បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ លោក ត្រាំប៍ បានកាន់អំណាច សហរដ្ឋអាមេរិកវឹកវរមែនឬ ???
ការដែល "បុរសមាត់ឥតគំរប " ដូណាល់ ត្រាំប៍ ជាមហាសេដ្ឋីអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅ ទីក្រុងញូវយ៉ក អាយុ ៦៩ឆ្នាំ មានទ្រព្យសម្បត្តិច្រើនជាង ៤,៥០០ លានដុល្លាសហរដ្ឋអាមេរិក មានជំនឿលើខ្លួនឯង មានអត្តាខ្ពស់ សំដីនិយាយមិនចេះកោតក្រែង ក្អេងក្អាង ធ្លាប់សំដែងវោហារដុតរោលក្តៅគគុក រហូតទទួលបានសំឡេងគាំទ្រពីសាធារណជនវណ្ណៈកម្មករយ៉ាងលើសលុប។ ប៉ុន្តែ ... បែរជាត្រូវឥស្សរជនជាន់ខ្ពស់ក្នុងបក្សជំទាស់ដាច់ក្បាលដាច់កន្ទុយ។ សំឡេង់៖
មនុស្សលើពិភពលោកកំពុងចាប់អារម្មណ៍ចំពោះព័ត៌មាន... "តួឆ្នើម" ពីរនាក់ចុងក្រោយ តាមការវិភាគពីលទ្ធផលបឋម ពួកគេមានឳកាសធ្វើជាតំណាងបក្សទាំងពីរ ដើម្បីប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនោះគឺ លោក ដូណាល់ ត្រាំប៍ "បុរសមាត់ឥតគំរប " ជនក្រអឺតក្រទមនៃគណបក្សសាធារណរដ្ឋ និងលោកស្រី ហ៊ីលឡារី គ្លីនតុន អតីតស្ត្រីលេខ១នៃគណបក្សប្រជាធិបតេយ្យ ... ទាំងពីរនាក់ទទួលបានសំឡេងគាំទ្រពីបណ្តារដ្ឋនានាយ៉ាងលើសលប់ឲ្យធ្វើជាតំណាងគណបក្សរៀងៗខ្លួន ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនាខែវិច្ឆិកាចុងឆ្នាំនេះជាផ្លូវការនានាទីចុងក្រោយ។
អ្នកវិភាគជាច្រើនមើលឃើញថា ផ្លូវឡើងទៅកាន់អំណាចនៃបុគ្គលទាំងពីរមិនបានរោយដោយស្រទាប់កុលាបនោះទេ នៅត្រូវជម្នះឧបសគ្គជាច្រើនរាប់មិនអស់ ជាពិសេសលោក ដូណាល់ ត្រាំប៍ ក៏ព្រោះតែក្នុងគណបក្សសាធារណរដ្ឋមានរលកប្រឆាំងយ៉ាងទូលំទូលាយ និងមានការយល់ឃើញមិនស្របគ្នាជាច្រើនបក្សច្រើនពួក បានសម្តែងការប្រឆាំងលោក ត្រាំប៍ ជាចំហរនិងគ្រប់រូបភាព ជាអាទិ៍ ការចេញលិខិតជំទាស់បកអាក្រាតមិនលាក់លៀមខ្លាំងក្លាធ្ងន់ធ្ងរជាដើម ដូច្នេះហើយទើបការឈានឆ្លងឧបសគ្គរបស់លោក ត្រាំប៍ មិនមែនជារឿងងាយឡើយ នៅត្រូវអាស្រ័យ "លក្ខខណ្ឌ" និងកត្តាជាច្រើនផ្សេងទៀត ..។
អ្វីដែលសំខាន់បំផុតនោះគឺ លោក ត្រាំប៍ ត្រូវប្រើសមត្ថភាពបញ្ចុះបញ្ចូលទឹកចិត្តសមាជិកដែលមានឥទ្ធិពលយល់ឃើញផ្ទុយនៅក្នុងគណបក្សសាធារណរដ្ឋ ឲ្យងាកត្រឡប់មកគាំទ្រខ្លួនយ៉ាងឯកភាព បែបក្រឡាស់វិបត្តិឲ្យក្លាយជាឱកាសបានសម្រេចជោគជ័យតិចច្រើនកំរិតណា ??? ទើបនេះជាចំណោទដ៏ធំ ដែលលោកត្រូវកែហ្គេមឲ្យបានមុនថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ព្រោះលោក ត្រាំប៍ ផ្ទាល់ក៏ដឹងច្បាស់ហើយថា បើទទួលបានការគាំទ្រពីគណបក្ស នោះប្រាកដណាស់ថា គ្មានអ្វីនឹងអាចបញ្ឈប់ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិករបស់ខ្លួនលើគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ ឬលោកស្រី ហ៊ីលឡារី ជាប្រាកដ។
