បេក្ខជនតំណាងកម្ពុជាបង្ហាញពីមោទនភាពចំពោះការប្រកួត Microsoft World Championship ឆ្នាំនេះ
យុវជនបង្ហាញនូវភាពរួសរាយរាក់ទាក់ និងមោទនភាពចំពោះការប្រកួតលំដាប់ថ្នាក់ពិភពលោកដែលទាក់ទាញបេក្ខជនមកពីជាង ១០០ ប្រទេសទៅកាន់ Disneyland
យុវជនកម្ពុជា ៣ រូបដែលតំណាងជាតិទៅចូលរួមប្រកួតជើងឯងជំនាញកុំព្យូទ័រលំដាប់ពិភពលោក ឬ (Microsoft Office Specialist World Championship) នៅ Disneyland សប្ដាហ៍នេះ មានក្ដីរំភើបយ៉ាងខ្លាំងដែលពួកគេបានទទួលមុខតំណែងថ្មី ជាឯអគ្គរដ្ឋទូតតំណាងយុវជនកម្ពុជាជំនាន់ថ្មី និងមានចិត្ដអន្ទះសាចង់ចែករំលែកនូវវប្បធម៌របស់ខ្លួនទៅកាន់ពិភពលោក ខណៈពួកគេប្រកួតលើឆាកអន្ដរជាតិ។
យុវជន នួន ស៊ីញ អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ដែលប្រកួតលើមុខជំនាញ Microsoft Excel បានឲ្យដឹងថា៖ «វាលើសពីការប្រកួតទៅទៀត»។
លោកបាននិយាយខណៈពេលត្រៀមខ្លួនដែលមានការចូលរួមប្រកួតពីសំណាក់បេក្ខជនជាង ១០០ ប្រទេសនៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិកថា៖ «វាក៏ជាឱកាសរាប់អានមិត្ដភក្ដិថ្មីៗ និងបង្ហាញឲ្យគេឃើញថា យើងអន្ទះសាចង់ចែករំលែកនូវភាពសប្បាយរីករាយ មោទនភាព និងជំនាញរបស់យើងជាមួយយុវជនមកពីជុំវិញពិភពលោក»។
សមាជិកក្រុមកម្ពុជាដ៏វ័យក្មេងបំផុត យុវជន គង់ ហេរ៉ូ អាយុ ១៦ ឆ្នាំ បាននិយាយថា លោកមានក្ដីរំភើបរីករាយក្រៃលែងបានមកប្រកួតក្នុងព្រឹត្ដិការណ៍ដែលបងរបស់ខ្លួនឈ្មោះ គង់ ឌីវីន បានឈ្នះមេដាយប្រាក់កាលពីឆ្នាំមុន។ មិនខុសពីបង សិស្សរៀនថ្នាក់ទី១០ មកពីវិទ្យាល័យវេស្ទើនអន្ដរជាតិរូបនេះ ប្រកួតប្រជែងលើមុខជំនាញ Microsoft Power Point ផងដែរ។
យុវជនវ័យក្មេងរូបនេះ បានលើកឡើងដោយសំដៅលើវត្ថុសិប្បកម្មសម្រាប់ផ្ដល់ជូនបេក្ខជនមកពីបណ្ដាប្រទេសដទៃថា៖ «ឆ្នាំនេះ យើងបាននាំយកកាដូមួយចំនួន។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដឹងថា ពួកគេចង់ដឹងចង់ស្គាល់ពីកម្ពុជា។ ម្នាក់ៗនាំគ្នាមកសួរយើងជាច្រើនសំណួរ។ ពួកគេនិយាយថា ពួកយើងជាមនុស្សរួសរាយរាក់ទាក់ណាស់ តែពួកគេក៏បានដឹងថា ក្រោយពីឈ្នះមេដាយកាលពីឆ្នាំមុន យើងក៏មានជំនាញខ្ពស់ផងដែរ»។
