ការអភិវឌ្ឍរបស់រដ្ឋាភិបាល លើតំបន់បណ្តេញចេញទាំង៧៧កន្លែង ក្នុងរាជធានីភ្នំពេញ ធ្វើឲ្យពលរដ្ឋម្ចាស់ដី ជួបសោកនាធកម្ម
សង្គមស៊ីវិលថា ការសន្យាខ្យល់ក្រោមរូបភាពអភិវឌ្ឍរបស់រដ្ឋាភិបាល លើតំបន់បណ្តេញចេញទាំង៧៧កន្លែង ក្នុងរាជធានីភ្នំពេញ ធ្វើឲ្យពលរដ្ឋម្ចាស់ដី ជួបសោកនាធកម្ម និងជួបផលវិបាកក្នុងជីវភាពរស់នៅ ទោះបីជារដ្ឋាភិបាលបានផ្តល់សំណងមួយចំនួនជូនពលរដ្ឋទាំងនោះក្តី។
ក្នុងរបាយការណ៍ស្តីពី សន្យាខ្យល់ របស់អង្គការសមាគមធាងត្នោត ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ១៣ ធ្នូ នេះ បានបង្ហាញថា ពលរដ្ឋម្ចាស់ដី ដែលធ្លាប់រស់នៅក្នុងតំបន់អភិវឌ្ឍទាំង ៧៧ ទីតាំង ក្នុងរាជធានីភ្នំពេញនោះ បាននឹងកំពុងជួបផលពិបាកទាំងជីវភាពរស់នៅ និងសុខភាពផ្លូវចិត្ត ដោយសារការបាត់បង់ផ្ទះសម្បែង រស់នៅឆ្ងាយពីមន្ទីរពេទ្យ សាលារៀន ជាដើម ដែលជាហេតុធ្វើឲ្យបាត់បង់ការសិក្សារបស់កូនៗ បាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។
លោក សឿន សារ៉ន ប្រធានផ្នែកតស៊ូមតិ នៃអង្គការសមាគមន៍ធាងត្នោត បានបញ្ជាក់បន្ថែមពីរបាយការណ៍នោះថា ទីតាំងដែលរដ្ឋាភិបាលបានអះអាងថានឹងធ្វើការអភិវឌ្ឍឲ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងកែលម្អសោភ័ណភាពទីក្រុងទាំងនោះ មានតែ ៣៥ % ប៉ុណ្ណោះដែលបានអភិវឌ្ឍទាំងស្រុង ដោយឡែក ៤០% អភិវឌ្ឍខ្លះៗ និង ២៥%ទៀត មិនបានអភិវឌ្ឍទាល់តែសោះ និងបែរជាសាងសងអគារសម្រាប់លក់ក្នុងតម្លៃមួយខ្ពស់ៗ និងតារាងបាល់ទៅវិញ។
ក្រោយពីបង្ហាញរបាយការណ៍ចប់ អ្នកស្រី ស ស៊ន អតីតស្រ្តីបឹងកក់ ដែលរងការបណ្តាញចេញទាំងបង្ខំ បានរៀបរាប់ថា ក្រោយពីត្រូវបានបណ្តេញចេញពីផ្ទះសំបែងក្នុងតំបន់បឹងកក់ អស់ជាច្រើនឆ្នាំ អ្នកស្រី និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ បានបាត់បង់មុខរបរ និងរងទុក្ខដោយសារតែផលប៉ះពាល់ក្រោមផ្លាសអភិវឌ្ឈន៍ ហើយមានពលរដ្ឋខ្លះទៀត ត្រូវបែកបាក់គ្រួសារផងដែរ។
អ្នកស្រី មាស ស្រីមុំ តំណាងសហគមន៍ភូមិ ២៣ សង្កាត់បឹងកក់ពីរ ដែលរងផលប៉ះពាល់ពីការបណ្តេញចេញនេះដែរ បានបញ្ជាក់ថា ការអភវឌ្ឈក្នុងសហគមន៍អ្នកស្រីកន្លងទៅ មិនធ្លាប់ទទួលបានការជូនដំណឹងជាមុន មុននឹងរដ្ឋាភិបាលសម្រេចចិត្តធ្វើការអភិវឌ្ឍនោះទេ។ អ្នកស្រី មាស ស្រីមុំ អំពាវនាវដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ សូមធ្វើការសហការណ៍ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យមានតម្លាភាពក្នុងការអភិវឌ្ឈ ជាជាងធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខ ដោយសារពាក្យអភិវឌ្ឍន៍។
ចំពោះបញ្ហានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលមិនមានពាក់ព័ន្ធនឹងករណីនេះទៀតទេ ដោយសារខ្លួនបានផ្ទេរតួនាទីនេះឲ្យសាលារាជធានីជាអ្នកគ្រប់គ្រងទៅហើយ។
យ៉ាងណាពាក់ព័ន្ធនឹងរបាយការណ៍នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនបានលើកឡើងនោះទេ ប៉ុន្តែលោកបានប្រតិកម្មចំពោះការលើកឡើងរបស់សង្គមស៊ីវិល ដែលថា មានការបណ្តេញពលរដ្ឋចេញទាំងបង្ខំ ហើយលោកបានអះអាងថា រាល់ការចាក់ចេញរបស់ពលរដ្ឋក្រោមការអភិវឌ្ឈ សុទ្ធតែទទួលបានសំណង។
លោក ម៉េត មាសភក្តី បញ្ជាក់ទៀតថា សាលារាជធានីភ្នំពេញបានអនុវត្តតាមនីតិវិធី ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ហើយចំពោះសំណង់តិច ឬច្រើនគឺ អាស្រ័យលើ ទំហំ និងការប៉ះពាល់ដែលពលរដ្ឋបានទទួល។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានជម្រុញឲ្យពលរដ្ឋមានការសាមគ្គី និងចេះជួយគ្នានៅពេលដែលមានការបណ្តេញណាមួយពីសំណាក់អាជ្ញាធរ និងធ្វើការតស៊ូមតិ ដើម្បីទទួលបានការអនុវត្តទៅតាមនីតិវិធីច្បាប់។
សូមជម្រាបថា របាយការណ៍ មានចំណងជើងថា សន្យាខ្យល់ ក៏បានលើកឡើងដែរថា ទីតាំងដែលរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍឲ្យក្លាយជាតំបន់ពាណិជ្ជកម្ម បច្ចុប្បន្ននៅតាមតំបន់ទាំងនោះឃើញមានដីមួយចំនួនធំមិនទាន់អភិវឌ្ឍ និងដីមួយចំនួនទៀត មានវត្តមានអគារផ្ទះល្វែងខ្ពស់ៗ ប្រព័ន្ធលូបង្ហូរទឹក ការចាក់ខ្សាច់បំពេញ ទីលានបាល់ទាត់ ផ្សារទំនើប វិថី តែការអភិវឌ្ឈនេះ មិនបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឈនោះ មានការរីកចំរើន និងមានក្តីសុខ ដូចដែលរាជរដ្ឋាភិបាលបានអះអាងនោះទេ៕
ដោយកញ្ញា ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!