ក្រសួងបរិស្ថាន៖ ការប្រែពណ៌ទឹកសមុទ្រនៅកែបទៅជាបៃតងបណ្តាលមកពីកើនឡើងកម្រិតជាតិស្លែខុសពី ប្រក្រតី
រដ្ឋបាលខេត្តកែបបានអោយដឹងថា ស្ថានភាពទឹកសមុទ្រក្នុងភូមិសាស្ត្ររបស់ខេត្តកែប ដែលមានការប្រែ ប្រួលនោះរហូតមកទល់នឹងម៉ោង០៦ព្រឹកថ្ងៃទី០២ ខែមេសា នេះមានលក្ខណៈល្អជាងពីម្សិលមិញ ខណៈ ដែលអ្នកបច្ចេកទេសក្រសួងបរិស្ថានសន្និដ្ឋានថា ការប្រែពណ៌ទឹកទៅជាបៃតងដោយសារកើនឡើងនូវ ក ម្រិតជាតិស្លែខុសពីប្រក្រតី និងហាមភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋផ្អាកការចុះងួតទឹកសមុទ្រនៅឆ្នេរ កែប និងពិសារគ្រឿងសមុទ្រនៅកែបមួយរយៈពេលខ្លី។ សំឡេង៖
ទំព័រ Facebook របស់រដ្ឋបាលខេត្តកែបបានអោយដឹងថា ស្ថានភាពទឹកសមុទ្រក្នុងភូមិសាស្ត្ររបស់ខេត្តកែបមកទល់នឹងម៉ោង០៦ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នេះមានលក្ខណៈល្អជាងពីម្សិលមិញ ហើយទឹកពណ៌បៃតងបានបាត់ទៅវិញស្ទើរទាំងស្រុងដោយនៅមានសេសសល់តិចតួចរសាត់មកក្បែរជ្រាយពយដំណាក់ទិសខាងលិច ហើយក្លិនស្អុយ និងឆ្អាបបានបាត់ទៅវិញប្រមាណ៧០%។
នៅព្រឹកនេះ រដ្ឋបាលខេត្តកែបបញ្ជាក់ថាអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ កំពុងបន្តតាមដានបាតុភូតដែលកើតឡើងពីកត្តាធម្មជាតិនេះ។ ក្នុងសេចក្តីជូនតំណឹងរបស់មន្ទីរបរិស្ថានខេត្តកែប ម្សិលមិញនេះ បានអោយដឹងថា ក្រោយពីមានការប្រែប្រួលស្ថានភាពទឹកសមុទ្រជាពណ៌បៃតង និងមានខ្លឹនស្អុយ ឆ្អាប នៅឆ្នេរសមុទ្រខេត្តកែប កាលពីថ្ងៃទី ៣០ ខែមីនាកន្លងមកគឺមានអង្គភាពជំនាញពាក់ព័ន្ធ រួមមាន មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលជលផលកែប បានចុះពិនិត្យ និងតាមដានស្ថានភាពដែលប្រែប្រួលនេះ និងស្វែងរកប្រភព។
សេចក្តីជូនតំណឹងបន្តថា លទ្ធិផលបានរកឃើញថា ទឹកសមុទ្រមានការវិឌ្ឍន៍ពីទឹកពណ៌បៃតងទៅជា ល្អកកករខ្មៅ និងមានខ្លឹន ស្អុយ មានសត្វសមុទ្រមួយចំនួនបានងាប់។ សេចក្តីជូនតំណឹងបន្តថា ក្រុមការងារបានចុះពិនិត្យប្រភពបំពុលរហូតដល់ព្រំដែនទឹកខាងកើត ឃើញមានខ្សែទឹក និងទិសខ្យល់មកពីទិសខាងកើតឈៀងខាងត្បូង និងបាននាំមកនូវកំណកកករពណ៌ក្រហម និងបៃតង។
ទាំងសត្វសមុទ្រដែលងាប់ និងសំណាកកករទឹក ត្រូវបានបញ្ជួនដល់ក្រសួងបរិស្ថានធ្វើការពិសោធន៍ ជាលទ្ធិផលនៅរសៀលថ្ងៃទី ២ នេះក្រសួងសន្និដ្ឋានបឋមថា បញ្ហាទឹកសមុទ្រប្រែពណ៍ទៅជាបៃតងនោះគឺបណ្តាលមកពីការកើនឡើងនូវកម្រិតជាតិស្លែខុសពីប្រក្រតី ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។
ក្រសួងបរិស្ថានបានអំពាវនាវដល់សាធារណៈជនគ្រប់រូបជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់មាត់សមុទ្រខេត្តកែប និងភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅតបន់ឆ្នេរកែប ត្រូវប្រុងប្រយ័ត្នដោយគួរផ្អាកការចុះងួតទឹកសមុទ្រ និងបរិភោគគ្រឿងសមុទ្រដែលនេសាទពីតំបន់ដែលកំពុងកើតមានបញ្ហា។ ហើយក្រសួងថា និងបន្តតាមដានបញ្ហានេះជាបន្តទៀត។
សូមបញ្ជាក់ថាបន្ទាប់ពី ទឹកសមុទ្រនៅតាមបណ្តោយឆ្នេរកែបមានការប្រែពណ៌ មានជាតិពុល ធ្វើអោយត្រីងាប់ពេញសមុទ្រ និងមានក្លិនស្អុយ ពលរដ្ឋនៅតាមបណ្តោយឆ្នេរនោះ សង្ស័យថាជាតិពុលនេះចេញពីរោងចក្រវៀតណាម គ្របដណ្តប់តាមបណ្តោយឆ្នេរកែប។ យ៉ាងណាក៏ដោយ មន្ត្រីជំនាញអះអាងថា ឥទ្ធិពលនៃទឹកដែលមានជាពុលនេះក៏និងប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរណ៍ ដែលទៅលេងតំបន់នោះ រួមទាំងធ្វើអោយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលពឹងអាស្រ័យលើរបរនេសាទសមុទ្រផងដែរ៕
ដោយ ហ៊ាង រដ្ឋធានី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!