វិភាគលទ្ធផលបោះឆ្នោតជំហានដំបូង ដើម្បីប្រជែងជាតំណាងគណបក្សសាធារណរដ្ឋកន្លងមករបស់លោក ត្រាំប៍ ដែលដណ្តើមជ័យជម្នះបន្ថែមទៀតនៅរដ្ឋ៣ សរុបជ័យជម្នះបាន ១៥រដ្ឋ ពីចំនួន ២៤រដ្ឋ ប្រមូលសំឡេងក្រុមប្រឹក្សាតំណាងបក្សបានយ៉ាងហោចណាស់ ៤៤៦ សំឡេង ឈ្នះលើលោក ថេត គ្រូស ព្រឹទ្ធសមាជិករដ្ឋតិចសាស់ បានសំឡេងយ៉ាងហោចណាស់ ៣៤៧ សំឡេង តាមដោយលោក ម៉ារ៍គ រ៉ូប៊ីអូ ព្រឹទ្ធសមាជិករដ្ឋផ្លរីដា បានសំឡេងយ៉ាងហោច ១៥១ សំឡេង តាមប្រព័ន្ធនោះអ្នកដែលឈ្នះបានជាតំណាងគណបក្សសាធារណរដ្ឋ ត្រូវដណ្តើមសំឡេងពីក្រុមប្រឹក្សាតំណាងបក្សឲ្យបានចំនួន ១,២៣៧ សំឡេង។
គួរឲ្យជឿបានថា ទីបំផុតនោះនឹងនៅសល់តែពីរនាក់ គឺលោក ត្រាំប៍ និងលោកស្រី ហ៊ីលឡារី ដែលមានឱកាសឡើងប្រកួតដណ្តើមជើងឯកម្ចាស់កៅអី។
គណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន គូប្រជែងដ៏សំខាន់ដណ្តើមសំឡេងក្រុមប្រឹក្សាតំណាងបក្សបានចំនួន ១,២២១ សំឡេងរួចទៅហើយ តាមដោយលោក ប៊ើរនី សែនដឺរស៍ ព្រឹទ្ធសមាជិករដ្ឋ វើរ៍ម៉នដ៍ បាន ៥៧១សំឡេង មិនរាប់បញ្ចូលឈ្នះ៣រដ្ឋទៀត គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ គឺរដ្ឋ អាឡាស្កា រដ្ឋវ៉ាស៊ីនតោន និងរដ្ឋហាវ៉ៃ ។ ប្រព័ន្ធជ្រើសរើសរបស់ក្រុមប្រឹក្សាតំណាងបក្សប្រជាធិបតេយ្យ ការដែលបានឡើងទៅប្រជែងតំណែងកៅអីប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវទទួលបានការគាំទ្រដល់ទៅ ២,៣៨៣ សំឡេង។
ការដែល "បុរសមាត់ឥតគំរប " ដូណាល់ ត្រាំប៍ ជាមហាសេដ្ឋីអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅ ទីក្រុងញូវយ៉ក អាយុ ៦៩ឆ្នាំ មានទ្រព្យសម្បត្តិច្រើនជាង ៤,៥០០ លានដុល្លាសហរដ្ឋអាមេរិក មានជំនឿលើខ្លួនឯង មានអត្តាខ្ពស់ សំដីនិយាយមិនចេះកោតក្រែង ក្អេងក្អាង ធ្លាប់សំដែងវោហារដុតរោលក្តៅគគុក រហូតទទួលបានសំឡេងគាំទ្រពីសាធារណជនវណ្ណៈកម្មករយ៉ាងលើសលុប។ ប៉ុន្តែ ... បែរជាត្រូវឥស្សរជនជាន់ខ្ពស់ក្នុងបក្សជំទាស់ដាច់ក្បាលដាច់កន្ទុយ ទាំងអស់នេះ តើមកពីហេតុអ្វីទៅ ??? មានអ្វីលាក់បាំងនៅពីក្រោយឆាក ??? ហើយតើអាចឆ្លងកាត់ច្រកទ្វារអរហន្តទាំង១៨ ក្នុងបក្សជាចុងក្រោយបានដែរឬយ៉ាងណា ??? ជារឿងគួរឲ្យតាមដាន….
