លោកសួន ប៊ុនស័ក្តិ៖ ការដឹកនាំរបស់រាជរដ្ឋាភិបាលមិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងស្រុងនោះទេ
សង្គមស៊ីវិលថា ការដឹកនាំរបស់រាជរដ្ឋាភិបាលមិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងស្រុង ដូចអ្វីដែលនាយករដ្ឋមន្រ្តីថា ប្រជាពលរដ្ឋទទួលផលប្រយោជន៍ធំណាស់ពីរាជរដ្ឋាភិបាលនេះទេ។ សំឡេង៖
អគ្គលេខាធិការនៃអង្គការ CHRAC លោកសួន ប៊ុនស័ក្តិ បានប្រាប់វិទ្យុសំឡេងយុវជននៅព្រឹកថ្ងៃទី០៦ មេសានេះថា ដំណើរការដឹកនាំរបស់រដ្ឋាភិបាលមិនបានបម្រើពលរដ្ឋយ៉ាងពេញទំហឹងនោះទេ គឺការដឹកនាំចេះតែដឹកនាំ ឯប្រជាពលរដ្ឋក៏នៅតែរងគ្រោះនូវបញ្ហារំលោភសិទ្ធិ ដូចជាបញ្ហាដីធ្លីជាដើម មិនដូចអ្វីដែលសម្តេច ហ៊ុន សែនបានមានប្រសាសន៍ថាប្រជាពលរដ្ឋទទួលផលប្រយោជន៍ធំណាស់ពីរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកនោះទេ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធសំណង់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី០៥ មេសាថា ប្រជាពលរដ្ឋទទួលផលប្រយោជន៍ធំណាស់ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពីការដឹកនាំរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកផ្ទាល់ ប៉ុន្តែប្រជាពលរដ្ឋមិនសប្បាយចិត្ត នឹងអំពើខ្លះរបស់មន្ត្រីថ្នាក់ក្រោម ដែលធ្វើមិនបានល្អ ដែលនាំទៅដល់ខឹងគោ វាយរទេះ ។
លោកសួន ប៊ុនស័ក្តិ ថាដោយសារតែមានការខ្វះចន្លោះពីថ្នាក់ដឹកនាំ ទើបធ្វើឲ្យមន្ត្រីថ្នាក់ក្រោមធ្វើអ្វីដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ មិនខុសពីក្នុងរង្វង់គ្រួសារដែលកូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ បើឪពុកម្តាយមិនបើកដៃកូនក៏មិនហ៊ានធ្វើដែរ ឬក៏ពេលដែលកូនធ្វើអ្វីខុសឪពុកម្តាយមិនដឹង។
គួរគាត់សំគាល់ថា ពលរដ្ឋសព្វថ្ងៃ មិនសប្បាយចិត្ត នឹងការំលោភសិទ្ធិមនុស្ស រំលោភធីធ្លី ដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិចតា នៅតាមព្រំដែន បញ្ហាអន្តោប្រវេសន៍ បញ្ហាពុករលួយ បញ្ហាសេវាសាធារណៈ និងបញ្ហាជាច្រើនទៀត។ រដ្ឋាភិបាល ប្តេជ្ញាថា នឹងដោះស្រាយបញ្ហាទាំងនោះ ជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!