សង្គមស៊ីវិល ថាចំណាត់ការ លោកនាយករដ្ឋមន្ត្រី មានប្រសិទ្ធិភាពតិចតួចក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់
សកម្មជនការពារព្រៃឈើ និងអ្នកតាមដានសង្គម លើកឡើងថា ការកាប់បំផ្លាញព្រៃឈើ ជាពិសេសនៅតំបន់ព្រៃឡង់ កាន់តែរីកដុះដាលដូចផ្សិត បើទោះបីជាមានការប្រកាសក្តែងៗ ពីលោកនាយករដ្ឋមន្ត្រី អោយសមត្ថកិច្ចទប់ស្កាត់ការកាប់បំផ្លាញ និងបង្ក្រាបមិនយល់មុខអ្នកមានអំណាចនៅពីក្រោយក្តី។
ព័ត៌មានពិស្តារ
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាអ្នកសកម្មមួយអង្គនៅក្នុងការចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ យល់ថា បទបញ្ជារ និងសម្រែករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏មិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ជាពិសេសនៅតំបន់ព្រៃឡង់ បានដែរ ដោយសារតែលោក ហ៊ុន សែនចេះតែស្រែក ចំណែកឯឈ្មួញ និងមន្ត្រីខិលខូចចេះតែកាប់ដោយមិនញញើតដៃ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកមាស នី បានអោយដឹងថា បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពកាប់បំផ្លាញព្រៃឡង់ជាបណ្តាញ និងខ្សែររយៈ ដែលមិនមានមន្ត្រីមូលដ្ឋានចូលទៅបង្កា្របឈ្មួយកាប់ឈើខុសច្បាប់ទាំងអស់នោះ។
លោកមាស នី មើលឃើញថា កាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែន មិនទាន់ស្រែកអោយទប់ស្កាត់ជាកំហិតអ្នកកាប់បំផ្លាញ និងឈ្មួយលក់ព្រៃឈើទៅក្រៅប្រទេស អ្នកកាប់ព្រៃឈើហាក់នៅមិនមានកម្រិត តែពេលស្រែកអោយទប់ស្កាត់ បែរជាសកម្មភាពកាប់បំផ្លាញកាន់តែធ្ងន់ធ្ងរឡើង លោកថា នៅតាមច្រកសំខាន់ៗហាក់ធូររលុង ចំពោះការបង្កា្របទៅវិញ។
វិទ្យុសំលេងយុវជន មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោកសៅ សុភាព បាននោះទេ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
សូមរំលឹកថា កាលលោកកែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកនៅមានជីវិត លោកក៏ធ្លាប់បានបង្ហាញនូវយុទ្ធិសាស្ត្រជាច្រើនចំនុចក្នុងការទប់ស្កាត់ការបំផ្លាញព្រៃឈើទៅកាន់រដ្ឋាភិបាលផងដែរ។ដំណោះស្រាយក្នុងការការពារព្រៃឈើព្រៃឡង់ ដោយលោកជម្រុញអោយមានការធ្វើវិមជ្ឈការ ឬប្រគល់សិទ្ធិអំណាចដល់សហគមន៍ព្រៃឈើ សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ព្រៃឡង់ទាំងស្រុកក្នុងការគ្រប់គ្រង ថែរក្សា ការពារនិងដកផលពីអនុផលព្រៃឈើក្នុងសហគមន៍របស់ពួកគាត់។ លោកកែម ឡីថា សហគមន៍ផ្ទាល់ត្រូវមានការសហការជាមួយភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលក្នុងការពង្រឹងប្រសិទ្ធិភាពនៃកិច្ចគាំពារ ហើយ មានសិទ្ធិរៀបចំក្រុមល្បាតព្រៃ និងទទួលជំនួយបច្ចេកទេសពីស្ថាប័នជាតិ និងអន្តរៈជាតិក្នុងការអភិរក្សព្រៃនិងសត្វព្រៃក្នុងតំបន់របស់ខ្លួន។ លោកបន្តថា រដ្ឋាភិបាលថ្នាក់ខេត្ត ថ្នាក់ជាតិមិនមានសិទ្ធិចាត់ចែង និងផ្តល់តំបន់របស់សហគមន៍ឲទៅក្រុមហ៊ុនធ្វើអាជីវកម្មអ្វីមួយឡើយ។
ចុងក្រោយលោកលើកឡើងថា អ្នកជាតិនិយមចូលចិត្តភ្ជាប់ខ្លួនទៅនឹងធម្មជាតិ ព្រៃឈើ បឹង ទន្លេ សមុទ្រ ព្រំដែន និងភូមិកំណើតរបស់ខ្លួនដែលមានធម្មជាតិស្អាតល្អ តែផ្ទុយទៅវិញ អ្នកបំផ្លាញជាតិចូលចិត្តយកធម្មជាតិមកជាកម្មសិទ្ធិខ្លួនឯង និងសុខចិត្តលក់ទឹកដីឲជាតិដ៏ទៃដើម្បីពង្រឹងអំណាចដឹកនាំ និងសម្ភារៈ។គួរបញ្ជាក់ថា ព្រៃឡង់ គឺជាព្រៃស្រោងតំបន់ទំនាបធំជាងគេបង្អស់នៅកម្ពុជា គ្រប់ដណ្តប់លើខេត្តមួយចំនួន។
តាមរយៈការសិក្សាថ្មីមួយរបស់អង្គការអភិរក្សអន្តរជាតិ និងអង្គការវីនរ៉ក់អន្តរជាតិ កាលពីឆ្នាំ២០១៥ បានឲ្យដឹងថា តំបន់ព្រៃឡង់ គឺជាទីជម្រករបស់ប្រភេទសត្វ និងរុក្ខជាតិជិត១ពាន់ប្រភេទ។ ព្រៃឡង់ គឺជាប្រភពនៃជីវិតសម្រាប់មនុស្សប្រមាណ២សែន ៥ម៉ឺននាក់ ដែលរស់នៅជុំវិញនោះ។
ដោយឡែកចំពោះកិច្ចការពារកន្លងមក ក្រុមសហគមន៍ព្រៃឡង់ បានបង្ក្រាបបទលើ្មសព្រៃឈើ ដោយចាប់បានម៉ាស៊ីនអារឈើរាប់សិបគ្រឿង និងឈើរាប់សិបម៉ែត្រគូប៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!