពនោះទេ។
ព្រះតេជគុណ បុត ប៉ុនតិញ ថា ក្រុមហ៊ុន នេះ បានសាងសងផ្លូវក្រោមដី និងសួនច្បារ ខ្ពស់ជាងអាគារពុទ្ធសាសនបណ្ឌិតទៀត ដោយការសាងសងទាំងនេះ ធ្វើឲ្យបាត់បង់នូវសោភ័ណភាព ដែលអាចធ្វើឲ្យសាធារណៈជន លែងចាប់អារម្មណ៍ និងលែងស្គាល់ ថាមានអាគារពុទ្ធសាសនបណ្ឌិតនៅទីនេះ។
ចំណែកឯ លោកអាចារ្យ វាយ វិបុល ជាទីប្រឹក្សាក្រសួងធម្មការ និងសាសន៍ បារម្ភថា ការសាងសង់របងបែបនេះ អាចនឹងបង្កហានិភ័យទៅថ្ងៃក្រោយ ព្រោះតែការសាងសង់គ្មានភាពរឹងមាំ ដែលងាយនឹងបាករលំ និងមិនបានយូអង្វែង។ ដូចនេះ លោក ចង់ឃើញក្រុមហ៊ុន Naga world ធ្វើតាមការសន្យារបស់ខ្លួន ដែលថា នឹងសាងសង់របងថ្មី ខ្លោងទ្វាថ្មី ឲ្យមានភាពរឹងមាំ រក្សាគុណភាពបានល្អ ជៀសវាងសាងសងដូចបច្ចុប្បន្ន។
ភ្លាមៗ ក្រោយពីក្រុមបណ្តាញព្រះសង្ឃឯករាជ្យ បានប្រកាសថា នឹងធ្វើសន្និសិទកាសែត នៅថ្ងៃព្រហស្បត៍ម្សិលមិញ ក្រសួងធម្មការ និងសាសន៍ បានចេញសេចក្តីជូនដំណឹងមួយជុំវិញការជួសជុលរបង និងខ្លោងទ្វាខាងជើងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតឡើងវិញ ដោយអះអាងថា ក្រុមហ៊ុន Naga world បានចាប់ផ្តើមជួសជុលរបងពុទ្ធសាសនបណ្ឌិតជាបណ្តើរៗហើយ ដោយកន្លងទៅ របងនេះ មិនត្រូវបានរុះរើទេ ចំណែងឯខ្លោងទ្វាវិញ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់បន្ទាប់ពីការជួសជុលរបងចប់រួចរាល់ ក្នុងពេលខាងមុខ។
បន្ថែមពីការចេញសេចក្តីជូនដំណឹង អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានប្រាប់វិទ្យុសំឡេងយុវជននៅព្រឹកនេះថា ក្រុមហ៊ុន បានធ្វើទៅតាមកិច្ចសន្យាហើយ ដោយក្នុងនោះ ក្រុមហ៊ុន ត្រូវជួសជុលរបង ដែលបាក់បែងឲ្យថ្មីដូចដើម មិនមែនសាងសង់របងថ្មីនោះទេ។ ហើយជុំវិញបញ្ហានេះ ក្រសួងបានយកចិត្តទុកដាក់បំផុត មិនមែនដូចថ្មី ដែលព្រះសង្ឃមានសង្ឃដីការថា ក្រសួងមិនយកចិត្តទុកដាក់នោះទេ។ លោកថា ការតវ៉ារបស់ព្រះសង្ឃ អាចនឹងមានការយល់ច្រឡំ ឬមិនបានជ្រាបពីព័ត៌មានជាក់លាក់រវាងក្រុមហ៊ុន និងក្រសួងនាពេលកន្លងទៅ។
ទោះបែបណា បណ្តាញព្រះសង្ឃឯករាជ្យ ព្រមានថា នឹងតវ៉ាបន្តទៀត បើសិនមិនមានការសាងសង់របងវិទ្យាស្ថានពុទ្ធសានបណ្ឌិតឡើងវិញ។
គួរបញ្ចាក់ថា កាលពីដើមឆ្នាំ២០១៥ របង និងខ្លោងទ្វារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានរងការវាយកម្ទេច ខណៈដែលក្រុមហ៊ុន Naga World កំពុងដំណើរការសាងសង់ Naga ២ នៅជ្រុងម្ខាងទៀតនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត។ ជាមួយគ្នានេះ ពាក្យចចាមអារ៉ាម ជុំវិញការទិញលក់ទីតាំងវិទ្យាស្ថាននេះ ក៏បានបណ្ដាលឲ្យសាធារណជន និងព្រះសង្ឃ ផ្ទុះបាតុកម្មតវ៉ាបញ្ឈប់ការសាងសង់ Naga ២ ជាបន្តបន្ទាប់ផងដែរ។
ជាការឆ្លើយតប រដ្ឋាភិបាល ក៏បានបំភ្លឺលើករណីនេះថា ក្រុមហ៊ុន Naga ដែលជាក្រុមហ៊ុនមេរបស់កាស៊ីណូ Naga World ត្រូវបានអនុញ្ញាតឲ្យសាងសង់អនុស្ថានីយអគ្គិសនី លើដីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដើម្បីផ្គត់ផ្គង់អគ្គិសនី ទៅសណ្ឋាគារថ្មីមួយរបស់ក្រុមហ៊ុននេះ នៅផ្លូវម្ខាងទៀតប៉ុណ្ណោះ ហើយក៏មិនមានការលក់ ឬដោះដូរវិទ្យាស្ថាននេះដែរ ចំណែកការរុះរើរបង និងខ្លោងទ្វារវិទ្យាស្ថាន គឺដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដី ដែលជាគម្រោង Naga City Walk ហើយបន្ទាប់ពីបញ្ចប់ការសាងសង់ នឹងមានការសាងសង់របង និងខ្លោងទ្វារវិទ្យាស្ថាននេះតាម រចនាបថដូចដើមឡើងវិញ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!