រដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា បញ្ហាស្ត្រីមួយចំនួន បន្តកើតមាន ស្របពេលក្រសួងស្វាសស្វែងមធ្យោបាយទប់ស្កាត់
រដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា បញ្ហារបស់ស្ត្រីមួយចំនួន នៅតែប្រឈម មិនទាន់អាចដោះស្រាយបាន ស្របពេលដែលក្រសួងកិច្ចការនារី កំពុងស្វែងរកមធ្យោបាយលុបបំបាត់ និងដាក់ចេញនូវផែនការណ៍សកម្មភាពជាបន្តបន្ទាប់។
ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី ២៩ មីនានេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រដ្ឋាភិបាលទទួលស្គាល់ថាបញ្ហាប្រឈមរបស់ស្ត្រីមួយចំនួន នៅតែបន្តកើតមាន។
ក្នុងនោះលោកស្រីលើកចំនួន ៥ ចំនុច ដូចជា ទី ១ ការចូលរួមរបស់ស្ត្រី ក្នុងវិស័យសាធារណៈ នយោបាយ និងសេដ្ឋកិច្ច នៅមានកំរិតនៅឡើយ ទី ២ សមភាពយែនទ័រ ក្នុងវិស័យអប់រំ នៅតែបន្តកើតមាន ជាពិសេសនៅថ្នាក់មធ្យមសិក្សា ចំណែកទី ៣ បញ្ហាសុខភាពរបស់ស្ត្រី អត្រាស្លាប់របស់ម្តាយពេលសម្រាលកូន នៅតែប្រឈម បើធៀបនឹងប្រទេសជិតខាង និងទី ៤ ការរំលោភផ្លូវភេទ ការជួញដូរស្ត្រី នៅតែមានអត្រាខ្ពស់ និងចុងក្រោយ ដែលប្រឈមខ្លាំងបំផុតនោះ គឺការផ្តល់ដំណោះស្រាយ នៅពេលស្ត្រីដែលចង់ស្វែងរកអន្តរគមន៍ ជួបប្រទះនឹងបញ្ហានានា តាមផ្លូវច្បាប់មិនទាន់អាចជួយជនរងគ្រោះឲ្យទាន់ពេលវេលាបានផងដែរ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា បញ្ហាដែលកើតមានឡើងទាំងនេះ អាចជាឬគល់នៃការប្រើប្រាស់គ្រឿងញៀញ និងគ្រឿងស្រវឹង ដូច្នេះលោកស្រីសង្ឃឹមថា នឹងមានការចូលរួមបញ្ឃប់ទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ឲ្យមានប្រសិដ្ឋភាព។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹងកន្ថាផាវី បានថ្លែងថា ដើម្បីអាចដោះស្រាយ និងលុបបំបាត់រាល់បញ្ហាទាំងនេះ ក្រសួង នឹងបន្តដាក់ចេញនូវគោលនយោបាយ ក៏ដូចជាបន្តផ្សព្វផ្សាយ អនុវត្ត នូវផែនការណ៍សកម្មភាព របស់ខ្លួនក្នុងឆ្នាំ២០១៦នេះ។
តែយ៉ាងណា លោកស្រី ក៏អំពាវនាវ ឲ្យមានការចូលរួមគ្រប់សំណាក់ភាគីពាក់ព័ន្ធ ដូចជាក្រសួង មន្ទីរ ស្ថាប័ននានា អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ជាពិសេសស្រ្តីខ្លួនឯងផ្ទាល់ ដើម្បីអាចសម្រេចបាននូវគោលដៅទាំងនេះ។
បើតាមសង្គមស៊ីវិល ធ្លាប់ឲ្យដឹងថា បច្ចុប្បន្នស្ត្រីមិនទាន់មានចំនួនស្ត្រីសមាមាត្រទៅនឹងបុរស ក្នុងការបម្រើការងារក្នុងវិស័យនយោបាយ ឬវិស័យនានា នៅឡើយទេ ហើយដើម្បីអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែមានបេក្ខភាពស្ត្រីចូលរួមឲ្យបានច្រើន យ៉ាងហោចណាស់ ៥០ % ក្នុងចំណោមប្រជាជនសរុប។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!