កម្មករ រោងចក្រ វិន ស៊ីងតិច ប្រមាណ ៥០០នាក់ ប្តេជ្ញា ស្នាក់នៅក្នុង ក្រសួងការងារដើម្បីទាមទារ ជួយរកយុត្តិធម៌ពីថៅកែរោងចក្រ
កម្មករបម្រើការងារនៅរោងចក្រ វិន ស៊ីងតិច ប្រមាណជាង៥០០នាក់បានប្តេជ្ញាចិត្ថថាទៅស្នាក់នៅក្រសួងការងារ ដើម្បីទាមទាររកយុត្តិធម៌ដែល ភាគីថៅកែបញ្ឈប់ពួកគេជាច្រើនរយអ្នកដោយពុំបើកប្រាក់ខែ។ លោកហ៊ាង រដ្ឋធានី លំអិតពីព័ត៏មាននេះ៖
សំឡេង៖
នៅព្រឹកនេះកម្មករ កម្មការនីបម្រើការងារនៅរោងចក្រ វិន ស៊ីងតិច ប្រមាណជាង ៥០០នាក់បានធ្វើតំណើរតាមរថយន្ត ទៅសុំអង្វរអោយក្រសួងការងារអន្តរាគមន៍ទៅភាគីក្រុមហ៊ុន ដោះស្រាយបញ្ហា ដែលពួកគេអះអាងថា ក្រុមហ៊ុនរំលោកច្បាប់ការងារ បញ្ឈប់កម្មករជាច្រើនរយនាក់ដោយពុំបើកប្រាក់ខែ និងមិនបានបញ្ចប់កិច្ចសន្យាការងារ។
តាមរយៈសកម្មភាពរបស់ក្រុមកម្មករ នៅព្រឹកថ្ងៃទី ០១ ខែមេសា នេះ ខ្លះមានស្ពាយឆ្នាំងបាយ ខ្លះកាន់ប៊ីដុងទឹក មានកន្ទេល ជាដើម។ នៅក្នុងញត្តិមួយសន្លឹកដាក់ទៅក្រសួងការងារ ពួកគេបានបានប្តេជ្ញាចិត្តរួមគ្នា ថានឹង បោះតង់ស្នាក់នៅក្នុង ក្រសួងការងារ ដើម្បីបន្តតវ៉ា សុំអង្វរ ឲ្យថៅកែរោងចក្រ គោរពច្បាប់ការងារកម្ពុជា និងសុំក្តីអាណិតពីក្រសួងឲ្យយល់ពីទុក្ខលំបាករបស់ក្រុមកម្មករ។
តាមរយៈញត្តិរបស់ក្រុមកម្មករបានអោយដឹងថា កាលពីថ្ងៃទី ០៥ ខែមីនា កន្លងមក ភាគីរោងចក្របាន បញ្ឈប់កម្មករទាំងអស់ ៥៥០នាក់ដោយរោងចក្រពុំបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់កិច្ចសន្យាការងារតាមច្បាប់នោះទេ។ ញត្តិរបស់ក្រុមកម្មករបញ្ជាក់ថា ក្រុមហ៊ុន សម្រេចបញ្ឈប់កម្មករដ៏ច្រើននេះដោយពុំបាន ប្រកាស់បិទរោងចក្រ ឬមានការជម្រះ បញ្ជីក្ស័យធន តាមច្បាប់នោះទេ ដោយថៅកែ រោងចក្រគ្រាន់តែផ្លាស់ប្តូរឈ្មោះ និងទីតាំងរោងចក្រតែប៉ុណ្ណោះ។
ក្រុមកម្មករបានត្អូញត្អែរថា ចាប់ពីរោងចក្របានបញ្ឈប់ការងារកម្មករ តាំងពីថ្ងៃទី ៥ ខែមីនាមក កម្មករស់នៅវេទនា អត់លុយបង់បន្ទប់ ទិញអាហារ ថ្លៃរថយន្តឈ្នួល សងការប្រាប់គេ និងមាន និស្សិមួយចំនួនជាកម្មកររោងចក្រ ខ្វះលុយបង់ថ្លៃសាលាផងដែរ។ ក្រុមកម្មករក៏បានសរសេរលិខិតមួយច្បាប់ ទៅ លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ស្នើសុំជំនួយជាគ្រឿងឧបភោគបរិភោគ ដើម្បីទ្រទ្រង់ការរស់នៅបន្តក្នុងកំឡុងពេលអត់ការងារធ្វើ ជិត០១ ខែ និងពេលកំពុងតវ៉ា ឲ្យរោងចក្រគោរពច្បាប់ ខណៈដែលថៅកែរោងចក្របញ្ឈប់កម្មករជាច្រើននាក់ទៅបើករោងចក្រថ្មី ដោយមិនបើកប្រាក់ឈ្នួល និងប្រាក់សំណងតាមច្បាប់។
ការដង្ហែរញាតិរបស់ក្រុមកម្មករទៅដល់ក្រសួងការងារនៅព្រឹកនេះ ក្រសួងបានអនុញ្ញាត្តិអោយតំណាងកម្មករចូលជួបចរចារហើយដែរ តែរហូតមកដល់ម៉ោងជិត១២ នេះពុំទាន់ចេញជាលទ្ធិផលយ៉ាងណានៅឡើយ នោះទេ។
សូមបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនរាជធានីភ្នំពេញ។ ការផ្ទុះការតវ៉ានេះ កើតឡើងបន្ទាប់ពីភាគីរោងចក្របញ្ឈប់កម្មករ ៥៥០ នាក់ដោយពុំមានមួលហេតុ និងពុំបានជួនតំណឹងជាមុន។ ក្រុមកម្មករ បញ្ជាក់ថារហូតមកដល់ពេលនេះ ការតវ៉ា អស់រយៈពេល ២៦ថ្ងៃហើយនៅតែគ្មានតំណោះស្រាយ ទើបក្រុមកម្មករសម្រេចនាំគ្នាមកមកតវ៉ាក្រសួងការងារនៅព្រឹកនេះ ហើយគ្រោងនិងស្នាក់នៅក្រសួងតែម្តងបើពុំមានតំណោះស្រាយ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!