លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ចំអកដាក់គណបក្សប្រឆាំង រឿងសន្យាខ្យល់
សំឡេង៖
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ថ្លែងដៀមដាមគណបក្សប្រឆាំងថា បានតែសន្យាខ្យល់ មិនអាចធ្វើបាន ពាក់ព័ន្ធនឹងការដំឡើងប្រាក់បៀវត្សគ្រូបង្រៀន និងប្រាក់៤ម៉ឺនរៀល ជូនមនុស្សចាស់ជរា ។
លោកថ្លែងបែបនេះ ខណៈអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ “វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក” នៅក្នុងឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កាលពីថ្ងៃពុធ ទី៣០ម្សិលមិញ។
លោកហ៊ុនសែន បុរសខ្លាំង បានលើកឡើងថា លោកមិនហ៊ានសន្យាទេ គឺលោកនឹងធ្វើវាតែម្តង មិនដូចគណបក្សប្រឆាំង ដែលបានតែសន្យាខ្យល់ តែមិនអាចធ្វើបាន។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បញ្ចាក់ថា នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ ប្រាក់ខែគ្រូបង្រៀន នឹងឡើងបន្ថែមទៀត ហើយគ្រូថ្នាក់មតេយ្យ យ៉ាងហោចណាស់ ទទួលបាន ២០០ ដុល្លាដែរ ក្នុងមួយខែ ហើយប្រាក់បៀវត្សនេះ នឹងឡើងបន្ថែមទៀតក្នុងឆ្នាំ ២០១៨ ខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះ ប្រធានបក្សកាន់អំណាចរូបនេះ បានបញ្ចាក់ទៀតថា ក្នុងពេលយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិ ឆ្នាំ ២០១៨ខាងមុខ នឹងមានការដេញថ្លៃគ្នា រឿងសន្យាឡើងប្រាក់ខែ តែសម្រាប់លោក មិនសន្យាទេ គឺធ្វើទៅតាមលទ្ធភាព និងសមត្ថភាពរបស់រដ្ឋាភិបាល ដែលអាចធ្វើបាន ហើយរឿងនេះ ក៏មិនអាចខ្ចីលុយបរទេស យលមកបើកប្រាក់បៀវត្សបានដែរ។
គួរបញ្ចាក់ថា កាលពីក្នុងអំឡុងពេលឃោសនាបោះឆ្នោតជាតិ ឆ្នាំ២០១៣កន្លងទៅ មេបក្សប្រឆាំង គឺលោក សម រស្ស៊ី និងលោក កឹម សុខា ធ្លាប់បានឃោសនាថា បើគណបក្សសង្រ្កោះជាតិ ឈ្នះឆ្នោត នឹងតំឡើងប្រាក់បៀវត្សគ្រូបង្រៀនឲ្យដល់ ១លានរៀល និងផ្តល់ជូនមនុស្សចាស់ជរា ក្នុងម្នាក់ ៤ ម៉ឺនរៀល តែគណបក្សនេះ មិនអាចឈ្នះឆ្នោតឈានទៅដល់ការដឹកនាំរដ្ឋាភិបាលបាន។
ជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ សង្គមស៊ីវិលថា អ្នកនយោបាយ គួរតែស្តាប់សារនយោបាយរបស់ដៃគូប្រកួតឲ្យអស់សិន មុននឹងធ្វើការវាយប្រហារ។
លោក សន ជ័យ ប្រធាននាយកប្រតិបត្តិដើម្បីគណនេយ្យភាពសង្គមកម្ពុជា ថា ការថ្លែងវាយប្រហារដៃគូប្រជែង ពីសារនយោបាយ ដោយមិនបានស្តាប់ឲ្យពេញលេញ ហើយយកមកធ្វើការរិះគន់ គឺជាការកំហុស និងការធ្វេសប្រហែសរបស់អ្នកនយោបាយ។ ហើយការការរិះគន់លើកសារនយោបាយ ដោយមិនបានស្តាប់ឲ្យចប់ចុងចប់ដើមនេះ គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយល ប្រជាប្រិយភាពខ្លួនឯងទៅវិញទេ។
លោក សន ជ័យ បន្ថែមថា កន្លងទៅ លោកនាយករដ្ឋមន្ត្រីខ្លួនឯង ក៏ធ្លាប់ធ្វើមិនបានតាមការសន្យារបស់ខ្លួនដែរ ហើយចូលចិត្តប្រើភាសា បាននឹងកំពុងៗ ដោយករណីយមួយចំនួន នៅតែបន្តអូសបន្លាយ មិនអាចដោះស្រាយបាន ក្នុងរយៈពេលខ្លួនកាន់អំណាចកន្លងមកនេះ។
សូមជំរាប់ថា ពាក់ព័ន្ធនឹងការសន្យាខ្យល់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានសន្យាផងដែរ ពីរឿងបង្រ្កាប់បទល្មើសនេសាទខុសច្បាប់ ការដោះស្រាយទំនាស់ដីធ្លី ចំណាត់ការលើមន្ត្រីមានអំណាចរំលោភច្បាប់ និងការសន្យាទប់ស្កាត់បទល្មើសព្រៃឈើដោយយកជីវិតមកធានា តែរាល់បញ្ហាទាំងអស់នេះ នៅតែបន្តកើតមាន ក្រោមការដឹងនាំរបស់លោកជិត៣០ឆ្នាំមកនេះ៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!