អាជ្ញាធរថៃ ហាមឃាត់ប្រជាពលរដ្ឋខ្មែរ មិនឲ្យចូលផ្សាររុងក្លឿ ក្រោយអាជ្ញាធរខ្មែរប្រកាសឈប់យកលុយថ្លៃសំបុត្រ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៣ មករានេះ អាជ្ញាធរថៃ បានធ្វើហាមឃាត់ប្រជាពលរដ្ឋខ្មែរ មិនឲ្យចូលក្នុងផ្សាររុងក្លឿ ដូចសព្វដង បន្ទាប់ពីរដ្ឋបាលខេត្តបន្ទាមានជ័យ បានចេញលិខិតមួយច្បាប់ដោយមិនបានពិភាក្សាជាមួយភាគីថៃ នៅថ្ងៃទី ១២ មករា សម្រេចបញ្ឈប់ការយកកម្រៃ ១០០០ រៀល ឬស្មើ ១០ បាត ក្នុងការលក់លិខិតអនុញ្ញាតិបណ្តោះអាសន្ន ចេញចូលផ្សាររុងក្លឿប្រទេសថៃ ពីប្រជាពលរដ្ឋខ្មែរ។
បើតាមលិខិតដែលចុះហត្ថលេខា ដោយអភិបាលខេត្ត លោក សួន បវរ ការអនុវត្តឈប់យកលុយពីប្រជាពលរដ្ឋ ចេញចូលក្នុងរុងលក្លឿនោះ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី ១៣ មករាឆ្នាំ ២០១៧ ។
លោក សុំ ចាន់គា មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាប់មានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃ សុក្រ ទី ១៣ មករានេះ មានការកកស្ទះចរាចរណ៍មួយរយៈពេលនៅក្បាលស្ពានកម្ពុជា ថៃ ដោយសារតែថៃ មិនអនុញ្ញាតឱ្យប្រជាជនខ្មែរចូល។ លោកបន្តថា ការដែលមានការរារាំងបែបនេះ ព្រោះអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញលិខិតដោយមិនបានពិភាក្សាឲ្យបានល្អិតល្អិន និងមិនបានប្រជុំជាមួយគណៈកម្មការឲ្យបានច្បាស់លាស់ ដែលជាហេតុធ្វើឲ្យភាគីថៃ មិនបានដឹង ទើបមានការរារាំងយ៉ាងដូច្នេះ។
ជាមួយគ្នានេះ លោក សុំ ចាន់គា បានធ្វើការរិះគន់ ចំពោះបញ្ហានេះថា ជាការធ្វើការតាមអារម្មណ៍ ដោយមិនបានគិតពីផលប៉ះពាល់ក្នុងពេលខាងមុខ ហើយលោកបានអះអាងថា ការបញ្ឈប់ការយកប្រាក់ក្នុងតម្លៃ ១០០០ រៀល ឬស្មើនឹង ១០ បាតនេះ មិនមែនជារឿងថ្មីអ្វីនោះទេ ដោយលោកមើលឃើញថា ដោយសារតំបន់នេះ តែងតែមានរឿងអាស្រូវមិនចេះចប់ នឹងដើម្បីប្រជាប្រិយភាព ស្តារមុខមាត់របស់ខ្លួនឡើងវិញ ក៏សម្រេចចិត្តយ៉ាងរហ័សបែបនេះ។
លោក សុំ ចាន់គា បានលើកឡើងបន្ថែមថា ក្នុងករណីនេះ អាជ្ញាធរ ត្រូវតែគិតគូពីផលប្រយោជន៍ សុខទុក្ខរបស់រាស្ត្រ ដូចនេះ ការយកកម្រៃសូម្បីតម្លៃតិចតួចយ៉ាងដូច្នេះ ច្បាស់ណាស់ គឺត្រូវតែលប់បំបាត់។
យ៉ាងណាក្រោយអនុវត្តតាមប្រសាសន៍របស់លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំថា អាជ្ញាធរ ចុះសហការជាមួយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដោយធ្វើការសម្របសម្រួលជាមួយភាគីថៃ ចែកសំបុត្រជូនប្រជាពលរដ្ឋ និងក្រុមអាជីវករ កម្មករដែលចេញចូលផ្សារថៃ ដោយមិនគិតតម្លៃសំបុត្ររួចហើយ បន្ទាប់ពីមានការកក់ស្ទះ ប្រហែលជាង ១០ នាទី។
ក្នុងនោះ លោកបញ្ចាក់ថា ភាគីកម្ពុជា បានចចារជាមួយភាគីថៃ ស្នើឲ្យបញ្ឈប់ការលក់សំបុត្រតម្លៃ១០០០រៀល (១០បាត) ជារៀងរហូត ដោយទុកតែអ៉ីកាត កាតកូតចេញ-ចូល ដែលចេញដោយភាកីថៃ សម្រាប់សំគាល់អត្តសញ្ញាណតែប៉ុណ្ណោះ។
ជាងនេះទៅទៀត លោក ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍ច្រាលចោល ចំពោះការិះគន់ ដែលថា អាជ្ញាធរសម្រេចចេញសេចក្តីសម្រេចលុបការយកលុយនេះ លឿនពេក ដោយមិនគិតឲ្យច្បាស់លាស់ ដែលលោកចាត់ទុកថា ការលើកឡើងទាំងនេះ គឺជាគំនិតអគតិ ចាំតែប្រឆាំង ដោយមិនដែលទទួលយកអ្វីដែលអាជ្ញាធរបានធ្វើនោះទេ។
កន្លងទៅប្រជាពលរដ្ឋដែលឆ្លងកាត់ចូលទៅកាន់ផ្សាររុងក្លឿរ ស្រុកអារញ្ញា ប្រទេសថៃ ត្រូវភាគីកម្ពុជាថៃ តម្រូវឲ្យប្រើប្រាស់សំបុត្រ ២ប្រភេទ គឺសំបុត្រឆ្លងដែនពណ៌ស ក្នុងតម្លៃ១០០០រៀល និងមួយប្រភេទទៀត ជាប្រភេទ អ៊ីកាត ដែលចេញដោយភាគីថៃ មានរយៈពេល ៦ ខែ ក្នុងកាតមួយ តម្លៃ ១៥០០០រៀល ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!