នាយករដ្ឋមន្ត្រី អ៊ីស្លង់ ចុះចេញពីតំណែង ខណៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បដិសេធរឿងលាក់លុយក្រៅប្រទេស
លោក នាយករដ្ឋមន្ត្រី អ៊ីស្លង់ លោក Sigmundur David Gunnlaugsson ចុះចេញពីតំណែងបន្ទាប់បែកធ្លាយថាលោកមាន ឈ្មោះក្នុងបញ្ជីឯកសារសម្ងាត់របស់ក្រុមហ៊ុនមេធាវីប៉ាណាម៉ា Mossack Fonseca ដែលបានលាក់លុយរាប់លានដុល្លារ។ ជាមួយគ្នានេះ ក៏មានឈ្មោះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីយុត្តិធម៍ នៅក្នុងឯកសារសម្ងាត់របស់ក្រុមហ៊ុនមេធាវីប៉ាណាម៉ានោះដែរ តែលោកបដិសេធមិនទទួលស្គាល់ឡើយ។ សំឡេង៖
លោក Sigmundur David Gunnlaugsson នាយករដ្ឋមន្រ្តីអ៊ីស្លង់ ចេញពីតំណែងហើយបន្ទាប់ពី បែកធ្លាយថាលោកជាប់ពាក់ព័ន្ធលាក់លុយ ក្រៅប្រទេសរាប់លានដុល្លា ក្នុងក្រុមហ៊ុនមេធាវីប៉ាណាម៉ា Mossack Fonseca ។ លោកចុះចេញពីតំណែងបន្ទាប់ពីមាន ប្រជាពលរដ្ឋរាប់មឺននាក់ និងគណបក្សប្រឆាំង ដាក់ញ្ញត្តិទៅរដ្ឋសភា អ៊ីស្លង់ ដកសេចក្ដីទុកចិត្តចំពោះលោក ព្រោះរឿងលេចធ្លាយឯកសាររបស់ក្រុមហ៊ុនប៉ាណាម៉ា កាលពីថ្មីៗនោះ។
លោក នាយករដ្ឋមន្រ្តីអ៊ីស្លង់ Sigmundur David Gunnlaugsson មុននិងលោកចុះចេញពីតំណែង លោកបានបញ្ជាក់ថា លោកចុះចេញពីតំណែងនេះ មិនមែនមកពីរឿងបែកធ្លាយសែកលុយនោះទេ តែដោយសារលោក រងសម្ពាធពីក្រុមបាតុករ និងអ្នកនយោបាយប្រឆាំងដែលបង្ខំលោកចេញពីអំណាច ។
ស្រដៀងគ្នានេះលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានសារព័ត៏មានជាច្រើន ផ្សព្វផ្សាយថា លោក មានជាប់ពាក់ព័ន្ធទៅនឹង ការលាក់លុយ នៅក្រៅប្រទេស ក្នុងក្រុមហ៊ុនមួយ ឈ្មោះមេធាវីប៉ាណាម៉ា Mossack Fonseca ដូចទៅនិង នាយករដ្ឋមន្រ្តី អ៊ីនស្លង់ដែរ ។ តែលោកអះអាងថា មិនជាប់ពាក់ព័ន្ធ ការមានភាគហ៊ុននៅក្រៅប្រទេស ហើយមិនស្គាល់ក្រុមហ៊ុននោះដែរ។ នៅថ្ងៃទី ៤ មេសា អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សន សោភ័ណ ចេញសេចក្ដីថ្លែងការណ៍ការពារលោក អង្គ វង្សវឌ្ឍនា ដោយថា បណ្ដាញសារព័ត៏មានក្នុងស្រុកមួយចំនួន ផ្សព្វផ្សាយព័ត៏មាន មិនពិត ភូតកុហក ដែលធ្វើអោយសាធារណៈជនមានការភាន់ច្រឡំ និង ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងកិត្តិស័ព្ទនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
គួរកត់សំគាល់ថាលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានទទួលរងការរិះគន់ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួន ដោយសារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាដើរថយក្រោយ ពោលគឺ អំណាចតុលាការ និងអំណាចប្រតិបត្តិ មិនត្រូវបានបែងចែកអោយដាក់ពីគ្នា មានអំពើពុករលួយ និទណ្ឌភាព និងការរំលោភសិទ្ធិមនុស្សជាដើម៕
ដោយ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!