លោក ស្រី ចំរើន មិនញញើត គណបក្សសង្រ្គោះជាតិ ថ្កោលទោស
លោក ស្រី ចំរើន តំណាងក្រុមយុវជន ដែលទាមទារអោយ លោកកឹម សុខា ចេញមុខបំភ្លឺរឿងអាស្រូវនោះ លើកឡើងថា លោក មិនញញើតទេ បើសិនជា គណបក្សសង្រ្គោះជាតិ ថ្កោលទោស រូបលោក អំពី ការ ប្រើ ប្រាស់ទង់ និងឯកសណ្ឋាន ដែលមានស្លាកគណបក្សសង្គ្រោះជាតិ ។ គណបក្សសង្គ្រោះជាតិ ដែលប្រកាន់ ជំហរ មិនឆ្លើយ មិនឆ្លង មិនឈ្លោះ បានថ្កោលទោសក្រុមយុវជនទាំងនោះ និងបានចាត់ ទុកការប្រើ ស្លាក គណបក្សដោយគ្មានការនុញ្ញាតនោះថា ជាការរំលោភច្បាប់ស្តីពីកម្មសិទ្ធិបញ្ញានិងច្បាប់ព្រហ្មទណ្ឌ ។ សំឡេង៖
លោក ស្រី ចំរើន ដែលទាមទារអោយលោកកឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បំភ្លឺរឿងអាស្រូវនោះ ប្រាប់វិទ្យុសំឡេងយុវជន VOY ថា លោក មិនព្រួយបារម្ភអ្វីនោះទេ ចំពោះ គណបក្សសង្រ្គោះជាតិ ដែលថ្កោលទោសរូបលោក ។ លោកបន្ថែមថា ការដង្ហែញត្តិកាលពីម្សិលមិញនេះ គឺជាការចូលរួមរបស់យុវជន មិនមានការបង្ខិតបង្ខំពីបុគ្គលណា ឬ បក្សនយោបាយណានោះទេ ហើយជាសិទ្ធិរបស់លោក ឬក៏ជាសិទ្ធិប្រជាពលរដ្ឋ ។ លោកបានឆ្លើយតបទៅគណបក្សសង្រ្គោះជាតិវិញថា គណបក្សសង្រ្គោះជាតិ មិនបានយល់ពីច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងករណី ថ្កោលទោលរូបលោកនោះ លោកថា ការថ្កោលទោសនេះ ជារឿងកំប្លែងលេង និងជារឿង ងងឹតល្ងង់ជាទីបំផុត។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ ក្រុមយុវជន ប្រមាណ៣០០ នាក់ ចូលរួមហែញតិទៅ ៣ ទីតាំង ក្នុងនោះមាន រដ្ឋសភា ទីស្នាក់ការគណបក្សសង្រ្គោះជាតិ និងផ្ទះលោក កឹម សុខានៅខណ្ឌទួលគោក ដើម្បីជម្រុញអោយលោកឹម សុខាបំភ្លឺរឿងអាស្រូវភេទរបស់ខ្លួន។ ការដង្ហែក្បួនញត្តិម្សិលមិញនេះ ត្រូវបានគេមើលឃើញថា មានពាក់អាវ ដាក់ឡូហ្គោ គណបក្សសង្រ្គោះជាតិ ព្រមទាំង ទង់ គណបក្សសង្រ្គោះជាតិ ធ្វើដំណើរដោយឡានសេរីទំនើប ១គ្រឿង និងម៉ូតូជាច្រើន ដោយខ្លះពាក់មួកសុវត្ថភាព ខ្លះទៀតមិនពាក់មួកសុវត្ថភាព ខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
ម្សិលមិញភ្លាមៗនោះ គណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការ ថ្កោលទោស និងបាន ចាត់ទុកការយកសម្ភារៈដែលមានសញ្ញាសម្គាល់គណបក្សសង្គ្រោះជាតិទៅធ្វើការហែក្បួន នឹងប្រមូលផ្តុំដោយក្រុមលោក ស្រី ចំរើន នេះថាជាការរំលោភច្បាប់ស្តីពីកម្មសិទ្ធិបញ្ញានិងច្បាប់ព្រហ្មទណ្ឌ ។ គណបក្សនេះក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចដកហូតអាវ មួក និងទង់ ដែលមានសញ្ញាសម្គាល់គណបក្សសង្គ្រោះជាតិពីក្រុមលោក ស្រី ចំរើន នោះវិញ។ និងបានសង្កត់ធ្ងនថា នេះជាចេតនាបង្កឲ្យមានភាពអនាធិបតេយ្យនៅក្នុងសង្គម។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ២៩ មីនាម្សិលមិញនេះ៕
ដោយ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!