លោក កឹម សុខា៖ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង មិនមែនមានន័យថា នៅស្ងៀមនោះទេ
នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង នៅថ្ងៃ៣០ មីនានេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបាន ចូលរួមជាអធិបតីក្នុងវេទិកាគណៈប្រតិបត្តិសង្គ្រោះជាតិ ដើម្បីជួបជាមួយ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាស្រុក ខណ្ឌក្រុង និងក្រុមប្រឹក្សាខេត្តព្រៃវែង ជាសមាជិកក្រុមប្រឹក្សាក្នុងតំណែង ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ។
លោកកឹម សុខា បានអំពាវនាវ ឲ្យសមាជិកក្រុមប្រឹក្សាក្នុងតំណែងទាំងអស់ ប្រើប្រាស់តួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ លោកបញ្ជាក់ថា យុទ្ធសាស្រ្ដ ដែលគណបក្សសង្គ្រោះជាតិបានលើកឡើងថា មិនឈ្លោះ មិនឆ្លើយ មិនឆ្លង មិនមែនមានន័យថា សមាជិកសភា សមាជិកក្រុមប្រឹក្សាក្នុងតំណែងរដ្ឋទាំងអស់ នៅស្ងៀមមិនប្រើប្រាស់តួនាទីរបស់ខ្លួនជាតំណាងប្រជាពលរដ្ឋ ដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋនោះឡើយ។ ផ្ទុយទៅវិញតំណាងទាំងអស់នោះ ត្រូវធ្វើការឲ្យកាន់តែសកម្មថែមទៀត ក្នុងកាលៈទេសនេះ។
ជាមួយគ្នានោះ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិរូបនេះ លើកឡើងថា ចំពោះការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋមកលើគណបក្សសង្គ្រោះជាតិនោះ តម្រូវឲ្យសមាជិកក្រុមប្រឹក្សាក្នុងតំណែងទាំងអស់ ត្រូវចេះឃោសនា ត្រូវចេះនិយាយ ឲ្យមានដំណាក់កាល៣គឺ៖ ទី១ ធ្វើឲ្យគេស្គាល់ ទី២ ធ្វើឲ្យគេជឿ និង ទី៣ ធ្វើឲ្យគេជួយ៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!