ក្រសួងរ៉ែ និងថាមពល ប្រកាសឲ្យម្ចាស់ក្រុមហ៊ុនស្ថានីយឧស្ម័ន ឥន្ធនៈ បញ្ជាក់បច្ចេកទេសសុវត្ថិភាព និងវិញ្ញាបណ្ណបត្រអនុញ្ញាតិអាជីវកម្ម ឲ្យបានត្រឹមត្រូវ
ក្រសួងរ៉ែ និងថាមពល ប្រកាសឲ្យម្ចាស់ រឺបុគ្គល ដែលបង្កើត ឬប្រតិបត្តិការស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នន្ធនៈស្នើរសុំលិខិតបញ្ជាក់បច្ចេកទេសសុវត្ថិភាព និងវិញ្ញាបណ្ណបត្រអនុញ្ញាតិដំណើរការស្ថានីយទាំងនេះ ដើម្បីធានាថា ម្ចាស់ រឺបុគ្គលដែលបង្កើត ឬប្រតិបត្តិស្របតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាព និងផ្តល់នីតិវិធីច្បាស់លាស់ក្នុងការចេញលិខិតអនុញ្ញាតិដល់អាជីវករ។ រាយការណ៍បន្តដោយ កញ្ញា ចាន់ សុវណ្ណដារី៖
សំឡេង៖
ក្នុងលិខិតប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្ងៃទី២៨មីនាបានឲ្យដឹងថា គ្រប់ម្ចាស់ឬបុគ្គល ដែលបង្កើតឬប្រតិបត្តិការស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ ត្រូវមានលិខិតបញ្ជាក់បច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រអនុញ្ញាតិដំណើរការស្ថានីយទាំងនេះ ដើម្បីធានាថា បុគ្គលដែលបង្កើតនិងប្រតិបត្តិការគ្រប់ស្ថានីយនៅកម្ពុជា អនុវត្តស្របតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អ ដើម្បីកាត់បន្ថយនូវឧបទ្ទវហេតុនានា ដែលកើតមានឡើងជាយថាហេតុ និងផ្ដល់នីតិវិធីច្បាស់លាស់ក្នុងការចេញលិខិតអនុញ្ញាតផ្សេងៗដល់អាជីវករ ឬ ក្រុមហ៊ុនស្ថានីយឧស្ម័នឥន្ធនៈ ឬ ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ ស្របតាមបទដ្ឋានគតិយុត្តឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ក្នុងលិខិតនោះបញ្ជាក់ថា គ្មានបុគ្គលណាអាចដំណើរការស្ថានីយរបស់ខ្លួនបានទេ ប្រសិនបើគ្មានលិខិតទាំងពីរនេះ ហើយចំពោះបុគ្គល ដែលមានបំណងចង់បើក ឬបន្តដំណើរការរបស់ខ្លួន ត្រូវទៅដាក់ពាក្យស្នើរសុំធ្វើលិខិតបញ្ជាក់ និងវិញ្ញាបនបត្រអនុញ្ញាតិនៅក្រសួងរ៉ែ និងថាមពល ឬអាចទំនាក់ទំនងបន្ថែមតាមរយៈលេខាធិការដ្ឋានច្រកចេញចូលតែមួយនៃក្រសួងរ៉ែ និងថាមពល ឬមន្ទីររ៉ែ និងថាមពលរាជធានីខេត្ត ឬតាមរយៈគេហទំព័រអគ្គនាយកដ្ឋានប្រេងកាត ដោយត្រូវដាក់ពាក្យសុំរយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការ នៅមន្ទីររ៉ែ និងថាមពលរាជធានីខេត្ត រៀងរាល់ថ្ងៃនិងម៉ោងធ្វើការ។
ក្នុងលិខិតនោះបញ្ជាក់ថា វិញ្ញាបនបត្រអនុញ្ញាតិដំណើរការស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ មានសុពលភាពរយៈពេលពីរឆ្នាំ ដែលម្ចាស់ស្ថានីយត្រូវស្នើរសុំបន្តសុពលភាពមុនរយៈពេល៩០ថ្ងៃ មុនថ្ងៃអស់សុពលភាពនៅមន្ទីររ៉ែ និងថាមពលរាជធានីខេត្ត។ ហើយក្នុងរយៈពេលសុពលភាពនៃវិញ្ញាបនបត្រ ម្ចាស់ស្ថានីយអាចធ្វើការផ្ទេរម្ចាស់ស្ថានីយ និងកែសម្រួលដូចជា ការកែពោងប្រេងឬអាងកប់ពោងប្រេងជាដើម ដែលខុសពីគំនូសប្លង់ដែលទទួលស្គាល់ពីក្រសួងរ៉ែ និងថាមពលបាន ប៉ុន្តែត្រូវមានការឯកភាពពីក្រសួងរ៉ែ និងថាមពលជាមុនសិន ដោយត្រូវដាក់ពាក្យស្នើរសុំកែដសម្រួល ឬពាក្យសុំផ្ទេរមុនកែសម្រួលឬផ្ទេរ នៅមន្ទីររ៉ែ និងថាមពលរាជធានីខេត្ត ដែលរាល់ពាក្យស្នើរ ត្រូវបង់កម្រៃសេវាកម្ម ចំពោះការពិនិត្យពាក្យស្នើរសុំទាំងនោះ តាមការកំណត់របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លើសពីនេះទៀតស្ថានីយណាដែលចាប់ផ្តើមសាងសង់មុនថ្ងៃទី១៧វិច្ឆកា២០១៥ ត្រូវកែសម្រូលពីសុវត្ថិភាពរៀបចំស្ថានីយឲ្យចប់ជាស្ថាពរ មុនថ្ងៃទី១៧វិច្ឆកា២០២០ ហើយត្រូវទៅដាក់ពាក្យស្នើរសុំវិញ្ញាបនបត្រដំណើរការស្ថានីយពីក្រសួងរ៉ែ និងថាមពល ក្នុងរយៈពេល៦ខែពីប្រកាសនេះចូលជាធរមាន។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!