បេក្ខជន ៣ រូប ក្នុងចំណោមបេក្ខភាព ២៥០ នាក់ ទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែង និងពិព័រណ៍រូបថត ស្តីពីសម្រស់ធម្មជាតិ និងបរិស្ថាន
បេក្ខជនបីនាក់ ក្នុងចំណោមបេក្ខភាព ២៥០រូប បានទទួលបានជ័យលាភី និងរង្វាន់លើកទឹកចិត្តពីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីប្រកួត ប្រជែង និងពិព័រណ៍រូបថត ស្តីពី សម្រស់ធម្មជាតិ និងបរិស្ថាន ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ធ្នូ ២០១៦។
អ្នកទទួលបានជ័យលាភីទាំងបីរូបនោះ រួមមាន ជ័យលាភីលេខ០១ យុវជន ខឹម រិទ្ធី លេខ០២ យុវជន ម៉ៅ វឌ្ឍនា និងលេខ០៣ យុវជន គីម ហុង ហើយរង្វាន់សម្រាប់អ្នកទទួលជ័យលាភីរួមមាន ជ័យលាភីលេខ០១ ទទួលបាន កាមេរ៉ា Canon 6D ០១គ្រឿង មេដាយមាស ០១រង្វាន់ និងលិខិតសរសើរ ០១ច្បាប់។ សម្រាប់ជ័យលាភីលេខ០២ ទទួលបាន កាមេរ៉ា Canon ៧០D ០១គ្រឿង មេដាយប្រាក់ ០១រង្វាន់ និងលិខិតសរសើរ ០១ច្បាប់។ ចំពោះជ័យលាភីលេខ០៣ ទទួលបានកាមេរា Canon ៨០D ០១ គ្រឿង និងលិខិតសរសើរ ០១ច្បាប់ផងដែរ។
បន្ទាប់ពីកម្មវិធីទទួលពាន់របស់ក្រសួងបរិស្ថានបានបញ្ចប់ នៅថ្ងៃទី ១១ ធ្នូ នៅសួនមុខវត្តបទុមវត្តី លោក ខឹម រឹទ្ធី បេក្ខជនលេខ០១ មកពី ខេត្តកំពង់ឆ្នាំង បានលើកឡើងថា នេះជាមោទនភាពមួយ ដែលរូបថតរបស់ខ្លួន បានទទួលបានជ័យលាភី។ ជាមួយគ្នានេះ លោកក៏បានស្នើរពលរដ្ឋទាំងអស់ ចូលរួមថែរក្សាធនធានធម្មជាតិ
និងស្រលាញ់បរិស្ថាន ដូចរូបថតដែលខ្លួនបានតាំងបង្ហាញនេះផងដែរ។
ទន្ទឹមនឹងនេះ លោក ម៉ៅ រឌ្ឍនា បេក្ខភាពលេខ ០២ នៅរាជធានីភ្នំពេញ ដែលបានបង្អួតរូបថតរមណីយដ្ឋានទឹកជ្រោះប្រាំពីជាន់ នៅខេត្តកំពង់ស្ពឺ បានលើកឡើងដែរថា មូលហេតុដែលខ្លួនចូលរួមប្រកួតនេះ ដោយសារចង់បំផុសគំនិតឲ្យពលរដ្ឋខ្មែរចេះស្រលាញ់បរិស្ថាន និងការពារធនធានធម្មជាតិ។
លោក មឿន ញាណ គណៈកម្មការរៀបចំកម្មវិធីសម្រស់ធម្មជាតិ និងបរិស្ថាន បានលើកឡើងថា លក្ខខន្តិកៈដើម្បីទទួលបានជ័យលាភីនៃការប្រកួតប្រជែងនេះ គឺស្ថិតលើអត្ថន័យនៃរូប កាលបរិច្ឆេទ និងទម្រង់នៃរូប ដែលគណៈកម្មការ បានសម្រិតសម្រាំងចេញពីបេក្ខជន ទាំងអស់។ លោក មឿន ញាណ រំពឹងថា ការរៀបចំកម្មវិធីនេះឡើង នឹងជម្រុញឲ្យបុគ្គលដែលបំផ្លាញបរិស្ថាន ដោយផ្ទាល់ និងដោយប្រយោលភ្ញាក់ខ្លួន និងកែលម្អឡើងវិញនូវចំនុចអវិជ្ជមាន ក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ និងបរិស្ថានដែលកំពុងរងការបំផ្លាញ។
ដោយកញ្ញា ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!