ក្រសួងសាធារណការ គ្រោងនឹងបង្កើតចរាចរណ៍ផ្លូវទឹកសម្រាប់ដឹកអ្នកដំណើរ ក្នុងឆ្នាំ ២០១៧
ភ្នំពេញ៖ ក្រសួងសាធារណការ គ្រោងនឹងបង្កើតចរាចរណ៍ផ្លូវទឹកសម្រាប់ដឹកអ្នកដំណើរ និងទំនិញនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០១៧ ខាងមុខ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផ្លូវគោក និងកាត់បន្ថយការដឹកជញ្ជួនទំនិញធ្ងន់ៗ ដែលនាំឲ្យខូចផ្លូវ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នាថ្ងៃទី ២៨ ធ្នូនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងនឹងដំណើរការការដឹកជញ្ជូនផ្លូវទឹកក្នុងកំឡុងឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីការបន្ថយការកកស្ទះចរាចរណ៍ និងការដឹកទំនិញធ្ងន់ៗ ដែលធ្វើឲ្យផ្លូវខូចខាត ក្នុងរាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុល បានអះអាងបន្តថា ដើម្បីឲ្យការចរាចរណ៍លើផ្លូវទឹក មានភាពងាយស្រួលសម្រាប់អ្នកដំណើរ ក្រសួងនឹងបង្កើតកំពង់ផែមួយចំនួនទៀត ដូចជាពីទីតាំងកំពង់ចម្លងព្រែកព្នៅ ទៅផ្សារចាស់ និងបន្តរហូតដល់ក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល បន្ថែមទៀត រួមទាំងបង្កើនរថយន្តក្រុងនៅតាមតំបន់នោះថែមទៀតផងដែរ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម គាំទ្រចំពោះគម្រោងនេះ។ ប៉ុន្តែលោកថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ លុះត្រាតែក្រសួងធ្វើយ៉ាងណាឲ្យមានតុល្យភាពនៃការអភិវឌ្ឍទាំងនៅរាជធានី និងជនបទ ព្រោះថា ការកកស្ទះចរាចរណ៍ខ្លាំងបណ្តាលមកពីកំណើនមនុស្ស និងការអភិវឌ្ឍ។
គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ តំបន់ដែលមានផ្សារភាគច្រើនតែងតែមានការកកស្ទះចរាចរណ៍ស្ទើរតែជារៀងរាល់ថ្ងៃ ដូចជា នៅក្បែវវត្តសន្សំកុសល ផ្សានៅស្ពានដែកស្ទឹងមានជ័យ ផ្សាសាមគ្គី និងកន្លែងមួយចំនួនទៀត បានយកចំណីផ្លូវធ្វើអាវជីកម្ម ទាំងស្រស់ៗ គ្មានចំណាក់ការពីអាជ្ញាធរ។ នៅទីតាំងផ្សារដើមគ និងផ្សារនាគមាស គឺជាកន្លែងដែលឈ្នួញនាំបន្លែគ្រប់មុខពីបណ្តាខេត្តនានាជាពិសេសយកមកពីប្រទេសវៀតណាមជាង៨០ភាគរយដើម្បីបោះដុំនឹងលក់រាយលើចំណីផ្លូវសាធារណៈធ្វើឲ្យស្ទះចរាចរណ៍ និងមិនគិតគូពីផ្លូវសម្រាប់អ្នកធ្វើដំណើរ ឬផ្លូវសម្រាប់ផ្សារលក់ដូរ។
ដោយកញ្ញា ចាន់ សុវណ្ណដារី៖
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!