គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថារដ្ឋាភិបាលមិនទាន់មានវិធានការជាក់លាក់ នៅក្នុងការដោះស្រាយ បញ្ហាខ្វះទឹកប្រើប្រាស់
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជម្រុញអោយរដ្ឋាភិបាលមានទស្សនៈវិស័យស៊ីជម្រៅ និងវែងឆ្ងាយ ទៅលើបញ្ហាទឹក មិនមែនរាល់ឆ្នាំអោយតែខ្វះទឹក ដឹកទឹកមកចែកជូនប្រជាពលរដ្ឋ ដោយមិនមានវិធានការជីកស្រះ និងរកប្រភពទឹកអោយប្រជាពលរដ្ឋនោះទេ។ លោកថា គណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាល គួរតែស្តាប់មតិ និងទទួលយកយោបល់របស់គណបក្ស ឬអ្នកជំនាញនៅក្នុងការដោះស្រាយបញ្ហាទឹក និងបញ្ហាផ្សេងៗទៀតខ្លះផង។
ព័ត៌មានពិស្តារ
ថ្លែងប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកសាម អ៊ីន បានអោយដឹងថា រដ្ឋាភិបាល ហាក់បង្ហាញថាខ្លួនកំពុងអសមត្ថភាព នៅក្នុងការដោះស្រាយបញ្ហានៅចំពោះមុខរបស់ប្រជាពលរដ្ឋ ជាពិសេសរឿងខ្វះទឹកជាដើមនោះ។
លោកថារដ្ឋាភិបាល គួរតែមានវិធានការជាមុន នៅក្នុងការដោះស្រាយបញ្ហាប្រឈម របស់ពលរដ្ឋ ដូចជាពេលនេះ ពលរដ្ឋខ្វះទឹក គួរណា តែមានវិធានការជាក់លាក់ ដូចជាសាងសង់ស្រះទឹកនៅគ្រប់ឃុំនីមួយៗ ផ្តល់ថវិការដល់ឃុំ សង្កាត់នៅក្នុងការស្វែងរកប្រភពទឹកជាដើម។
យ៉ាងណាលោក ក៏បានជម្រុញអោយរដ្ឋាភិបាល ជាពិសេស លោកនាយករដ្ឋមន្រ្តីហ៊ុន សែនត្រូវមានវិធានការជាក់លាក់នៅក្នុងការដោះស្រាយបញ្ហារបស់ជាតិ មិនមែនអោយតែដល់ពេលរាំងស្ងួតខ្វះទឹក ដឹកទឹកទៅចែក រាល់ដងរាល់ពេលនោះឡើយ ព្រោះថា កម្ពុជា មិនមែនជាប្រទេសវាលខ្សាច់នោះ ទេ។ បើរដ្ឋាភិបាលចេះទទួលយកគំនិតអ្នកដទៃ យកទៅពិចារណា និងដោះស្រាយនោះ លោកថា រឿងប្រឈមខ្លះ អាចនិងដោះស្រាយបានដែរ។
សម្រាប់ការលើកឡើងបែបនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោកផៃ ស៊ីផាន ក៏បានសាទរ ចំពោះមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ។ លោកថា បញ្ហាទាំងនេះ ជាបញ្ហាជាតិទាំងមូលដែលត្រូវដោះស្រាយ ហើយក៏មិនមែនបញ្ហាបុគ្គល ឬដោះស្រាយដើម្បីតែរកសំឡេង ឬផលប្រយោជន៍អ្វីដែរ។
យ៉ាងណាក៏ដោយលោកថា កម្មវិធីធ្វើប្រឡាយ ស្តារអណ្តូង និងជីកអណ្តូង ស្រះ គឺរដ្ឋាភិបាលមានរួចជាស្រេច និងបានជីកនៅតាមឃុំសង្កាត់ ហើយផងដែរ។ តែបញ្ហារាំងស្ងួតនេះ មិនមែនអាស្រ័យមកពីបញ្ហាអត់មានអណ្តូង ឬស្រះនោះទេ គឺដោយសារតែការបែ្រប្រួលកំដៅ និងខ្សោះទឹកពីក្នុងដី ហើយលោកក៏បានជម្រុញអោយមានការចូលរួមពីសង្គមស៊ីវិល និងគ្រប់គណបក្សទាំងអស់ ក្នុងការកសាងជាតិច្រើនជាងតែបញ្ចេញទស្សនៈ។
សម្រាប់លោក សូ ចន្ថា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ យល់ថា ការអភិវឌ្ឍទៅបាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងគ្រប់ភាគីគណបក្សនយោបាយ តួយ៉ាងដូចបញ្ហាខ្វះខាតទឹក។ ដូចនេះ រដ្ឋាភិបាល គួរតែទទួលយកនូវគំនិត យុទ្ធសាស្រ្តរបស់គ្រប់អ្នកជំនាញមកពីគ្រប់គណបក្ស ជាជាង ការអំពាវនាវ មើលបំណាំដើម្បីតែកាច់កុងគ្នាជាដើមនោះ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៦នេះ កម្ពុជាបានទទួលរងនូវឥទ្ធិពល អ៊ែលនីណូ ដែលជាហេតុធ្វើអោយប្រែប្រួលអាកាសធាតុស្ទើតែគ្រប់តំបន់មួយចំនួន មិនថានៅកម្ពុជានោះឡើយ ហើយភ្លៀងក៏បានធ្លាក់មិនគ្រប់គ្រាន់ ដែលធ្វើអោយខ្វះខាតទឹកប្រើប្រាស់។ យ៉ាងណារដ្ឋាភិបាល បានដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលសង្គមស៊ីវិល ថា រដ្ឋាភិបាលគួយុទ្ធសាស្រ្តជាក់លាក់ជាងនេះ៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!