បុគ្គលិកផ្នែកសូហ្វវែលរបស់ក្រុមហ៊ុនមិត្ដហ្វូន យុវជន អេង សុខអាន កំពុងតែប្រកួតប្រជែងជាលើកទីពីររបស់ខ្លួន។ លោកបាននិយាយថា បេក្ខជនមកពីបណ្ដាប្រទេសដទៃបានផ្ដោតការយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះក្រុមកម្ពុជានៅឆ្នាំនេះ។ លោកបានពន្យល់ប្រាប់ថា៖ «មូលហេតុចម្បងមួយគឺថា យើងបានឈ្នះមេដាយកាលពីឆ្នាំ២០១៥កន្លងទៅ ហើយមូលហេតុផ្សេងទៀតគឺថា ពួកគេមើលឃើញថា យើងកាន់តែអន្ទះសាចង់បង្ហាញសមត្ថភាពដណ្ដើមជើងឯកពិភពលោកនេះ។ យើងមានជំនឿចិត្ដ គ្មានការភ័យខ្លាច មានការតាំងចិត្ដខ្ពស់ និងមោទនភាព»។
នេះគឺជាឱកាសប្រកួតប្រជែងជើងឯកពិភពលោកលើកទី៣ ដែលក្រុមកម្ពុជាបានចូលរួម។ ក្រុមដែលមានសមាជិក ៣ រូបត្រូវបានជ្រើសរើសតាមរយៈការប្រកួតប្រជែងថ្នាក់ជាតិដែលរៀបចំឡើងដោយ IIG Education Cambodia សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូឧបត្ថម្ភពីក្រុមហ៊ុនមិត្ដហ្វូន។ បេក្ខជនរាប់ពាន់នាក់មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៣៣ អង្គភាពបានចូលរួមប្រកួត លើវិញ្ញាសារ Microsoft Specialist ផ្នែក Microsoft Words, Excel ឬ Power Point។ បេក្ខជន ៣ រូបដែលមានបន្ទុកខ្ពស់បំផុតពេលនេះកំពុងប្រកួតនៅព្រឹត្ដិការណ៍ជើងឯកពិភពលោក។
មិត្ដហ្វូនគឺជាអ្នកឧបត្ថម្ភព្រឹត្ដិការណ៍នេះ ដែលផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើកស្ទួយវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ លោកអគ្គនាយករងក្រុមហ៊ុនមិត្ដហ្វូន ញ៉ុង ឌីនថន បានមានប្រសាសន៍ថា៖ «យើង សម្លឹងឃើញវិស័យអប់រំគឺជាកូនសោរគន្លឹះចំពោះការអវិឌ្ឍស្ថេរភាព។ ដូច្នេះ នេះគឺជាមូលហេតុដែលមិត្ដហ្វូន ដែលខិតខំត្រួសត្រាយផ្លូវក្នុងការពង្រីកវិសាលភាពវិស័យអប់រំឲ្យឈានឡើងជាលំដាប់»។
លោកបានបន្ដថា៖ «ការប្រកួតប្រជែងនេះគ្រាន់តែជាលទ្ធផលតែមួយគត់ដែលយើងទទួលបាន។ សិស្ស និស្សិតមិនត្រឹមតែទទួលបានជំនាញដែលពួកគេត្រូវការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្ដែពួកគេថែមទាំងមានមោទនភាពចំពោះសមិទ្ធផលនេះសម្រាប់ខ្លួនឯង និងប្រទេសជាតិទាំងមូល»។
ថ្មីៗនេះ ក្រុមហ៊ុនមិត្ដហ្វូនបានចុះហត្ថលេខាអនុសារណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលជាការបង្ហាញជំហរគាំទ្រកាន់តែស៊ីជម្រៅ។ ការវិនិយោគនេះ រួមទាំង ការពង្រីកវិសាលភាពនៃបណ្ដាញអ៊ីនធឺណិតកាន់តែទូលំទូលាយទៅដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ដ្រីអប់រំ ១ លាននាក់សម្រាប់រយៈពេល ៥ ឆ្នាំ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!