អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ថាការទូតកម្ពុជាត្រូវពង្រឹង
សំឡេង៖
បន្ទាប់ពីផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយថា តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពិតជាតំណែងសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗ ។ បើរដ្ឋមន្រ្តីរូបនេះ មានប្រាជ្ញា ឆន្ទៈស្នេហាជាតិ និងមានចំណេះដឹងខ្ពស់ នោះបញ្ហាដែលរំលោភបូរណភាពទឹកដី អធិបតេយ្យភាព បញ្ហាព្រំដែន បញ្ហាអ្វីផ្សេងៗទៀត មិនអាចមានកើតឡើងច្រើននោះទេ។
លោករស់ រ៉ាវុធ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយថា អាណត្តិលោកហោ ណាំហុង មានភាពកម្សោយនៅក្នុងការងាររបស់ខ្លួន។ លោកថាអំណាចនៅលើដៃរបស់លោក តែបែរជាមិនមានវិធានការតឹងរឹងចំពោះប្រទេសជិតខាងដែលរំលោភលើអធិបតេយ្យភាពទឹកដី ការប្រមាថម៉ាក់ងាយជាដើម។
បញ្ហាជាច្រើនដែលលោកមើលឃើញថា ជាកម្សោយនោះមានដូចជា ភាពយឺតយ៉ាវក្នុងការចេញសេចក្តីថ្លែងការនីមួយៗ នៅពេលមានបញ្ហានៅតាមព្រំដែន បញ្ហាកំណត់ទូត មិនហៅទូតប្រទេសពាក់ព័ន្ធមកសាកសួររឿងរំលោភបូរណភាពទឹកដីជាដើម តួយ៉ាងដូចជាករណីវៀតណាមរំលោភបូរណភាពទឹកកម្ពុជា នៅតាមខេត្តមួយចំនួនដែលជាប់ព្រំដែន ។
លោកបន្តថា ប្រជាពលរដ្ឋ រង់ចាំមើលថា លោកប្រាក់ សុខុន ដែលឡើងតំណែងថ្មីជំនួសលោកហោ ណាំហុងនោះ អាចនិងយកអំណាចរបស់ខ្លួន ការពារ បូរណភាពទឹកកម្ពុជា រក្សាចំណងទូត ដោយមិនខ្លាចរអាប្រទេសជិតខាងបានដែរឬយ៉ាងណា ព្រោះលោកគិតថា បើរដ្ឋមន្ត្រីខ្លាំង នោះប្រទេសជិតខាងអាចនិងខ្លាចរអាមិនហ៊ានធ្វើអ្វីដែលជាការរំលោភមកលើកម្ពុជាទៀតនោះឡើយ។
គួររំលឹកដែរថា នៅឆ្នាំ២០១៥កន្លងទៅនោះ ប្រទេសវៀតណាម ហាក់បានដៃគឃ្លើន រំលោភមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា មានដូចជា នៅត្បូងឃ្មុំ រតនគិរី ស្វាយរៀង កំពត។ អតីតរដ្ឋមន្រ្តីការបរទេស លោកហោ ណាំហុង បែរជាប្រកាស់ថា ប្រជាពលរដ្ឋកម្ពុជា បានដាំដំណាំចូលដីវៀតណាម ចំនួន១៦,៦ហិកតាថែមទៀត ដែលនាំឲ្យវៀតណាម ប្រតិកម្មបាញ់ថ្នាំពុល លើដីដំណាំ ពលរដ្ឋពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ។
នៅខេត្តរតនគីរិ ប្រជាពលរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា ដីប្រមាណ ៤ម៉ឺនហិកតា ត្រូវបានរំលោភដោយទាហ៊ានវៀតណាម ក្រោមស្លាក ដីសម្បទានសេដ្ឋកិច្ច វៀតណាមបានរំលោភចូលជីកស្រះនៅក្នុងតំបន់ស នៅតាមព្រំដែនជាច្រើនកន្លែង ដែលនេះហាក់បំពានទៅនឹងសន្ធិសញ្ញាទីក្រុងប៉ារីស និងអង្គការសហប្រជាជាតិ។
បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម បានធ្វើអោយបងប្អូន ព្រះសង្ឃ ខ្មែរកម្ពុជាក្រោម មកតវ៉ានៅខាងមុខស្ថានទូតវៀតណាម នៅកម្ពុជា ជាច្រើនដង ហើយក៏ទទួលរងការបង្ក្រាបពីអាជ្ញាធរខ្មែរគ្នាឯង ដោយសារចង់អោយអ្នកនាំពាក្យស្ថានទូតសុំទោសជាសាធារណៈ ដែលព្រហើនលើកឡើងថា ទឹកដីកម្ពុជាក្រោមគឺជាទឹកដីវៀតណាមតាំងពីដូនតារបស់ពួកគេ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ថាបញ្ហាការទូត បញ្ហាប្រទេសដទៃមិនខ្លាច កាន់តែគឃ្លើនរំលោភបូរណភាពទឹកដីប្រទេសកម្ពុជានោះ ពួកគេគិតថាប្រទេសទាំងនោះ បែបគិតថា មកពីការទូតខ្មែរអន់ រដ្ឋមន្រ្តីការបរទេសខ្មែរ មិនហ៊ានធ្វើអីពួកគេ ទើបបានជាពួកគេកាន់តែធ្វើបែបនេះ។ ប្រជាពលរដ្ឋរំពឹងគិតថា លោក ប្រាក់ សុខុន និងមានឆន្ទៈស្នេហាជាតិ ស្រលាញ់បូរណភាពទឹកដី ជាជាងអង្គុយស្រលាញ់តំណែងរបស់ខ្លួនជាងជាតិ។
គួរបញ្ជាក់ថា លោកប្រាក់ សុខុន ដែលទើបតែត្រូវបានឡើងធ្វើជា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្មីៗនេះ បានឲ្យដឹងថា លោកនឹងជំរុញ និងកែលំអរបបទំនាក់ទំនង និងសន្ទនាជាមួយបេសកកម្មទូតនានាដើម្បី បង្កើនការយោគយល់គ្នា រឹតចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀត។
លោកបន្តថា ការងារការទូត គឺដើរតួនាទីសំខាន់នៅក្នុងការការពារមុខមាត់ កេរ្តិ៍ឈ្មោះ របស់ប្រទេសជាតិ។ យើងនឹងជំរុញ និងកែលំអរបបទំនាក់ទំនង និងសន្ទនាជាមួយបេសកកម្មនានាដើម្បីបង្កើនការយោគយល់គ្នា រឹតចំណងទាក់ទង មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀត៕
ដោយ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!