បណ្តាអ្នកចាស់ទុំនៅក្នុងបក្សសាធារណរដ្ឋ នាំគ្នាចេញមកសំដែងការយល់ឃើញនិងក្តីព្រួយបារម្ភថា ៖
ប្រសិនថ្ងៃមួយដែលលោក ដូណាល់ ត្រាំប៍ ទទួលបានការស្នើឈ្មោះជាបេក្ខជនប្រធានាធិបតី រំពឹងថានឹងត្រូវចាញ់លោកស្រី ហ៊ីលឡារី ជាប្រាកដ ដែលបើទៅតាមអ្វីដូចបានពោលនោះ រមែងហុចផលឲ្យគណបក្សសាធារណរដ្ឋទទួលរងនូវការអាម៉ាស់ហួសនឹងទ្រាំមិនខាន។
ហេតុអ្វីលោក ដូណាល់ ត្រាំប៍ "បុរសង៉ោកង៉ាក" អ្នកមានគោលនយោបាយរឹងត្អឹង ប្រើវោហារសាសន៍លាន់ដូចរន្ទះដោយកាយវិការក្អេងក្អាង រហូតធ្វើឲ្យបណ្តាឥស្សរជនចាស់ទុំក្នុងបក្សព្រួយបារម្ភថា អាចជាការបង្កសត្រូវពីបរទេស តែសភាពពិតដែលប្រាកដ ការថ្លែងរកសំឡេងដ៏ក្តៅគគុកកន្ត្រាក់ចិត្តត្រឡប់បែរជាទទួលបានការពេញចិត្តពេញថ្លើមពីមហាជន ដែលកំពុងធុញទ្រាន់ចំពោះការបរាជ័យនៃដំណោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបច្ចុប្បន្ន ទើបធ្វើឲ្យលោកបានទទួលសំឡេងជ្រើសរើសបឋមកើនឡើងក្នុងរដ្ឋជាច្រើនដូចដែលបានឃើញ។
គួរឲ្យចំឡែកណាស់សំរាប់អ្នកនយោបាយ ក៏គឺអភូតហេតុ...មានសមាជិកជាន់ខ្ពស់និងបុគ្គលសំខាន់ៗក្នុងគណបក្សសាធារណរដ្ឋនាំគ្នាចុះហត្ថលេខាលើលិខិតជំទាស់ការធ្វើជាតំណាងរបស់លោក ដូណាល់ ត្រាំប៍ ព្រមៗគ្នាជាច្រើននាក់ ខ្លឹមសារនៅក្នុងលិខិតសរសេរព្រមានដោយពាក្យពេចន៍ធ្ងន់ៗថា បើលោក ត្រាំប៍ ជនក្រអឺតក្រទម បានឡើងកាន់អំណាចក្នុងតំណែងជាប្រធានាធិបតីនោះ លោកនឹងឆ្កួតអំណាច រហូតបង្កគ្រោះថ្នាក់យ៉ាងមហន្តដល់ស្ថិរភាពឬសុវត្ថិភាពរបស់ប្រជាជនអាមេរិកាំងមិនខាន។
ក្នុងលិខិតជំទាស់បានបន្ថែមទៀថា ពាក្យពេចន៍ប្រាស្រ័យដ៏ក្តៅរោលរាលរបស់លោក ត្រាំប៍ ធ្វើឲ្យពួកយើងសន្និដ្ឋានបានថា ភ្លាមៗដែលលោកបានក្លាយជាប្រធានាធិបតី លោក (ត្រាំប៍) នឹងតំឡើងអំណាចតាមអំពើចិត្ត បង្កសត្រូវគ្រប់ទិសទី ដែលក្រៅពីធ្វើឲ្យសហរដ្ឋអាមេរិកគ្មានសុវត្ថិភាពហើយនោះ នៅជាការអាប់ឳនដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សហរដ្ឋអាមេរិកក្នុងខ្សែភ្នែកសហគមន៍អន្តរជាតិទៀតផង។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការរួមចុះហត្ថលេខាលើលិខិតនោះ មានទាំងអតីតអ្នកដឹកនាំប្រទេស អតីតមន្ត្រីជាន់ខ្ពស់ធនាគារពិភពលោក និងរដ្ឋមន្រ្តីក្រសួងការបរទេស ។ល។ ជារឿងគួរឱ្យភ្ញាក់ផ្អើល។
ខ្លឹមសារនៃលិខិតនោះបានលើកឡើងថា ការនិយាយប្រឆាំងនឹង "ជនមូស្លីម" យ៉ាងធ្ងន់ធ្ងរនិងគំនិតឲ្យមានការសាងសង់កំពែងខ្ពស់ ដើម្បីរារាំងជនភៀសខ្លួនម៉ិកស៊ិកមិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក ដោយអះអាងថា ជនជាតិម៉ិកស៊ិកជាឧក្រិដ្ឋជនផ្លូវភេទនោះ ជាគំនិតនិងពាក្យសំដីអាក្រក់ខ្វះតក្កនិងគ្មានហេតុផល។
ព្រមទាំងបានបញ្ជាក់យ៉ាងមាំទាំថា "ក្នុងនាមជាសមាជិកដ៏ស្មោះត្រង់របស់គណបក្សសាធារណរដ្ឋអស់ពេលដ៏យូរ ពួកយើងមិនអាចអត់ធ្មត់បណ្តោយឲ្យលោក ត្រាំប៍ ជនក្អេងក្អាងទទួលតំណែងជាតំណាងគណបក្ស ដើម្បីទៅប្រកួតប្រជែងតំណែងមេដឹកនាំសហរដ្ឋអាមេរិកជាដាច់ខាត។
លិខិតបានបញ្ជាក់បន្តទៀតថា ពួកយើងនឹងព្យាយាមធ្វើការរារាំងបុគ្គលដែលមានបុគ្គលិកលក្ខណៈមិនសមរម្យនឹងតំណែងប្រធានាធិបតីតាមគ្រប់វិធីទាំងអស់ និងបានសម្តែងការព្រួយបារម្ភថា ប្រសិនបើគណបក្សបញ្ជូនទៅហើយ ចាញ់លោកស្រី ហ៊ីលឡារី ក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ វាកាន់តែធ្វើឲ្យគណបក្សទទួលរងនូវការអាម៉ាស់ជាទីបំផុត។
ក្នុងជ្រុងមួយទៀត លោក ត្រាំប៍ រមែងបង្ហាញចក្ខុវិស័យរកសំឡេងដោយការជេរប្រមាថថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលបច្ចុប្បន្នថាជាមនុស្សភ្លីភ្លើ គ្មានបញ្ញាដោះស្រាយបញ្ហាស្រុកទេសដោយគ្មានកោតក្រែងនរណាឡើយ ទើបមានការមន្ទិលសង្ស័យកើតឡើងថា មានអ្នកស្រឡាញ់ ក៏តែងមានអ្នកស្អប់ច្រើន តែហេតុអ្វីបានជាលោក ត្រាំប៍ អាចរកសំឡេងគាំទ្របានច្រើនដល់ថ្នាក់នេះ ???
ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកបានចង្អុលបង្ហាញថា លទ្ធិឬមនោគមវិជ្ជានយោបាយរបស់លោក ត្រាំប៍ បានក្លាយទៅជានិមិត្តសញ្ញាថ្មីមួយ សមស្របទៅនឹងតម្រូវការស្វែងរកនូវអ្វីដែល «ប្រសើរជាង» នៃជនវណ្ណៈកម្មករ ។ លោក ត្រាំប៍ ប្រើគោលការចិត្តសាស្ត្រថ្លែងបំផុសស្មារតីថា ដល់ពេលវេលាហើយដែលជនវណ្ណៈកម្មករ ត្រូវមានសិទ្ធិស្របច្បាប់ក្នុងការសម្តែងនូវការមិនពេញចិត្តចំពោះថ្នាក់ដឹកនាំ ក៏ព្រោះតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មក ចំណូលរបស់ពួកកម្មករគ្មានការកើនឡើងឡើយ ពុំនោះសោតនៅមានសហគ្រាសឧស្សាហកម្មធំៗធ្វើចំណាកស្រុកទៅនៅក្រៅប្រទេសយ៉ាងច្រើន ហើយបណ្តោយទុកឲ្យជនអន្តោប្រវេសន៍បរទេសចូលមកក្នុងសហរដ្ឋអាមេរិកកាន់តែច្រើនឡើង ធ្វើឲ្យមានការប្រជែងដណ្តើមការងារគ្នាធ្វើ កាន់តែអាក្រក់បំផុតនោះ សហរដ្ឋអាមេរិកដែលធ្លាប់ទទួលបានការកោតសរសើរថាជាប្រទេសដែលតែងលើកតម្កើងសមភាព សេរីភាព និងសិទ្ធិមនុស្ស ប៉ុន្តែមកដល់ពេលនេះ អ្វីទាំងអស់នោះបានអន្តរធានអស់ គ្មានសល់ទុកឲ្យមនុស្សជំនាន់ក្រោយទទួលយកបន្តទៀតទេ ....
ក្រុមអ្នកវិភាគមើលឃើញថា ទោះមានអាមេរិកាំងជនដ៏ច្រើនមិនយល់ស្របនឹងគោលនយោបាយរបស់លោក ត្រាំប៍ តែមិនអាចមើលស្រាលបានឡើយ ព្រោះលោក ត្រាំប៍ មានជំនាញនិងភាពវៃឆ្លាតក្នុងរឿងនយោបាយមិនចាញ់ការធ្វើពាណិជ្ជកម្មឲ្យទទួលបានជោគជ័យ ដោយការ បង្វែរវិបត្តិឲ្យក្លាយជាឱកាស ឈានឡើងទៅកាន់តំណែងប្រធានាធិបតីដោយគ្មាននរណានឹកស្មានដល់ កណ្តាលចំណោមភាពស្រឡាំងកាំង-ព្រួយបារម្ភពីសំណាក់ពួកប្រឆាំង ក៏អាចទៅរួច !!!
