គណបក្សនយោបាយខ្លះ យល់ឃើញផ្ទុយគ្នារឿងកំណត់អាណត្តិនាយករដ្ឋមន្ត្រី
MC៖ប្រធានគណបក្សអំណាចខ្មែរ ចង់អោយមានការកំណត់អាណត្តិ បេក្ខជននាយករដ្ឋមន្ត្រី ទាំងបក្សចាញ់ឆ្នោត និងបក្សឈ្នះឆ្នោត។ តែអ្នកនាំពាក្យគណបក្សប្រជាជនថា នេះគ្រាន់តែជាមតិផ្ទាល់ខ្លួន ព្រោះនាយករដ្ឋមន្ត្រី គេជ្រើសរើសក្រោយការបោះឆ្នោត។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរថា ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ពិតជាមានការពិបាក ដោយសារតែការកំណត់អាណត្តិសម្រាប់តែអ្នកឈ្នះ ហើយអ្នកចាញ់នៅមានសិទ្ធិឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីដដែល។ លោកទាមទារឲ្យមានច្បាប់កំណត់អាណត្តិបេក្ខជនអ្នកឈរឈ្មោះជា នាយករដ្ឋមន្ត្រី គឺមានន័យថា កំណត់ទាំងអាណត្តិអ្នកឈ្នះ និងកំណត់ទាំងអាណត្តិអ្នកចាញ់។
ការលើកឡើងរបស់លោក សួន សេរីរដ្ឋានេះ ធ្វើឡើងនៅលើទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោក នាព្រឹកនេះ។ លោកបញ្ជាក់ថាការកំណត់អាណត្តិបេក្ខជនអ្នកឈរឈ្មោះ ជានាយករដ្ឋមន្ត្រីគឺ ពុំខុសនឹងប្រព័ន្ធរបបនយោបាយសភានិយមនោះទេ។
ការឌឺដងរបស់លោក សួន សេរីរដ្ឋានេះ ធ្វើឡើងដើម្បីឆ្លើយតបចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាលើពិភពលោកនេះពុំមានប្រទេសណាកំណត់អាណត្តិ នាយករដ្ឋមន្ត្រីនោះឡើយ។ លោន សួន សេរីរដ្ឋា ថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីគឺត្រូវតាមប្រព័ន្ធរបបសភានិយម ប៉ុន្តែខុស ពីព្រោះយ៉ាងហោចណាស់មានប្រទេសថៃមួយដែរ ដែលនាយរដ្ឋមន្ត្រីមានអាណត្តិ។
ទោះយ៉ាងណាក៏ដោយ គេពុំឃើញមានច្បាប់របស់ប្រទេសថៃណាមួយ កំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ គ្រាន់តែនាយករដ្ឋមន្ត្រីថៃភាគច្រើន កាន់អំណាចមិនលើសពី ពីរអាណត្តិ ដោយសារតែការធ្វើរដ្ឋប្រហារពីសំណាក់យោធារ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាការលើកឡើងរបស់លោក សួន សេរីរដ្ឋានេះ គ្រាន់តែជាមតិផ្ទាល់ខ្លួន ក្នុងនាមជាប្រធានគណបក្សមួយតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ក្នុងលោកនេះ គ្មានប្រទេសណាគេកំណត់អាណត្តិបេក្ខជននាយករដ្ឋមន្ត្រីនោះឡើយ។ ហើយការកំណត់បុគ្គលណាជាបេក្ខជននាយករដ្ឋមន្ត្រី គឺជាការសម្រេចរបស់បក្សនិមួយៗ ដែលគ្មានច្បាប់ណាទៅលួកដៃកិច្ចការផ្ទៃក្នុងបក្សគេនោះទេ។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញជំហរគាំទ្រដល់ការកំណត់អាណត្តិ នាយករដ្ឋមន្ត្រី ឬបេក្ខជនជានាយករដ្ឋមន្ត្រី។ លោកបញ្ជាក់ថានេះជាតំណើរ ការលទ្ធិប្រជាធិបតេយ្យ ឲ្យកាន់តែល្អប្រសើ តែលោកថា សម្រាប់គណបក្សលោក ពុំមានគោលការណាកំណត់អាណត្តិបេក្ខជន នាយករដ្ឋមន្ត្រី នោះឡើយ គឺ មានតែការកំណត់អាណត្តិ ប្រធាន និងអនុប្រធានបក្ស ហើយប្រធានបក្សក៏ពុំអាចក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី ដោយស្វ័យប្រវត្តិនោះទេ ទាមទារឲ្យមានការប្រកូតប្រជេញនៅក្នុងបក្សជាមុនសិន។
គួររំលឹកថា កន្លងមកមានគណបក្សនយោបាយមួយចំនួន ទាមទារអោយប្រទេសកម្ពុជា កំណត់អាណត្តិនាយករដ្ឋមន្ត្រី។ តែការប្រតិកម្មពីគណបក្សកាន់អំណាចថា ការំណត់អាណត្តិនាយករដ្ឋមន្ត្រី ខុសច្បាប់កម្ពុជា ហើយក៏គ្មានប្រទេសណាគេធ្វើដូចនេះឡើយ មានតែការកំណត់អាណត្តិប្រធានាធិតិ ដែលគេបោះឆ្នោតតាមប្រព័ន្ធឯកត្តនាម រីឯប្រទេសកម្ពុជាវិញបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!