លោកស្រី ចក់ សុភាព៖ អង្គការក្រៅរដ្ឋាភិបាលនៅតែតវ៉ាទាមទារ អោយកែប្រែច្បាប់ គ្រប់គ្រងអង្គការសង្គមស៊ីវិល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែង ប្រាប់អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាល្ងាចថ្ងៃទី ៣០ខែមីនា ថាមកដល់ពេលនេះ មិនទាន់មានអង្គការសមាគមន៍ណាមួយ មកធ្វើការ តវ៉ានៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងដំណើរការនៃការអនុវត្ត ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនោះទេ មានតែការមកសុំចុះឈ្មោះបន្ថែមទៀត ដើម្បីបើក ដំណើរការអង្គការសមាគន៍ប៉ុណ្ណោះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅលោកស្រី រ៉ូណា ស្មិត ថាក្នុងករណីមានអង្គការសមាគមន៍ណាតវ៉ាទៅអ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងច្បាប់នេះ សុំជួយផ្តល់ ដំណឹងនោះដល់ក្រសួងមហាផ្ទៃ ដើម្បីបានឱកាសដោះស្រាយ និងដាក់ជាបញ្ហាដើម្បីបានឱកាសឈានដល់ការកែទម្រង់។
លោកស្រី ចក់ សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថាខាង អង្គការក្រៅរដ្ឋាភិបាលនៅតែធ្វើការតវ៉ាទាមទារ អោយធ្វើការកែប្រែនូវចំនុចមួយចំនួនរហូត។ ជាងនេះទៅទៀត សង្គមស៊ីវិលនៅតែទាមទារអោយខាងភាគីក្រសួងមហាផ្ទៃ បញ្ចេញនូវគោលការណ៍ណែនាំ អំពីការប្រើប្រាស់ច្បាប់នេះអោយបានច្បាស់លាល់ ជៀសវាងមន្ត្រីថ្នាក់ក្រោម យកទៅប្រើប្រាស់ខុសពីអត្ថន័យដើមរបស់ច្បាប់ តែពុំមានការឆ្លើយតប។
ក្នុងជំនួបម្សិលមិញនេះលោកស្រី រ៉ូណា ស្មិត បានស្នើឲ្យមាន ការផ្សព្វផ្សាយច្បាប់អង្គការសមាគមន៍នេះឲ្យបានទូលំទូលាយផងដែរ ដើម្បីកុំឲ្យមានយល់យល់ច្រឡំ ពីសំណាក់អ្នកយកទៅអនុវត្ត។ លោកស្រី បានបានស្នើឲ្យក្រសួងមហាផ្ទៃ ផ្តល់ភាពងាយស្រួលទៅដល់បណ្តាអង្គការសមាគមន៍ចូលសាកសួរសុខទុក្ខ និងចូលពិនិត្យស្ថានភាពអ្នកទោសជាប់ឃុំនៅ ក្នុងពន្ធនាគារ ពិសេសគឺបានផ្តល់ឱកាសឲ្យអង្គការ សមាគមន៍បានចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងពន្ធនាគារ ខណៈពន្ធនាគារនៅកម្ពុជាត្រូវគេមើលថា បានកំពុង ផ្ទុកអ្នកទោសច្រើនហួសកំរិត ដែលបង្កឲ្យមានភាពចង្អៀត ណែនក្នុងពន្ធនាគារ ៕
ដោយ ហ៊ាង រដ្ឋធានី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!