លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស់អោយដកហូតព្រៃសម្បទាន ពី ឈ្មួញ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាអោយដកហូត ព្រៃសម្បទានសង្គមកិច្ច ពី ឈ្មួញទាំងអស់ និង បានអោយ ក្រសួងបរិស្ថានធ្វើការរៀបចំ អភិរក្ស និង ការពារព្រៃឈើ សំខាន់ៗធំ មួយចំនួនក្នុងប្រទេសកម្ពុជា ។ សង្គមស៊ីវិល ថា ការនិយាយ និង បញ្ជារនេះមិនសំខាន់នោះទេ អ្វីដែលសំខាន់ គឺការអនុវត្តបានកម្រិតណា។ រាយការណ៍បន្តដោយលោក ញ៉ែម សំណាង៖
សំឡេង៖
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស់ អោយក្រសួងបរិស្ថាន អភិរក្ស ព្រៃឡង់ ព្រៃព្រះរកា និង ព្រៃធំៗមួយចំនួនទៀត ហើយគ្រប់ភាគីទាំងស្ថាប័នរដ្ឋ និង ស្ថាប័នឯកជន ត្រូវចូលរួម ការពារព្រៃឈើទាំងអស់គ្នា។ លោកលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី៣១ មីនា ឆ្នាំ២០១៦។
ពាក់ព័ន្ធទៅនិង ការប្រកាស់របស់លោកនាយករដ្ឋមន្រ្តី បាន ១ ថ្ងៃ ក្រសួងបរិស្ថាន នៅថ្ងៃនេះ ក៏ប្រកាស់ថា កំពុងរៀបចំ ដាក់តំបន់ព្រៃផ្តល់ផលចំនួន ៥កន្លែង ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។
លោក ប៉ែន បូណា មន្រ្តីជាន់ខ្ពស់ផ្នែកស៊ីបអង្កេតដីធ្លី និងព្រៃឈើ នៃអង្គការអាដហុក បានប្រាប់វិទ្យុសំឡេងយុវជននៅព្រឹកនេះថា លោកគាំទ្ររដ្ឋាភិបាលក្នុងការចាត់វិធានអភិរក្សព្រៃធំៗនៅកម្ពុជានេះ ។ លោកថា បើសិនជារដ្ឋាភិបាល និយាយហើយ ត្រូវធ្វើអោយបាន មិនមែនបានតែនិយាយ ការកាប់ឈើ នៅតែកើតមានដដែលនោះទេ។ លោកសង្កេតឃើញថា ការដឹកឈើរបស់ឈ្មួញធំៗ តាមផ្លូវជាសារធារណៈជាហូរហែរ មិនដែលឃើញមានសមត្ថកិច្ចចេញមុខមកអន្តរាគមន៍នោះទេ ។
លោក ឈិត សំអាត់ ប្រធានអង្គការ WWF អភិរក្សសត្វនិង បរិស្ថាន លោកលើកឡើងថា លោករីករាយចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ លោកថា ទន្ទឹមនិងការសម្រេចបានអោយមានប្រសិទ្ធភាពនោះ លុះត្រាតែ រដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋសហការគ្នា ដើម្បីការពារអភិរក្សព្រៃឈើនៅកម្ពុជាទទួលជោគជ័យបាន លើសពីនេះទៀត មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបានការប្ដជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សព្រៃនៅកម្ពុជា។
សូមបញ្ជាក់ថា លោក នាយករដ្ឋមន្រ្តី បានប្រកាសថា ចាប់ពីពេលនេះតទៅឈើដែលរឹបអូសបានទាំងអស់ពីបទល្មើសព្រៃឈើត្រូវប្រគល់អោយក្រសួងអប់រំដើម្បីយកទៅប្រើប្រាស់កសាងសាលារៀន អាគារផ្សេងៗ ជាពិសេសយកទៅធ្វើជាផ្ទះគ្រូតែម្តង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!