អ្នកជំនាញរិះគន់រដ្ឋសភាថា រឿងកង្វល់សម្រាប់ជាតិមិនដោះស្រាយ បែរជាដោះស្រាយរឿងអាស្រូវភេទឯកជនទៅវិញ
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកមាស នី មើលឃើញថា អ្នកឈរនៅពីក្រោយការបង្កើតឆាកល្ខោន ធ្វើបាបលោកកឹមសុខា ហាក់មិនបានគិតដល់ចំនុចចុងបញ្ចប់នៃរឿង។ លោកយល់ថា រឿងទាំងអស់នេះ មិនផ្តល់ផលចំនេញអ្វីទេ តែវានឹង ផ្តល់ផលវិបាក ដល់អ្នករៀបចំទៅវិញ មិនខុសអ្វីពីការបាចអង្កាមបញ្ច្រាស់ខ្យល់នោះដែរ។ លោកមាស នី ហាក់ហួសចិត្ត នឹងរដ្ឋាភិបាល ពិសេសគណបក្សប្រជាជន ដែលរឿងដីធ្លី រឿងព្រំដែន រឿងជនអន្តោប្រវេសន៍ បែរជាមិនត្រូវបាន អើពើ តែបែជារវល់ រឿងអាស្រូវភេទ មិនមានផលប្រយោជន៍ដល់ជាតិ ហើយថែមទាំងបង្កើតគណៈកម្មការស៊ើបអង្កេតរឿងឯកជននេះថែមទៀត ។
ព័ត៌មានពិស្តារ៖
លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា បានយល់ឃើញកាន់តែច្បាស់ថា រដ្ឋសភា រឺរដ្ឋាភិបាលបម្រើឲ្យបុគ្គលជាជាងបម្រើរាស្រ្ត រឿងដោះស្រាយជាបន្ទាន់ បែរមិនដោះស្រាយ តែមកដោះស្រាយ និងចំណាយលុយរដ្ឋខ្ជះខ្ជាយរឿងអាស្រូវភេទរបស់តំណាងរាស្រ្តទៅវិញ។ លោកថា រឿងជាច្រើន ដែលហាក់ជាល្ខោននយោបាយ មិនស្មើភាពគ្នាទៅលើលោកកឹម សុខានោះ ចុងបញ្ចប់ គឺគណបក្សកាន់អំណាចជាអ្នកខាតបង់ហើយខាតបង់ទៀត និងធ្វើអោយប្រជាពលរដ្ឋ មើលឃើញកាន់តែច្បាស់ពីចំណុចអាក្រក់របស់ខ្លួន។
ស្រដៀងគ្នានេះដែរ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា ថា តាមលោកដឹង រដ្ឋសភា កំពុងតែខ្ជះខ្ជាយថវិការ លើការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងអាស្រូវភេទឯកជន ដោយមិនមានច្បាប់នៅក្នុងរដ្ឋសភា មួយណាចែងអោយរដ្ឋសភា ខ្នះខ្នែងក្នុងការស៊ើបអង្កេតក្នុងរឿងអាស្រូវភេទឯកជននោះទេ ។
លោកថារឿងជាតិធំមួយចំនួន ក្នុងនាមខ្លួនជាអ្នកច្បាប់ដល់កំពូល ខិតខំដោះស្រាយ ដូចជា រឿងជម្លោះដីធ្លី រឿងគេរំលោភយកដីរាស្រ្ត រឿងប្រទេសជិតខាងរំលោភឈ្លានពានព្រំដែន រឿងជនអន្តោប្រវេសន៍ខុសច្បាប់ បែរជាមិនស៊ើបអង្កេត ដើម្បប្រយោជន៍ជាតិ ដែលទាំងអស់នេះ គឺជាចំនុចអាសោចរបស់រដ្ឋសភាកម្ពុជា។
អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្រ្តគណបក្សប្រជាជន លោកឈាង វុន ជម្រុញអោយលោកកឹម សុខាលាលែងចេញពីតំណាងរាស្រ្តរដ្ឋសភា ប្រសិនបើគណៈកម្មការស៊ើបអង្កេត រកឃើញថា រាល់សម្លេងឃ្លីបតភាគ រឿងស្នេហាអូនបង ពិតជាសំឡេងរបស់លោកកឹមសុខា មែននោះ ។ លោកថា ការធ្វើបែបនេះ រំលោភយ៉ាងធ្ងន់លើច្បាប់ឯកព័ន្ធភាព និងប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។
តែលោកសូ ចន្ថា លើកឡើងថា លោកឈាងវុន មិនបានអានច្បាប់ និងបញ្ញត្តិនៅក្នុងរដ្ឋសភាអស់នៅឡើយនោះទេ លោកថា គ្មានតំណាងរាស្រ្តរូបណាត្រូវតែលាលែងពីតំណែង ដោយសារតែ រឿងអាស្រូវភេទផ្ទាល់ខ្លួននោះឡើយ។ រឿងដែលគេគួរលាលែងគឺ រឿងដោះស្រាយបញ្ហាជាតិ មិនបាន រឿងធ្វើអោយប្រទេសជាតិជួបបញ្ហា រឿងពុករលួយ រឿងដីធ្លី រឿងហិនហោចព្រៃឈើ រឿងប្រជាពលរដ្ឋស្លាប់យ៉ាងច្រើន ដោយមិនមានអ្នកទទួលខុសត្រូវ ដែលទាំងនេះអាចនិងសមលាលែងពីតំណែងរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានលេចលឺដំណឹងអាស្រូវភេទ សំឡេងឃ្លីបសារសងស្នេហាអូនបង ប្រហាក់ប្រហែលនិងសំឡេងលោកកឹម សុខា មកនោះ លោកកឹម សុខាព្យាយាម មិនធ្វើការឆ្លើយតប និងអះអាងណាមួយពីករណីសំឡេងទាំងនេះ ហើយចំនែកស្ថាប័នរបស់រដ្ឋមានដូចជារដ្ឋសភានោះបានចេញមុខ មកឈឺឆ្អាលនៅក្នុងរឿងនេះ ដែលត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃផងដែរថា រឿងជាតិមិនដោះស្រាយ បែរជាមកចេញមុខដោះស្រាយរឿងអាស្រូវភេទទៅវិញ ៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉េល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!