ការកាប់បំផ្លាញព្រៃឡង់ នៅតែបន្តកើនឡើងជាងមុន តែអ្នកនាំពាក្យក្រសួងបរិស្ថាន បានបដិសេធ
ភ្នំញេញ៖ បណ្តាញសហគមន៍ព្រៃឡង់ចំនួន ៤ ខេត្ត នៅព្រឹក ថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០១៦នេះ បានបង្ហាញរបាយការណ៍របស់ខ្លួន ដោយលើកឡើងថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ មានការកើនឡើងជាងមុន បើធៀបទៅនឹងរបាយការណ៍កាលពីឆ្នាំ ២០១៤។ រាយការណ៍បន្តដោយ លោក ចក់ ចំរើន
ផ្អែកតាមរបាយការណ៍ចុងក្រោយលើកទី៥ របស់បណ្តាញសហគមន៍ការពារព្រៃឡង់ បានរកឃើញថា ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ មានការកើនឡើងប្រមាណ ១៤ភាគរយ បើធៀបនឹងរបាយការណ៍កាលពីឆ្នាំ២០១៤ បើទោះជារាជរដ្ឋាភិបាលបានដាក់ព្រៃឡង់ ជាព្រៃការពារ និងជាព្រៃសំរាបដែនជំរកសត្វយ៉ាងណាក្តី ក៍ព្រៃឡងនៅតែមានការកាប់បំផ្លាញដដែល។
ការឡើកឡើងរបស់បណ្តាញសហគមន៍ការពារព្រៃឡង់នេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៦ ក្នុងសន្និសិទ្ធសារពត៌មាន ស្តីពី របាយការណ៍ឃ្លាំមើលលើកទី៥ អំពីស្ថានភាពព្រៃនៅតំបន់ព្រៃឡង់ នៅផ្ទះមេត្តា ក្នុងខណ្ឌ័ចំការមន រាជធានីភ្នំពេញ ។
លោក ហឿន សុភាព សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពងធំ បានឡើកឡើងថា ទិន្នន័យ និងរបាយការណ៍ព្រៃឈើ ដែលរាជរដ្ឋាភិបាល បានប្រកាសថា អភិរក្ស និងការពារបទល្មើសនានាក្នុងតំបន់ព្រៃឡង់ ហាក់មិនមានប្រសិដ្ឋភាពនោះទេ ខណៈដែលព្រៃឈើនៅតែបន្តកាប់បំផ្លាញពីសំណាក់ឈ្មួញអ្នកមានអំណាច។ លោក ហឿន សុភាព បន្តថា ប្រសិនបើរដ្ឋាភិបាល មិនមានវិធានការច្បាប់តឹងរឹងនោះទេ ព្រៃឡងនិងត្រូវហិនហោចក្នុងពេលឆាប់ៗនេះ។
ពាក់ព័ន្ធនឹងការបន្តកាប់បំផ្លាញព្រៃឡង់នេះ លោក ហឿន សុភាព សំដែងការព្រួយបារម្ភ និងបានអំពាវនាវ ឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមការពារ និងបង្រ្កាប់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់នេះ ឲ្យបានតឹងរឺង។
អ្នកនាំពាក្យប្រសួងបរិស្ថាន លោក សៅ សុភាព បានទទួលស្គាល់ថា កន្លងទៅ ពិតជាមានការកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឡង់ ពិតមែន តែយ៉ាងណាលោកបានបដិសេធថា មិនច្រើនដូចរបាយការណ៍របស់បណ្តាញសហគមន៍ការពារព្រៃឡង់ លើកឡើងទេ។ ហើយស្របពេលដែលបទល្មើសនេះ នៅតែបន្តមានដូច្នេះហើយ ទើបប្រសួង បានបង្កើត មន្រ្តីឩស្យាននុរក្ស ប្រមាន ៣០០នាក់ បន្ថែមទៀត នៅដើមឆ្នាំ២០១៧ ដើម្បីចូលរួមទប់ស្កាតការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
បើតាមសមាជិកបណ្តាញសហគមន៍ព្រៃឡង់ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ខែឆ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ នឹងរួមគ្នាធ្វើយុទ្ធនាការព្រៃឡង់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!