អង្គការតម្លាភាពកម្ពុជា គ្រោងដាក់សំណើគោលនយោបាយប្រឆាំងអំពើពុករលួយជូនគណបក្សនយោបាយ
អង្គការតម្លាភាពកម្ពុជា គ្រោងដាក់សំណើគោលនយោបាយប្រឆាំងអំពើពុករលួយសម្រាប់គណបក្ស នយោបាយចំនួនបីកម្រិត ដែលមានការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាបន្តបន្ទាប់យ៉ាងលំអិត មានការចូលរួមពីសមាជិកអង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយ រួមទាំងគណបក្ស នយោបាយមួយចំនួន។ សំឡេង៖
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានថ្លែងក្នុងសន្និសីទនាសណ្ណាគារ កាំប៉ូឌីយ៉ាណានាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦នេះ ថាមានការស្រាវជ្រាវនៅឆ្នាំ ២០០៨ បង្ហាញ ថាប្រជាពលរដ្ឋកម្ពុជាជាង ៧០% ចាត់ទុកអំពើពុករលួយ ជាប្រពៃណីមួយធម្មតា។ ហើយក្រោយពីមានការអប់រំណែនាំ និងការផ្សព្វផ្សាយ ក្នុងរយៈពេល ៣ឆ្នាំ ប្រជាពលរដ្ឋបានប្រែក្លាយការគិត ដោយយល់ថា អំពីពុករលួយជាបញ្ហាធំ។
លោកបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាក្នុងឆ្នាំ ២០១៤ បង្ហាញថាប្រជាពលរដ្ឋ ៩៩% ចាក់ទុកអំពើពុករលួយ ជាឧបសក្តធំបំផុតក្នុងការអភិវឌ្ឍន្នជាតិ។ ដូចនេះ ការបង្កើតជាសំណើគោលនយោបាយប្រឆាំងអំពើពុករលួយសម្រាប់គណបក្ស នយោបាយ ដើម្បីអោយគណបក្សទាំងអស់ ធ្វើការបញ្ចូលក្នុងកម្មវិធីនយោបាយរបស់បក្សខ្លួន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរយល់ថាដើម្បីកំចាត់អំពើពុករលួយបាន លុះត្រា តែយកជនដែលស្អាតស្អំ មិនធ្វើការបំរើជនពុករលួយ។ លោកសង្កត់ធ្ងន់ថា បើចង់បង្រាប់ចោរ ទាល់តែចាប់មេចោរ មិនមែនយកតែជនខ្លាចជនពុករលួយដូចរាល់ថ្ងៃ មិនអាចកំចាត់អំពើពុករលួយបាននោះទេ។ លោក សួន សេរីរដ្ឋា បានស្នើអោយមានច្បាប់ត្រួតពិនិត្យ ចំណូលនិងចំណាយ របស់ បុគ្គលសាធារណៈ និងបុគ្គលអសាធារណៈ នោះប្រាកដជាមានភាពងាយស្រួយ មិនបាច់ប្រើមនុស្សច្រើនក្នុងការតាមដាន ឬស៊ើបអង្កេតទៅលើការប្រពឹត្តពុករលួយរបស់បុគ្គលនោះទេ។
លោក ឡៅ ម៉ុងហៃ អតីតជាទីប្រឹក្សាលោកកឹម សុខា បានថ្លែងក្នុងកម្មវិធីនោះថាច្បាប់មានច្រើន ហើយក្រុមអង្គការសង្គមស៊ីវិល និងគណកប្សនយោបាយចេះតែទាមទារ អោយបន្ថែម លោកថាបន្ថែមបានតែត្រូវចំណាយច្រើន ទាំងពេលវេលាទាំងថវិការ។ លោកយល់ថា គួរតែជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ព្រោះច្បាប់មានច្រើន តែការអនុវត្តច្បាប់ទាំងនោះគឺនៅធួរលុង។
សូមជំរាបថាកម្រិតចំនួនបី ដែលអង្គការតម្លាភាព បានរៀបចំជាគោលនយោបាយដាក់ជួនគណកប្សនយោបាយអោយអនុវត្តនោះ គឺទីមួយកម្រិតបទដ្ឋាន ដែលផ្តោតលើសារៈសំខាន់នៃការអនុម័តច្បាប់មួយចំនួន ដែលមានសារៈសំខាន់ក្នុងការបង្ការ ការរាយការណ៍ និងការបង្រ្កាប់អំពើពុករលួយ ក្នុងនោះផ្តោតលើច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៏មាន និងច្បាប់ការពារសាក្សីនិងអ្នករាយការណ៍។
ទីពីកម្រិតស្ថាប័ន គីក្រោយពេល ដែលច្បាប់ត្រូវបានអនុម័ត គេត្រូវយកចិត្តទុកដាក់លើសមត្ថភាពរបស់ស្ថាប័នអនុវត្តច្បាប់។ និងទីបីកម្រិតសហគមន៍ ផ្តោតលើការចូលរួមឃ្លាំមើល និង រាយការណ៍ពីសំណាក់ សហគមន៍ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ លោព្រាប កុល បញ្ជាក់ថា សំណើនេះនិងដាក់ជួន រាល់គណបក្សនយោបាយទាំងអស់យកទៅពិចារណា នៅពេលដែលរៀបចំរួចរាល់នាពេលខាងមុខ៕
ដោយ ហ៊ាង រដ្ឋធានី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!