ការស្ទង់មតិជនជាតិអាមេរិកាំងរកឃើញថា លោក ត្រាំប៍ មានការគាំទ្រ 42% ចំណែកលោកស្រី ហ៊ីលឡារី ទទួលបាន 45% សម្រាប់ការយល់ឃើញរបស់អ្នកដែលមិនពេញចិត្តលោកស្រី ហ៊ីលឡារី និងលោក ត្រាំប៍ ស្ថិតក្នុងចន្លោះ 60-55% ដូច្នោះសរុបសេចក្តីទៅ ពុំមែនលោក ត្រាំប៍ ពិតជាចាញ់លោកស្រី ហ៊ីលឡារី ជានិច្ចនោះឡើយ។
លទ្ធផលបានពីការដែលលោក ត្រាំប៍ ចេញមកបង្ហាញចក្ខុវិស័យ រិះគន់បញ្ហាជនអន្តោប្រវេសន៍ និងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលខុសផ្លូវរបស់រដ្ឋាភិបាលបច្ចុប្បន្ន ធ្វើឲ្យលោកទទួលបានសំឡេងគាំទ្រពីអ្នកបោះឆ្នោតយ៉ាងច្រើនលើសលុប ប៉ុន្តែអាកប្បកិរិយាដែលចោទប្រកាន់ជនជាតិម៉ិកស៊ិកថាជាឧក្រឹដ្ឋករផ្លូវភេទ និងដាក់វិធានការហាមជនម៉ូស្លីមចូលក្នុងប្រទេស រហូតដល់ការប្រើសំដីចំអកឡកឡឺយស្ត្រីភេទនិងជនពិការយ៉ាងក្រអឺតក្រទមនោះ សុទ្ធតែជាឆ្នួនបង្កឲ្យកើតការប្រឆាំងយ៉ាងខ្លាំង ពីអ្នកមានតួនាទីក្នុងគណបក្សសាធារណរដ្ឋទាំងអស់។
គំនិតបដិបក្ខជាមួយរដ្ឋាភិបាលបច្ចុប្បន្ន បានបង្កឡើងយ៉ាងស្ងៀមស្ងាត់ពីប្រជាជនវណ្ណៈកម្មករអ្នកនិយមលទ្ធិជ្រុលនិយម ទើបលោក ត្រាំប៍ ត្រូវបានមើលឃើញថា គួរជាមេដឹកនាំដែលសមរម្យក្នុងស្ថានការបច្ចុប្បន្ន ដើម្បីឆ្លើយតបអារម្មណ៍មិនសប្បាយចិត្តរបស់ប្រជាជនដែលមានចំពោះរដ្ឋាភិបាល ស្របគ្នាទៅនឹងចិត្តសាស្ត្រការប្រឆាំងបញ្ហាជនអន្ដោប្រវេសន៍ខុសច្បាប់ ដោយប្រើវិធី «កណ្ដាប់ដៃដែក» តាមគោលការណ៍ « ត្រាំប៍ជនអហំង្ការ»។
អ្នកជំនាញផ្នែកនយោបាយនៅសហរដ្ឋអាមេរិកនាំគ្នារិះគន់ថា សំដីមើលងាយស្ត្រីរបស់លោក ត្រាំប៍ អាចមានផលធ្វើឲ្យចាញ់លោកស្រី ហ៊ីលឡារី នៅទីបំផុត តែការពិតដែលមិនត្រូវមើលរំលងគឺ អារម្មណ៍មិនពេញចិត្តរបស់ប្រជាជនដែលមានចំពោះរដ្ឋាភិបាលបច្ចុប្បន្នកើនឡើងគ្រប់ពេលវេលា ដូច្នេះការជេរនិងវាយប្រហារទៅលើរដ្ឋាភិបាលរបស់លោក ត្រាំប៍ អាចបំពេញចិត្តអ្នកបោះឆ្នោត រហូតជាផលវិជ្ជមានដល់សំឡេងគាំទ្ររបស់គាត់ក៏អាចទៅរួចផងដែរ។
