ការតវ៉ារបស់ក្រុមអ្នកបើកឡានក្រុងកាពីតូល លើកពេលទៅថ្ងៃស្អែក
បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី ៧ មេសា ស្អែកនេះ អតីតក្រុមអ្នកបើកឡានកាពីតូល នឹងធ្វើកូដកម្មជាថ្មីទៀត នៅមុខទីស្នាក់ការរបស់ក្រុមហ៊ុនកាលពីតូល សាខាធំ ជិតផ្សារអូរស្សី ដើម្បីទាមទារឲ្យមានការដោះលែងសមាជិកពីររូបរបស់ខ្លួន ដែលត្រូវតុលាការឃុំខ្លួន និងទាមទារលក្ខខណ្ឌមួយចំនួនទៀត។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
បើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឲ្យវិទ្យុសំឡេងយុវជន ដឹងនៅថ្ងៃពុធ ទី ៦ មេសានេះថា គម្រោងតវ៉ានៅថ្ងៃនេះ ត្រូវបានលប់ចោល ដោយលើកទៅថ្ងៃស្អែកវិញ ដោយសារអ្នកចូលរួមមកយឺត ពិសេស ដោយក្រុមអតីតបើឡានកាពីតូល បានទទួលលិខិតពីអាជ្ញាធរខណ្ឌ ដើម្បីឲ្យផ្អាក់ការធ្វើកូដកម្ម។ ទោះជាយ៉ាងណា លោកអះអាងថា ក្រុមអ្នកបើកឡានកាពីតូល នៅតែប្តេជ្ញាក្នុងការតវ៉ារបស់ខ្លួននៅថ្ងៃព្រហស្បត៍ស្អែក។
លោក អាត់ ធន់ ថា បើតាមការរំពឹងទុកសម្រាប់ការតវ៉ា នៅថ្ងៃស្អែក គឺនឹងមានអ្នកចូលរួមប្រមាណជាង ៥០ នាក់ ដោយលើកបដា និងអហិង្សា នៅមុខទីស្នាក់ការធំរបស់កាពីតូល នៅជិតផ្សារអូរស្សី ដើម្បីទាមទារឲ្យមានការដោះលែងសមាជិកពីររូប ដែលត្រូវតុលាការឃុំខ្លួន និងស្នើឲ្យតុលាការវែកមុខរកជនដៃដល់ ដែលបង្កអំពើហឹង្សា កាលពីថ្ងៃទី៦ កុម្ភៈ កន្លងទៅ ។
មិនត្រឹមតែប៉ុណ្ណោះ លោក អាត់ ធន់ ថា ការតវ៉ានេះ ក៏ទាមទារឲ្យថៅកែក្រុមហ៊ុន ទទួលយកបុគ្គលិកទាំងអស់ ដែលបានបញ្ឈប់ចូលធ្វើការវិញ និងទូទាត់សំណងតាមច្បាប់ស្តីពីការងារជាផងដែរ។
ទោះជាយ៉ាងណា លោក ហ៊ូ គុវណ្ណ តំណាងក្រុមហ៊ុនកាពីតូល បានលើកឡើងថា ការតវ៉ា គឺជាសិទ្ធិរបស់ពួកគាត់ តែក្រុមហ៊ុន ពុំមានរឿងអ្វី ត្រូវទៅចរចាបន្តទៀតទេ។ ហើយក្នុងកាលៈទេសៈនេះ អាស្រ័យទៅលើតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ជាអ្នកដោះស្រាយ ព្រោះករណីនេះ កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។ ទោះជាបែបណា ចំពោះគោលការណ៍របស់ក្រុមហ៊ុន ដាច់ខាតមិនទទួលយកអតីតអ្នកបើកឡានទាំងអស់នោះ ឲ្យចូលធ្វើការក្នុងក្រុមហ៊ុនបន្តទៀតទេ។
គួរបញ្ជាក់ថា អតីតអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូល CAPITOL ២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ បន្ទាប់ពីកើតមានអំពើហិង្សាមួយ ដែលបណ្តាលឲ្យរងរបួសជាច្រើននាក់ កាលពីថ្ងៃទៅ ៦ កុម្ភៈ ខណៈពួកគេ ធ្វើបាតុកម្មតវ៉ា ករណីដែលក្រុមកាពីតូល បញ្ឈប់បុគ្គលិក ក្រោយពីពួកគេព្យាយាមបង្កើតសហជីព។
ជុំវិញករណីនេះ បណ្តុំសហជីព ព្រួយបារម្ភជាខ្លាំងថា សិទ្ធសេរីភាពសហជីពនឹងធ្លាក់ចុះ ក្រោយពេលសេចក្តីព្រៀងច្បាប់ស្តីពីសហជីព ត្រូវបានអនុម័ត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!