មតិមួយចំនួន ថាថ្នាក់ដឹកនាំ នៅកម្ពុជាមិនទាន់មានទំនួលខុសត្រូវ
ភ្នំពេញ៖មតិមួយចំនួន មើលឃើញថា កតា្តទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ចាំបាច់ណាស់ ក្នុងការបង្ហាញពីគំរូដល់ល្អដល់យុវជន និងពលរដ្ឋគោរពនិងយកគំរូតាម ។ មតិទាំងនោះ មើលឃើញថា ថ្នាក់ដឹកនាំ នៅកម្ពុជាមិនទាន់មានទំនួលខុសត្រូវ នៅក្នុងការធ្វើការងារ និងផ្តល់សេវាដល់ប្រជាពលរដ្ឋប្រកបដោយ តម្លាភាព ប្រសិទ្ធភាពនៅឡើយនោះទេ តែនៅពេលមានបញ្ហា តែងតែទម្លាក់កំហុសទៅអ្នកផ្សេងទៅវិញ។ រាយការណបន្តដោយលោកញ៉ែម ប្រសិដ្ឋ។
អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា បានជម្រុញអោយមេដឹកនាំនយោបាយនៅកម្ពុជា ត្រូវចេះទទួលស្គាល់ការពិត និងមានទំនួលខុសត្រូវ នូវទង្វើរបស់ខ្លួន ដែលទង្វើល្អទាំងនេះ ជាគំរូដែលជម្រុញអោយប្រជាពលរដ្ឋ និងយុវជន យកតម្រាប់តាមនៅក្នុងការជម្រុញអោយមានការអភិវឌ្ឍប្រទេសកាន់តែល្អប្រសើរឡើង។
លោកថា ការចូលរួមដោយតម្លាភាព គណនេយ្យភាពមិនទាន់មានភាពល្អប្រសើរនៅឡើយនោះទេ។ បរិបទសង្គម ប្រជាធិបតេយ្យនៅកម្ពុជា ទាមទារចាំបាច់ នូវស្មារតីធ្វើការងារ និងផ្តល់គំរូល្អ តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ និងមានឆន្ទៈទទួលខុសត្រូវ ។ ហើយសមត្ថភាព របស់ថ្នាក់ដឹកនាំ ទាំងអស់ដែលអាចដឹកនាំថ្នាក់ក្រោមអោយចេះ យល់ពីប្រជាពលរដ្ឋ និងយល់ពីតួនាទី ការទទួលខុសត្រូវ ពិតជាចាំបាច់ណាស់។
ចំណែកឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកកែម ឡីបានសរសេរបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ការទទួលខុសត្រូវ និងគណនេយ្យភាពសង្គម សំដៅដល់អ្នកដែលទទួលអំណាច ដូចជាអង្គការរដ្ឋ ឯកជន សង្គមស៊ីវិល ។ ហើយការទទួលខុសត្រូវ នូវទង្វើ ឬសកម្មភាព របស់ថ្នាក់ដឹកនាំទាំងអស់ មិនត្រូវ នាំបញ្ហាដល់ថ្នាក់លើ និងមិនចេះបន្ទោសដល់ថ្នាក់ក្រោមនោះទេ។
លោកថា បើថ្នាក់ដឹកនាំប្រព្រឹត្តខុសហើយ នោះ ត្រូវតែមានទំនួលខុសត្រូវ ដោយខ្លួនឯង និងត្រូវលាលែងពីតំណែង ប្រកបដោយសីលធម៌ និងរក្សាសេចក្តីថ្លៃថ្នូ។
លោកថា ការចូលរួមពេញលេញរបស់ពលរដ្ឋ ពិសេសយុវជន គ្រប់ទិដ្ឋភាពសង្គម ជាកត្តា បង្កអោយមានទំនួលខុសត្រូវ ពីថ្នាក់ដឹកនាំ ដល់ពលរដ្ឋ។
សម្រាប់មតិរបស់ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន វិញលោកយល់ថា ជាគោលការនៃអ្នកដឹកនាំ គឺត្រូវផ្តល់គំរូល្អរបស់ខ្លួនដល់ថ្នាក់ក្រោម និងមិនត្រូវយកមុខយកមាត់ និងទាមទារគុណសម្បត្តិតែម្នាក់ឯងដោយ បំភ្លេចការចូលរួមពីថ្នាក់ក្រោមនោះឡើយ។
លោកសង្កេតឃើញថា ទាំងថ្នាក់ដឹកនាំនយោបាយរដ្ឋាភិបាល ក្តី ថ្នាក់ដឹកនាំគណបក្សប្រឆាំងក្តី នៅមិនទាន់ផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងបង្ហាញការទទួលខុសត្រូវខ្ពស់របស់ពួកគេនៅឡើយនោះទេ ។ លោកថ្នាក់ដឹកនាំទាំងនោះត្រូវ អោយតម្លៃនៃទង្វើរបស់ពួកគេមុននិងធ្វើអ្វីមួយត្រូវពិចារណាពីទំហំដែលផ្តល់ផលប៉ះពាល់ដល់សង្គមជាតិទាំងមូល។
គួរបញ្ជាក់ដែរថា មតិខាងលើនោះ លើកឡើងថា ទង្វើមិនទទួលខុសត្រូវនិងការងារបែបនេះ សបញ្ជាក់ពីគំរូអាក្រក់របស់មន្រ្តីទាំងអស់នោះ ទៅលើការងារបម្រើរាស្រ្តនោះទេ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!