សាលាសង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ សម្រេចមិនលុបឈ្មោះជនបរទេសជិត ២០០ នាក់ ក្នុងបញ្ចីរបោះឆ្នោតថ្មី
ភ្នំពេញ៖ សាលាសង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្រេចមិនលុបឈ្មោះជនបរទេស កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែប្រមាណជិត២០០ នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលគណបក្សប្រឆាំង បានប្តឹង បន្ទាប់ពីមានការឯកច្ឆ័នដោយមតិភាគច្រើនពីសមាជិកគណបក្សប្រជាជនកម្ពុជា។ រាយការណ៍បន្តដោយកញ្ញា ចាន់ សុវណ្ណដារី៖
លោក ស នាង ចៅសង្កាត់រងទី២ នៃសង្កាត់ឃ្មួញ បានឲ្យដឹងថា ចៅសង្កាត់ឃ្មួញ លោកសួង ម៉ុក បានសម្រេចមិនលុបឈ្មោះជនបរទេស កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១៩២ នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មី តាមការប្តឹងពីភាគីគណបក្សសង្គ្រោះជាតិនោះទេ ដោយសារតែមានការឯកភាពពីសមាជិកមកពីគណបក្សប្រជាជន ដែលមានចំនួនច្រើនជាង។
ការលើកឡើងនេះ បន្ទាប់ពីសវនាការពាក់ព័ន្ធនឹងពាក្យបណ្តឹងលុបឈ្មោះជនអន្តោវប្រវេសន៍ កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅថ្ងៃទី ១២ មករា ២០១៧ នៅសាលាសង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលភាគីគណបក្សសង្គ្រោះ បានប្តឹងក្នុងពេលកន្លងទៅ ដោយពួកគេបានអះអាងថា បានរកឃើញ ជនបរទេសទាំងនោះ មិនមានព្រះរាជក្រឹត្យអនុញ្ញាតិពីព្រះមហាក្សត្រ ស្តីពីជាតុបនីយកម្មនោះទេ។
លោក ហែន សារែន ភ្នាក់ងារសង្កេតការគណបក្សសង្គ្រោះជាតិ និងជាដើមបណ្តឹង បានលើកឡើងថា លោកសោកស្តាយ ដែលសាលាសង្កាត់ សម្រេចមិនលុបឈ្មោះជនបរទេសទាំងនោះ ព្រោះលោកបានរកឃើញថា ជនបរទេសទាំងនោះពិតជាកាន់អត្តសញ្ញាណបណ្ណក្លែងក្លាយពិតប្រាកដមែន។ លោក យល់ថា ការសម្រេចនេះ ដោយសារមានការឯកភាពពីមតិភាគច្រើន គឺសំឡេងភាគីសកម្មជនគណបក្សប្រជាជនកម្ពុជាដល់ទៅ ៩ សំឡេង ដែលច្រើនជាងសំឡេងគណបក្សសង្គ្រោះជាតិ ដែលបដិសេធលុបឈ្មោះ មានត្រឹម ២ សំឡេង។
គួរបញ្ជាក់ដែរថា ក្នុងសវនការនេះ មិនបានបើកទូលាយ សម្រាប់ពលរដ្ឋ ឬបុគ្គលណាក្រៅពីអ្នកពាក់ព័ន្ធនោះទេ គឺអនុញ្ញាតិឲ្យតែអ្នកពាក់ព័ន្ធប្រមាណជាង ១០ នាក់ ចូលរួមតែប៉ុណ្ណោះ ដែលការធ្វើនេះ គឺខុសពីអ្វីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ធ្លាប់បានប្រកាសថា រាល់ការបើកសវនាការពាក់ព័ន្ធនឹងការបណ្តឹងតវ៉ា ត្រូវធ្វើជាសាធារណៈ។
បើតាមចៅសង្កាត់រងទី ២ បានឲ្យដឹងថា អ្នកចូលរួមក្នុងសវនាការកាលពីម្សិកមិញនោះ រួមមាន លោកសួង ម៉ុក ចៅសង្កាត់ឃ្មួញ សកម្មជនភាគីគណបក្សប្រជាជនកម្ពុជាចំនួន ៩ រូប និងភាគីសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២រូប ដែលជាដើមបណ្តឹង ។
