ទស្សនៈខ្លះថា រដ្ឋាភិបាលហាក់បង្ហាញពីភាពភ័យខ្លាចចំពោះ យុទ្ធនាការ Black Monday ថាជាបដិវត្តន៍ពណ៌
ទស្សនៈខ្លះ យល់ថារដ្ឋាភិបាលហាក់តក់ក្រហល់ ភ័យខ្លាចចំពោះពាក្យបដិវត្តន៍ពណ៌ផ្តួលរលំ រដ្ឋាភិបាលខ្លាំងណាស់ រហូតមិនអាចបែងចែកថា មួយណាជាបដិវត្តន៍ពណ៌ផ្តួលរលំរដ្ឋាភិបាល មួយណាធ្វើឡើងដើម្បីតែទាមទារសិទ្ធសេរីភាព និងការសំណូមពរអោឲ្យដោះលែង សកម្មជនអង្គការក្រៅរដ្ឋាភិបាល ដែលការពារសិទ្ធិមនុស្ស។
ព័ត៌មានពិស្តារ៖
លោកមាស នីអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម គាំទ្រចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងប្រទេស ក៏ប៉ុន្តែ លោកថា រដ្ឋាភិបាល ហាក់ដើរមុនច្រើនជំហាន ចំពោះការចាត់វិធានការដ៏តឹងរឹងបែបនេះ ចំពោះ សមាគម អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបានប្រកាសជួបជុំគ្នា តាមរយៈយុទ្ធនាការស្លៀកពាក់ខ្មៅ ដើម្បីសុំអោយរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្សដែលបានចាប់ខ្លួន។
លោកយល់ថា រដ្ឋាភិបាលសព្វថ្ងៃ ហាក់កំពុងមានការភ័យខ្លាចចំពោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ភ័យខ្លាចធ្លាក់សំឡេងឆ្នោត ភ័យសព្វភ័យគ្រប់ រហូតមិនអាចគ្រប់គ្រងស្ថានការណ៍នៅចំពោះមុខបាន។ លោកថាគណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាល កាន់តែធ្វើបែបនេះ ថ្ងៃក្រោយប្រជាប្រិយភាពរបស់រដ្ឋាភិបាលកាន់តែធ្លាក់ចុះជាលំដាប់ ដោយសារតែការប្រើប្រាស់អំណាចរបស់ខ្លួនមកគាបសង្កត់សង្គមស៊ីវិល និងធ្វើការចាប់ខ្លួនបែបនេះ។
ទាក់ទិននិងបញ្ហានេះ អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី លោកផៃ ស៊ីផាន បានលើកឡើងថា រដ្ឋាភិបាល មិនអនុញ្ញាតអោយមានការប្រើប្រាស់យុទ្ធនាការស្លៀកពាក់ខ្មៅ ដើម្បីទាមទារអោយដោះលែងពិរុទ្ធជនដែលបានជាប់ទោសនោះទេ។ លោកថា ទិសដៅដែលអង្គកាសង្គមស៊ីវិលធ្វើបែបនេះ មិនមែនត្រឹមតែសុំដោះលែងអ្នកទាំងនោះទេ និង អាចបណ្តាលអោយមានភាពវឹកវរ និងបង្កចលាចលនៅក្នុងប្រទេសថែមទៀតផងដែរ។
អ្នកនាំពាក្យរូបនេះ ថា រដ្ឋាភិបាល មិនបានខ្លាចអ្វីដែលបានកើតឡើងនោះទេ ហើយក៏មិនព្រួយបារម្ភថា និងអាចប៉ះពាល់ដល់ប្រជាប្រិយភាពនោះដែរ លោកថាការដែលធ្វើបែបនេះ ដើម្បីទប់ស្កាត់ការបង្កចលាចល និងភាពវឹកវរ ដោយបច្ច័យណាមួយតែប៉ុណ្ណោះ ដោយសារតែទម្រង់បែបនេះ គឺជាទម្រង់ដែលធ្លាប់កើតមានបដិវត្តន៍ពណ៌។
ក្រសួងមហាផ្ទៃបានប្រកាសចាត់វិធានការ ចំពោះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផុសការញុះញង់ឲ្យមាន យុទ្ធនាការស្លៀកពាក់ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទារឲ្យមានការដោះលែងជនល្មើសមួយចំនួន ដែលតុលាការ កំពុងឃុំខ្លួនជាបណ្តោះអាសន្ន។
ក្រសួងបានបញ្ជារអោយ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ចូលរូមទប់សា្តត់ ចលនាស្លៀកពាក់ខ្មៅនេះ កុំអោយមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បី ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងនីតិរដ្ឋ ក្នុងក្របខ័ណ្ឌនៃលទ្ធប្រជាធិបតេយ្យ ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអោយដឹងនៅលើហ្វេសប៊ុករបស់លោកស្រី ដោយជម្រុញអោយរដ្ឋភិបាលគោរពសិទ្ធមនុស្ស និងធ្វើការដោះលែង សកម្មជនទាំងអស់ដែលបានចាប់ខ្លួន ជាប់ចោទ ជាប់ពន្ធនាគារដោយបុព្វហេតុការពារសិទ្ធិមនុស្ស ធនធានធម្មជាតិជាដើម។
សូមបញ្ជាក់ថា មាត្រា ៤១ រដ្ឋធម្មនុញ្ញ ចែងថា «ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ...»។ មាត្រា ១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចែងថា «១. ជនគ្រប់រូបមានសិទ្ធិប្រកាន់យកមតិយោបល់ដោយគ្មានការជ្រៀតជ្រែក ២. ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាព ស្រាវជ្រាវព័ត៌មាន ទទួល ផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគតិពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន»។
គួរបញ្ជាក់ផងដែរថា ដំណើររឿងរហូតសមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រកាសអោយមានយុទ្ធនាការស្លៀកពាក់ខ្មៅ រៀងរាល់ថ្ងៃចន្ទ ដែលគេហៅជាភាសាអង់គ្លេសថា Black Mondayនោះ គឺចង់អោយមានការដោះលែងសកម្មជនសិទ្ធិមនុស្ស ៤រូប និងមន្រ្តីគជបម្នាក់ផងដែរ ដែលតុលាការចោទក្នុងរឿងពុករលួយ នឹងករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាមួយនិងលោកកឹម សុខា ។ ការចាប់ខ្លួននេះ ក៏ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថាជាអំពើ អយុត្តិធម៌ និងរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!