តំណាងសមាជិកសហព័ន្ធផ្សព្វផ្សាយអាស៊ាន ស្នើអ្នកសារព័ត៏មានកុំចុះផ្សាយពីបញ្ហាប៉ះពារគ្នា រវាងពលរដ្ឋជាតិសាសន៍ខុស
តំណាងសមាជិកសហព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំប្រទេសកម្ពុជាស្នើ អ្នកសារព័ត៌មានទាំងអស់ កុំឲ្យ ចុះផ្សាយពីបញ្ហាប៉ះពារគ្នារវាងពលរដ្ឋជាតិសាសន៍ខុសគ្នា ដើម្បីឲ្យប្រទេសជិតខាងបន្តការយោគយល់គ្នា និងនាំឲ្យពលរដ្ឋជួបជុំគ្នា និងរួមសុខទុក្ខជាមួយគ្នា។ សំឡេង៖
ក្នុងឱកាសពិធីប្រគល់ពានរង្វាន់សន្តិភាពជូនឥស្សរជនកម្ពុជា និងអ្នកសារព័ត៌មាន ពីសហព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA )នៅថ្ងៃទី ៣០មីនា នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ តំណាងសមាជិក UMA ប្រទេសកម្ពុជា បានស្នើដល់អ្នកការសែតទាំងអស់ កុំឲ្យផ្សព្វផ្សាយពីការប៉ះពារគ្នារវាងប្រជាពលរដ្ឋមានជាតិសាសន៍ខុសគ្នា ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសទាំងមូល ដើម្បីឲ្យប្រជាពលរដ្ឋនៅប្រទេសជិតខាងគ្នាមានការយោគយល់ ចេះរួមសុខទុក្ខ និងរស់នៅជួបជុំគ្នា ។
លោកលើកឡើងបែបនេះបន្ទាប់ពីបានប្រជុំ និងសម្រេចនូវលក្ខខន្តិកៈនៃការបង្កើត UMA និងបទបញ្ជារផ្ទៃក្នុងជាមួយថៃ និងភូមា។លោកអះអាងថា ការបង្កើត UMA នេះ គឺដើម្បីជាកិច្ចសហប្រតិបត្តិការសារព័ត៌មាន ដែលនាំឲ្យមានការផ្លាស់ប្តូរព័ត៏មាន និងការយោគយល់គ្នារវាងប្រទេសជិតខាង។
តំណាងសមាជិក UMA មកពីប្រទេសឡាវសង្ឃឹមថា កិច្ចសហប្រតិបត្តិការសារព័ត៏មាន UMA នេះ នឹងមានភាពរឹងមាំនៃស្ថានភាពនៃការផ្សព្វផ្សាយសារព័ត៏មាន ដែលនាំឲ្យប្រជាជនមានការយល់ដឹងខាងសារព័ត៏មានដែលផ្សព្វផ្សាយ។ លោកសន្យាថា នឹងអញ្ជើញសមាជិកសារព័ត៌មាន UMA ប្រទេសកម្ពុជា ឲ្យទៅចូលរួមក្នុងការប្រជុំនៅប្រទេសភូមានៅពេលក្រោយ។
អគ្គលេខាធិការរងសហព័ន្ធ UMA លោក ប្រាក់ស៊ីធ សែនរុងរឿង មានប្រសាសន៍ថា សហព័ន្ធ UMAដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ថៃ គឺចាប់តាំងពីឆ្នាំពុទ្ធសករាជ២៥១០មក ដែលបច្ចុប្បន្នមានសមាជិកជាង៣ពាន់ នាក់ មាន៦សមាគមនៅប្រទេសថៃ និង៣រយនាក់ មាន៣០សមាគមនៅកម្ពុជា៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!