ប្រសិនបើមើលស្ថានការណ៍នាពេលនេះ យើងជឿថា លោកស្រី ហ៊ីលឡារី មានប្រៀបក្នុងការទទួលបានជោគជ័យច្រើនជាងលោក ត្រាំប៍ ជនក្អេងក្អាង ព្រោះខ្លួនលោក ត្រាំប៍ ផ្ទាល់ក៏មានភាពមួរហ្មងផងដែរ ដូចជា ដំណឹងស្តីពីការមានទំនាក់ទំនងជាមួយក្រុម 3K ឬការប្រកាសពន្ធមិនច្បាស់លាស់ រហូតដល់ការបង្ហាញឥរិយាបថមើលងាយស្ត្រីនិងជនពិការ គួរតែហុចផលឲ្យលោកស្រី ហ៊ីលឡារី ទទួលបានសំឡេងគាំទ្រកើនឡើង ប៉ុន្តែបើងាកទៅវិភាគស្ថានការណ៍មួយដែលគ្មាននរណារំពឹងទុកនោះ ... លោក ត្រាំប៍ អាចនឹងឡើងជាអ្នកនាំមុខនៅនាទីចុងក្រោយ បើទោះបីមិនមែនជាការពេញចិត្ត 100% ពីប្រជាជនដែលមានសិទ្ធិបោះឆ្នោតក៏ដោយ គង់ត្រូវអធិប្បាយថា... នោះអាចជាការបង្ហាញតួនាទីរបស់ប្រជាជនអាមេរិកាំងដែលអស់សង្ឃឹម - ធុញទ្រាន់នឹងអ្នកនយោបាយជំនាន់ចាស់ ដែលមានលោកស្រី ហ៊ីលឡារី នៅក្នុងនោះផង មិនបានបង្កើតស្នាដៃឬការដឹកនាំប្រទេសដើម្បីផលប្រយោជន៍ប្រជាជនពិតប្រាកដ ជាហេតុធ្វើឲ្យប្រជាជនមានសិទ្ធិបោះឆ្នោតចង់សាកល្បងប្រើ "សេវាកម្មថ្មី" ខ្លះនោះឯង។
ន័យមួយទៀត អាចកើតចេញពីជំនឿចិត្តទៅលើ "សច្ចៈភាព "របស់លោកស្រី ហ៊ីលឡារី ដែលពុំសូវមានលំនឹង ??? ... យ៉ាងណាក៏ដោយយើងមានការព្រួយបារម្ភជំនួសប្រជាជនអាមេរិកាំង... បើមិនទទួលយកលោកស្រី ហ៊ីលឡារី តែទៅយករបស់ថ្មីដូចយ៉ាងលោក ត្រាំប៍ "ជនមាត់ដាច " ក្អេងក្អាង ឈ្លក់អំណាច អាចនឹងធ្វើឲ្យសហរដ្ឋអាមេរិកមានសត្រូវបន្ថែមនិងវឹកវរ ខ្វះការជឿទុកចិត្តពីបរទេស តាមពាក្យចោទប្រកាន់នៅក្នុងលិខិតជំទាស់របស់គណបក្សសាធារណរដ្ឋឬមួយយ៉ាងណា ??? គួរឲ្យតាមដាន ... អ្នកយុទ្ធសាស្រ្តគណបក្សសាធារណរដ្ឋ បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា ... "លោក ដូណាល់ ត្រាំប៍ មានវិធីសាងថាមពលទាក់ទាញចិត្តឲ្យជនវណ្ណៈកម្មករនិយមគាំទ្រច្រើនយ៉ាងណាក៏ដោយ ផ្ទុយទៅវិញលទ្ធផលក៏អាចតបស្នងក្នុងផ្លូវអវិជ្ជមានបានផងដែរ។
យ៉ាងណាក៏ដោយ... មិនថាភាគីណាជាអ្នកឈ្នះ ក្នុងហ្គេមប្រកួតដណ្តើមអាសនៈនាលើកនេះទេ ប៉ុន្តែ ... ប្រជាជន (មិនត្រឹមតែជាពលរដ្ឋអាមេរិកាំងឡើយ) រមែងកើតមានការធុញទ្រាន់ -ស្អប់ខ្ពើមចំពោះសកម្មភាពគៃបន្លំកុហកបោកប្រាស របស់មេដឹកនាំខ្លួនក្នុងគ្រប់ប្រទេស ... នេះជា "សច្ចៈធម៌" !!!
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!