ពាក់ព័ន្ធនឹងការរឹតត្បឹតមិនឲ្យអ្នកពាក់ពន្ធចូលរួមនេះ លោក មាស សុភា សមាជិកក្រុមប្រឹក្សាខណ្ឌសែនសុខ ដែលត្រូវបានអាជ្ញាធរនៅហាមមិនឲ្យរួមក្នុងសវនការនោះ យល់ថា ការធ្វើបែបនេះ គឺខុសនឹងច្បាប់ គជប ព្រោះថា ប្រជាពលរដ្ឋទូទៅមានសិទ្ធិចូលរួមអង្កេត និងឃ្លាំមើលរាល់សកម្មភាពដែលទាក់ទងនឹងដំណើរការបោះឆ្នោត។ លោកថា យ៉ាងណាក៏ដោយ លោកនឹងជម្រុញឲ្យពាក្យបណ្តឹងនេះ ទៅដល់ដៃក្រុមប្រឹក្សាឃុំសង្កាត់បន្តទៀត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ១៣ មករានេះថា ការសម្រេចលុប ឬមិនលុបឈ្មោះជនបរទេសទាំងនោះ ជាសិទ្ធិរបស់ចៅសង្កាត់ ប៉ុន្តែបើដើមបណ្តឹងមិនឯកភាព អាចដាក់ពាក្យប្តឹងមក គជប ផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយបន្ត។
ចំពោះការរឹតត្បឹតសិទ្ធិអ្នកចូលរួមវិញ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា មិនទាន់មានវិធានការ ឬចំណាត់ការណាមួយនៅឡើយទេ ព្រោះគជប មិនបានដឹងពីស្ថានភាព និងបញ្ហាចោទអ្វី ដែលធ្វើឲ្យសាលាសង្កាត់នោះមានការរឹតត្បឹតដូច្នេះ។ តែលោក មានប្រសាសន៍ថា ការដោះស្រាយក្នុងសវនការ គឺត្រូវតែបើកចំហជានិច្ច សម្រាប់អ្នកចូលរួម។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ នៅកម្ពុជា ហៅកាត់ថា និកហ្វិក បានឲ្យដឹងថា គជប គួរតែលុបឈ្មោះជនបរទេសទាំងឡាយណា ដែលមិនមានព្រះរាជក្រឹត្យទទួលស្គាល់ដោយព្រះមហាក្សត្រកម្ពុជាចេញ ដើម្បីធានាថា ការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ ខាងមុខ ប្រព្រឹត្តទៅត្រឹមត្រូវ និងគុណភាព។ លោកក៏ស្នើឲ្យគជប ពិនិត្យឡើងវិញ ចំពោះករណីនេះផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល ៣ ខែ ប្រជាពលរដ្ឋខ្មែរ បានចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីបាន ប្រមាណជាង ៧លាន ៨ សែននាក់ ឬស្មើនិង៨១.៣៧% ក្នុងចំណោមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុបប្រមាណជាង ៩ លាននាក់ ហើយក្នុងនោះ គជប បានរកឃើញឈ្មោះស្ទួន ប្រមាណ ១៩០០០ ឈ្មោះ និងសម្រេចលុបចេញពីបញ្ចីប្រមាណជាង៨០០០ ឈ្មោះ។ ក្នុងនោះផងដែរ ចំពោះភាពមិនប្រក្រតីមួយចំនួន ដែលប្រជាពលរដ្ឋបានរកឃើញក្នុងបញ្ចីថ្មីនេះ គជប ប្រកាសថា អាចធ្វើការប្តឹងតវ៉ាបាន ក្នុងរយៈពេល ១០ ថ្ងៃ ដោយចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៤ មករា ឆ្នាំ ២០១៧ ដែលនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់ ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!