សម្តេចហ៊ុនសែន ចោទក្រុមបក្សប្រឆាំងថា ជាអ្នកលួចចូលគេហទំព័ររបស់លោក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ជនល្មើសដែលបានលួចចូលគេហទំព័ររបស់លោកនៅព្រឹកថ្ងៃទី០៧ឧសភានោះ គឺជាទង្វើមិនអាចប្រកែកបានរបស់ក្រុមបក្សប្រឆាំង ដែលតែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាងធ្វើការវាយប្រហារមកលើលោក។ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា បើទោះបីជាជនល្មើសមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ។
លោកនាយករដ្ឋមន្រ្តីថា ជនល្មើសដែលលួចចូលគេហទំព៍ររបស់លោកនោះ តីបានធ្វើសកម្មភាពដូចជា ប្តូររូបភាព និងបានលួចប្តូរដាក់សារសម្លេងជាភាសាខ្មែរតាមទ្រង់ទ្រាយ HACKER និងបង្កការរំខាន និងធ្វើអោយបាត់បង់ទិន្ន័យមួយចំនួនធំក្នុងនៅក្នុងវេបសាយផងដែរ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្រ្តី បានលើកឡើងថា បានជាសម្ដេចនាយករដ្ឋមន្រ្តីថា ការលួចចូលគេហទំព័ររបស់លោក ជាក្រុមគណបក្សប្រឆាំងនោះ គឺមានភត្តុតាងគ្រប់គ្រាន់ តែលោកផៃស៊ីផាន មិនបានបង្ហាញភស្តុតាងទាំងនោះទេ ។
លោកយឹម សុវណ្ណ អ្នកនាំគណបក្សសង្រ្គោះជាតិ បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយថាគណបក្សសង្រ្គោះជាតិ គ្មានហេតុផលអ្វី និង ភារកិច្ចអ្វី លួចចូលគេហទំព័ររបស់លោកនាយករដ្ឋមន្រ្តីនោះទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកមាស នី បានប្រាប់វិទ្យុសំឡេងយុវជនថា ការចោទប្រកាន់គ្នានេះ គឺបានឆ្លុះបញ្ជាំងថា អ្នកនយោបាយខ្មែរ នៅមិនទាន់ចាស់ទុំក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួននៅឡើយ។ លោកថា អ្នកជំនាញរបស់រដ្ឋាភិបាល មានសម្ថតិភាពច្រើនណាស់ ក្នុងការរុករកជនល្មើសដែលបានចូលលួចគេហទំព័ ឬ ប្រព័ន្ធបច្ចេកវិទ្យាណាមួយនោះ។ លោកបន្ថែមថា ហេតុអ្វីបានជាអ្នកនយោបាយ ចោទប្រកាន់គ្នា ដោយមិនទាន់ចាប់ជនល្មើសបានផង លោកថា ការធ្វើនេះមិនមែនជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយឡើយ។
សូមបញ្ជាក់ថា នៅពេលនេះក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា IT Crimes របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្រាវជ្រាវរកប្រភពជនល្មើស HACKER យកមកផ្តន្ទារទោសតាមច្បាប់ជាធរមាន៕
ដោយ ញ៉ែម សំណាង Email: somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!