សម្តេចហ៊ុនសែន អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមប្រកួតក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូ
នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមបង្ហាញស្នាដៃគំរូ តាមរយៈការចូលរួមប្រកួតក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូ តាមទំព័រហ្វេសប៊ុកសម្តេច ដែលនឹងចាប់ផ្តើមឡើងនៅដើមខែមេសា២០១៦ខាងមុខ និងមានជូនទូរស័ព្ទ Iphone 6 សម្រាប់អ្នកទទួលជ័យលាភ័យ។ សំឡេង៖
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាព្រឹកថ្ងៃទី ២៩ មីនានេះថា នឹងបង្កើតកម្មវិធី ខ្ញុំជាយុវជនគំរូ តាមទំព័រហ្វេសប៊ុកសម្តេច ដែលនឹងចាប់ផ្តើមឡើងនៅដើមខែមេសា២០១៦ខាងមុខនេះ។ លោកបានអំពាវនាវដល់ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ជាពិសេសយុវជន និងយុវនារីឲ្យចូលរួមបង្ហាញស្នាដៃគំរូល្អក្នុងសង្គមទាំងអស់គ្នា និងជំរុញយុវជនយុវនារីអោយក្លាយជាពលរដ្ឋគំរូល្អក្នុងសង្គម។
លោកបញ្ជាក់ថា ដើម្បីជាការជំរុញលើកទឹកចិត្តពួកគាត់ឲ្យខិតខំប្រឹងប្រែងបញ្ចេញស្នាដៃគំរូល្អៗ លោកនឹងជូនទូរស័ព្ទ Iphone ៦ ១៦GB មួយគ្រឿង លិខិតសរសើរ និងសម្លៀកបំពាក់កីឡា១កំប៉្លេ ដល់បេក្ខជនឬបេក្ខនារីណាដែលទទួលជ័យលាភ័យលេខ១ ចំណែកឯបេក្ខជនឬបេក្ខនារីជម្រើស១០នាក់ដំបូងនឹងទទួលបានសម្លៀកបំពាក់កីឡាម្នាក់១កំប៉្លេ និង លិខិតសរសើរម្នាក់១ច្បាប់ពីលោកនាយករដ្ឋមន្រ្តីផងដែរ ដែលការប្រគល់រង្វាន់ នឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព។
សូមជម្រាបថា កម្មវិធីនេះគឺតម្រូវឲ្យបេក្ខជនឬបេក្ខនារីជ្រើសរើសប្រធានបទសកម្មភាពគំរូល្អជាក់ស្តែងដូចជា សកម្មភាពអប់រំលើកស្ទួយការគោរពច្បាប់ចរាចរណ៍ សកម្មភាពនៃអំពើល្អទាំងឡាយ ដែលជួយទៅលើកុមារកំព្រា ស្រ្តីម៉េម៉ាយ ជនចាស់ជរាគ្មានទីពឹង និងជនពិការជាដើម សកម្មភាពជួយយកអាសាជនរងគ្រោះក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អគ្គីភ័យ ឬគ្រោះទឹកជំនន់ជាដើម សកម្មភាពសំអាតអនាម័យ សម្រាប់ នៅតាមទីធ្លាសាធារណៈ និងក្នុងទីក្រុង ឬសកម្មភាពទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន ដែលយល់ថានឹងអាចទទួលបានការបោះឆ្នោតគាំទ្រ ហើយតាក់តែង ឬផលិតប្រធានបទទាំងនេះឲ្យចេញជាសាច់រឿងចូលរួមប្រកួតប្រជែង ទៅតាមឯកទេស និងជំនាញ ៤ ប្រភេទរួមមានកំណាព្យ និងអត្ថបទ វីដេអូ ចំរៀង និងគំនូរ។
ចំពោះលក្ខន្តិកៈក្នុងការចូលរួមប្រកួតប្រជែងបេក្ខជនឬបេក្ខនារីត្រូវ មានគណនី Facebook ពិត លេខទូរស័ព្ទ និងអ៊ីម៉ែល មានស្នាដៃគំរូហើយ ឬមានបំណងបង្កើតស្នាដៃគំរូសម្រាប់យុវជន និងសង្គមជាតិ និងបាន Add, Like page សម្តេច ហ៊ុន សែន។ បេក្ខជនឬបេក្ខនារីអាចដាក់ពាក្យប្រឡងតាមរយៈគេហទំព័រ សម្តេចហ៊ុនសែន ដែលក្នុងវគ្គនីមួយៗ គឺទទួលពាក្យតែ១០០នាក់ប៉ុណ្ណោះ។លើសពីនេះទៀត ប្រសិនបើបេក្ខជន ឬបេក្ខនារីប្រកួតមិនជាប់លើកទី១ គឺអាចដាក់ពាក្យប្រកួតប្រជែងលើប្រធានបទថ្មី នៅក្នុងការប្រកួតប្រជែងលើកក្រោយៗទៀត។
សូមបញ្ជាក់ថា ការប្រឡងមានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃដាក់ពាក្យដល់ថ្ងៃចេញលទ្ឋផល ដែលរយៈពេលចំនួន ៤ ថ្ងៃគឺទុកសម្រាប់ឲ្យពលរដ្ឋចូលបោះឆ្នោត បន្ទាប់ពីគណកម្មាការទទួលបាន វីដែអូ កំណាព្យនិងអត្ថបទ ចំរៀង ឬគំនូររបស់បេក្ខជន បេក្ខនារីទាំង១០០នាក់ដែលបានដាក់បង្ហោះនៅលើ វេបសាយ (Website) សម្តេចតេជោ ដើម្បីជ្រើសរើសបេក្ខជនពូកែចំនួន ១០ នាក់។បន្ទាប់មកទៀតគឺយកស្នាដៃរបស់អ្នកឈ្នះទាំង ១០នាក់ ទៅបង្ហោះនៅលើទំព័រហ្វេប៊ុក សម្តេច ចំនួន ៣ថ្ងៃបន្ថែមទៀត ដើម្បីជ្រើសរើសយកជ័យលាភ័យលេខ ១ ៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!